តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​សម្រេច​ចាក​ចេញពី​កម្ពុ​ជាមួយ​រយៈ ដើម្បី​ទៅ​បំពេញបេសកកម្ម​នៅ​អា​មេ​រិ​ក​ពី​រស​ប្ដា​ហ៍​។ ការ​សម្រេច​ចាកចេញ​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន ពី​កម្ពុជា​នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​លោក​ប្រកាស​ផ្អាក​សកម្មភាព​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន ឲ្យ​អាស៊ី​សេរី​ដឹង​ថា មូលហេតុ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ដើម្បី​ជួបជុំ​សមាគម​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​។ លោក អ៊ូ ច័ន្ទ​រ័​ត្ន គឺជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​នា​ពេល​កន្លង​មក លោក​បាន​ធ្វើការ​ទាមទារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ប្ដឹង​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​។ ក្រោយ​ការ​ទាមទារ​នេះ​បរាជ័យ ក៏​ប្រកាស​ផ្អាក​ការ​ទាមទារ​នេះ​មួយ​រយៈ​។

កាលពី​ថ្ងៃ​ទី​១២ ខែឧសភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​រ័​ត្ន ឲ្យ​ដឹង​ថា ការ​ផ្អាក​ការ​ទាមទារ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ធ្វើ​តាម​ការ​សម្រេចចិត្ត​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ត្បិត​អី​ការ​ទាមទារ​កន្លង​មក​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ ថែម​ទាំង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ កាន់តែ​ក្ដៅ​ថែម​ទៀត​។

លោក​បន្ត​ថា ការ​ផ្អាក​នេះ​មិនមែន​មាន​ន័យ​ថា លោក​បញ្ឈប់​ការ​ទាមទារ​នោះ​ទេ​។ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ហើយ លោក​នឹង​បន្ត​ការ​ទាមទារ​ឡើង​វិញ​។ លោក​ថា ការ​ផ្អាក​នេះ ក៏​ជា​ការ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ពិចារណា​សម្រេចចិត្ត​មិន​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​ម​ខ​។ លោក អ៊ូ ច័ន្ទ​រ័​ត្ន​មិន​ទាន់​ប្រាប់​លម្អិត​ពី​ផែនការ​របស់​លោក នៅ​ក្រៅប្រទេស​ឡើយ​។ អ្នកវិភាគ​មើលឃើញ​ថា ការ​ចេញ​ទៅ​ក្រៅប្រទេស​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន នៅ​ពេល​នេះ អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​នៃ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ដែរ​។ អ្នកវិភាគ​នយោបាយ​យល់​ថា ការ​សម្រេចចិត្ត​របស់​លោក អ៊ូ ច័ន្ទ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​អ្នកនយោបាយ បើ​គេ​ធ្វើ​អ្វីមួយ​មិន​បាន​ជោគជ័យ គឺ​រក​ច្រកចេញ​ផ្សេង​ទៀត​។

អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក ហង្ស វិទូ មើលឃើញ​ថា ការ​ផ្អាក​សកម្មភាព​ទាមទារ​នៅ​ក្នុង​ប្រទេស​របស់​លោក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្សប្រឆាំង​រូប​នេះ ព្រោះ​គាត់​កំពុង​រក​យុទ្ធសាស្ត្រ​ថ្មី​វិញ​ម្ដង​។ អ្នកវិភាគ​រូប​នេះ​យល់​ថា លោក អ៊ូ ច័ន្ទ​រ័​ត្ន គឺ​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​ប្រហែលជា មាន​ប្រសិទ្ធភាព​ជាង​ការ​ទាមទារ​នា​ពេល​កន្លង​មក​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន គឺជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ក្នុង​ចំណោម​អ្នកនយោបាយ​ចំនួន ១១៨​នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​របប​លោក ហ៊ុន សែន ហាមឃាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​។ ក្រោយ​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ជា​តំណាងរាស្ត្រ​ម្នាក់​បាន​ធ្វើការ​ទាមទារ​នៅ​ក្នុង​ប្រទេស ដោយ​បាន​ដាក់​ឯកសារ​ប្ដឹង​ជំទាស់​ទៅ​តុលាការ ចំពោះ​ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅពី​នេះ​លោក​ក៏​បាន​កំពុង​ប្រមូល​ស្នាម​មេដៃ​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះ​លែង​លោក កឹ​ម សុខា​។ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​លទ្ធផល ឬ​ការ​ឆ្លើយ​តប​នោះ​ទេ​៕

ប្រភព RFA

Comments

comments