លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​មិន​ខ្វល់​ចំពោះ​នរណា​ហៅ​លោក សំខាន់ ហ៊ុន សែន នៅ​តែ​ជា ហ៊ុន សែន ដែល​តំណាង​ឲ្យ​ជាតិ​សាសន៍​មួយ​ពិតប្រាកដ ។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បន្ទាប់​ពី​លោក​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​«​នៅ​ប្រទេស​កុម្មុយនីស្ត​គេ​ហៅ​ខ្ញុំ​ថា ជា​ជន​សេរី​ដល់​ទៅ​ប្រទេស​សេរី គេ​ហៅ​ខ្ញុំ​ថា គឺជា​ជន​កុម្មុយនីស្ត ដូច្នេះ​តើ​ខ្ញុំ​ជា​អ្វី ? តែ​អ្វី​ដែល​ខ្ញុំ​មាន​ជំនឿ​ពិតប្រាកដ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ជា​តំណាង​ជាតិ​សាសន៍​មួយ ដែល​ប្រកបដោយ​មោទកភាព ទោះ​អ្នក ណា​ហៅ​ខ្ញុំ​ជា​អ្វី​ខ្ញុំ​មិន​ខ្វល់ អ្វី​ដែល​សំខាន់​គឺ​ហ៊ុន សែន នៅ​តែ​ជា​ហ៊ុន សែន ពិតប្រាកដ​តែ​ប៉ុណ្ណោះ​» ។

លោក ហ៊ុន សែន ក៍បាន​រំ​ឮ​ក​អំឡុង​ពេល​ទៅ​កាន់​ប្រទេស​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត (​បច្ចុប្បន្ន​ប្រទេស​រុ​ស្សី​) ដោយ​បញ្ជាក់​ថា លោក​ពិតជា​មាន​វាសនា​អភ័ព្វ នៅ​ពេល​ទៅ​ដល់ទី​ក្រុង​ម៉ូ​ស្គូ ដោយសារ​លោក​មិន​ដែល​បាន​ជួប​ជាមួយ​ថ្នាក់​ដឹ​នាំ​ប្រទេស​សង្គមនិយម​ទេ គេ​តែងតែ​ដាក់​លោក ជាមួយ​គណៈប្រតិភូ​ប្រទេស​កំពុង អភិវឌ្ឍន៍ ដោយ​គេ​ចាត់​ទុក​កម្ពុជា​មិនមែន​ជា​ប្រទេស​កុម្មុយនីស្ត ឬ​ប្រទេស​សង្គមនិយម​នោះ​ទេ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ខាងលើ​យ៉ាង​ដូច្នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​វឌ្ឍនៈ កា​ពី​តា​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​ស្ថានីយ៍​រថភ្លើង ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ៕

Comments

comments