នៅ​ចំពោះ​មុខ​សេដ្ឋី​ៗ​នៅ​ស្រុក​ខ្មែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុម​សេដ្ឋី​ៗ​ទាំងនោះ​គួរ​ទិញ​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ជិះ ។

បើ​តាម​លោក ហ៊ុន សែន ការណ៍​ដែល​លោក​លើក​យោបល់​ឲ្យ​អ្នកមាន​ៗ ឬ សេដ្ឋី​ៗ​នៅ​ស្រុក​ខ្មែរ​ទិញ​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ជិះ​ផ្ទាល់ខ្លួន​នេះ​គឺ ដើម្បី​ជួយ​បង្ក​លក្ខណៈ ងាយស្រួល​ដល់​ការ​បំពេញការងារ និង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​ទៅ​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ គ្រា​មាន​បញ្ហា​នានា ដូច​ជា​គ្រោះ​ទឹកជំនន់​ជាដើម ។

លោក​ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែងប្រាប់​ជា​សាធារណៈ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​វឌ្ឍនៈ កា​ពី​តា​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​ស្ថានីយ៍​រថភ្លើង ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។

នៅ​ក្នុង​ពិធី​ដែល​គេ​សង្កេត​ឃើញ​មាន​សេដ្ឋី ឬ អ្នកមាន​ៗ​ជា​ច្រើន​ចូលរួម​នោះ លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឯកឧត្តម​ៗ អស់លោក​ឧកញ៉ា ដែល​មាន​ប្រាក់​កាក់​ហើយ​គួរតែ​ខំ​នាំ​គ្នា អាច​នឹង​ចំណាយធនធាន​ខ្លះ ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យក​មក​ជិះ​ទៅ​, ខ្ញុំ​និយាយ​ដូច្នេះ​កុំ​ថា​ខ្ញុំ​ជា​អ្នក​ឆ្លាត ឬ​ខ្ញុំ​ចង់​ឲ្យ​អស់លោក​ក្លាយជា​អ្នក​ជិះ​យន្ដហោះ ក៏​ប៉ុន្ដែ​រដ្ឋាភិបាល​អាច​មាន​ផលប្រយោជន៍ ពី​កាលដែល​អស់លោក ទិញ​ឧទ្ធម្ភាគចក្រ​យក​មក​ប្រើប្រាស់​ក្នុង​ប្រទេស​»​។

បើ​តាម​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​«​ឯកឧត្តម និង​ឧកញ៉ា​នៅ​ប្រទេស​កម្ពុជា​មាន​លុយ​ច្រើន​ៗ​ណាស់ ដូច្នេះ​ហើយ​ឧទ្ធម្ភាគចក្រ​តម្លៃ​៤-៥​លាន​ដុល្លារ គួរតែ​ទិញ​ជិះ​ទៅ រួច​ហើយ​អាច​ឲ្យ​កងទ័ពអាកាស​ជួយ​គ្រប់គ្រង និង​ជួយ​បើកបរ​ផង​ដែរ »​។

គិត​ត្រឹម​ឆ្នាំ​២០១៤ ចំនួន​ឧកញ៉ា​នៅ​ស្រុក​ខ្មែរ​មាន​ជាង​៧០០​នាក់ នេះ​មិន​គិតដល់​អ្នកមាន​លុយរាប់​រយ​នាក់​ផ្សេង​ទៀត​ដែល​លាក់​មុខ​មិន​ចេញ​ឈ្មោះ ៕

Comments

comments