ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​ស៊ី​ម៉ា ខេត្តមណ្ឌលគិរី គ្រោង​ប្ដឹង​ក្រុមហ៊ុន​ចិន រ៉ុ​ង ឆេ​ង ឲ្យ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​ឃុបឃិត​គ្នា ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បើក​អាជីវកម្ម​រុករក​រ៉ែ​មាស​ខុសច្បាប់ បែប​អនាធិបតេយ្យ បណ្ដាល​ឲ្យ​សត្វពាហនៈ​អ្នក​ភូមិ​ងាប់ ២០​ក្បាល កាលពី​ពេល​ថ្មី​ៗ នេះ​។ ការ​រុករក​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​នេះ ក៏​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹក​ប្រើប្រាស់​របស់​ជនជាតិ​ដើម​ផង​ដែរ​។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ចំនួន ៣ ក្នុងស្រុក​កែវ​ស៊ី​ម៉ា ខេត្តមណ្ឌលគិរី ខ្វល់​ពី​ទំហំ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម កាន់តែ​រីក​ធំ​ឡើង ដោយសារ​ឥទ្ធិពល​អាជីវកម្ម​រុករក​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន បាន​ប្រើ​សារធាតុ​គីមី​ចូល​ទឹកអូរ​ធម្មជាតិ បណ្ដាល​ឲ្យ​អ្នក​ភូមិ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​រស់នៅ និង​លំបាក​ចិញ្ចឹម​សត្វពាហនៈ​ជាដើម​។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ឧសភា​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​កំពុង​ពិភាក្សា​គ្នា ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​អង្គការ​សង្គម​ស៊ី​វិល បំណង​សង្គ្រោះ​ទឹកអូរ​ធម្មជាតិ និង​បរិស្ថាន​។ លោក​បារម្ភ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល គំរាមកំហែង និង​រឹតត្បិត​ពួក​គាត់​មិន​ឲ្យ​នាំ​គ្នា​ដាក់​ពាក្យបណ្ដឹង​រឿង​នេះ ព្រោះ​កន្លង​ទៅ​នគរបាល​ធ្លាប់​គំរាម​ពួក​គាត់​មិន​ឲ្យ​តវ៉ា​៖ «»​។

បុរស​ដដែល​បន្ថែម​ថា កាលពី​ពេល​ថ្មី​ៗ នេះ សត្វពាហនៈ​អ្នក​ភូមិ​ងាប់ ២០​ក្បាល​ជា​ថ្មី​ទៀត នៅ​ពេល​ដែល​អ្នក​ភូមិ​ប្រលែង​ចូល​ព្រៃ​ផឹកទឹក​អូរ​មាន​ជាតិពុល ក្បែរ​អាជីវកម្ម​រ៉ែ​មាស​។ លោក​បញ្ជាក់​ថា ក្រោយ​ពី​គោក្របី​ពលរដ្ឋ​ផឹក​អូរ​នៅ​តំបន់​នោះ កើត​មាន​អាកា​រៈ​ខុសធម្មតា មិន​ស៊ី​ស្មៅ បែកពពុះមាត់ និង​ប្រកាច់​ស្លាប់​ភ្លាម​ៗ តែ​ម្ដង​។ លោក​បន្ថែម​ថា អ្នក​ភូមិ​រស់នៅ​តំបន់​នោះ កំពុង​នាំ​គ្នា​ប្រមូល​គោក្របី​ទុក​នៅផ្ទះ និង​ត្រៀម​លក់​ចេញ​។ លោក​កត់​សម្គាល់ថា កន្លង​ទៅ​ក៏​មាន​អ្នក​ភូមិ​ខ្លះ​នៅ​សុខ​ៗ ប្រកាច់​ស្លាប់​ភ្លាម​ៗ នៅ​ហ្នឹង​កន្លែង ដោយ​មិនដឹង​មូលហេតុ ហើយ​បាតុភាព​នេះ​កើត​ឡើងជា​រឿយ​ៗ ៖ «»​។

មេឃុំ​ស្រែក​ឈូក លោក តិ ឃិ​ត ទទួលស្គាល់​ថា ពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន ៣ នៃ​ឃុំ​ស្រែ​ឈូក ងាប់​គោក្របី​អស់ ២០​ក្បាល​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ លោក​ថា ក្រោយ​ពី​កើត​មាន​បាតុភាព​នេះ លោក​បាន​ផ្ដល់​ដំណឹង​ទៅ​ថ្នាក់លើ​។ ចំណែក​មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ ដែល​គោ​ងាប់​។ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​នៅឡើយ​៖ «»​។

អភិបាលរង​ខេត្តមណ្ឌលគិរី លោក ចាន់ ថា ប្រាប់​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី​២២ ឧសភា ថា ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុ​ង ឆេ​ង ពុំ​ទាន់​មានច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅឡើយ​ទេ​។ លោក​ថា ប្រសិនបើ​សហគមន៍​ប្រទះ​ឃើញ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម ហួស​ពី​អាជ្ញាប័ណ្ណ សហគមន៍​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​ច្បាប់​។

សហគមន៍​ដែល​បាន​ទៅ​ដល់ទី​តាំង​អាជីវកម្ម​នោះ បាន​ប្រទះ​ឃើញ​ក្រុមហ៊ុន​ចិន រ៉ុ​ង ឆេ​ង ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​រ៉ែ​ត្បូង​ច្រើន​ឆ្នាំ​មក​ហើយ​។ លើស​ពី​នេះ​ទៀត ក្រសួងបរិស្ថាន​បាន​សាងសង់​ទីស្នាក់ការ​ប្រចាំការ​នៅ​តំបន់​នោះ​ដែរ និង​បាន​ដាក់​ឆ្មាំ​អភិរក្ស​ឈរជើង​នៅ​ទីនោះ ក៏​ប៉ុន្តែ​ពួក​គេ​មិន​ដែល​ឃើញ​មន្ត្រី​ទាំងនោះ​ជួយ​មើល​ការ​ខុស​ត្រូវ ទប់ស្កាត់​បទល្មើស​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ​ទេ​។

ចំណែក​អាជ្ញាធរ​តូចតាច មិន​ហ៊ាន​ក្អក​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​តំបន់​នោះ​ដែរ ហើយ​ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​ណា​ហាន​ងើប​តវ៉ា នឹង​ប្រឈម​ការ​ដក​ដំណែង​។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អា​ឡិ​ក​ហន់​ដ្រូ ហ្គ​ន់​សា​ឡេ​ស ដេ​វិត​សុ​ន (Alejandro Gonzalez Davidson) រក​ឃើញ​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ធំធេង បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​បរិស្ថាន និង​សង្គម ព្រោះ​បណ្ដាញ​ទឹកអូរ​ធម្មជាតិ​នៅ​តំបន់​នោះ ប្រទាក់ក្រឡា​គ្នា​ខ្វាត់ខ្វែង បាន​ហូរ​ឆ្ពោះ​មក​កាន់​អាង​ទន្លេមេគង្គ ខេត្តក្រចេះ​។ លោក​ថា ជាតិពុល​ដែល​ក្រុមហ៊ុន​បង្ហូរ​ចូល​ទឹកអូរ វា​នឹង​ហូរ​បន្ត សំដៅ​មក​ទន្លេមេគង្គ បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ ដែល​អាស្រ័យ​ផល​ទឹកទន្លេ​មេគង្គ និង​ជីវចម្រុះ​៖ «»​។

លោក​បន្ថែម​ថា រដ្ឋមន្ត្រី​មួយ​ចំនួន​មិន​ហ៊ាន​ជាមួយ​អំណាច​របស់​ក្រុមហ៊ុន​ចិន​នោះ​ទេ ព្រោះតែ​ក្រុមហ៊ុន​នោះ បាន​ជួល​អ្នកមាន​អំណាច​មួយ​ចំនួន ធ្វើ​ជា​អ្នក​កាង​អាជីវកម្ម​ឲ្យ​ខ្លួន​។ លោក​ថា រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ ដែល​ហ៊ាន​លាតត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​មាន​វិធានការ​ដោះស្រាយ​តាម​ច្បាប់ បែរជា​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​ទៅ​វិញ ដែល​លោក​ចាត់​ទុក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​របស់​ខ្លួន ធ្វើ​ការងារ​ត្រឹមត្រូវ​នោះ​ទេ​។ កាលពី​ថ្ងៃ​ទី​២៥ ឧសភា លោក ហ៊ុន សែន ខឹងសម្បារ​នឹង​លោក ចម ប្រសិទ្ធិ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ពី​រឿងអាស្រូវ​របស់រប​បលោក ដែល​មិន​អាច​គ្រប់គ្រង​កាក​សំណល់​រ៉ែ​របស់​ក្រុមហ៊ុន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ពុល​ស្លាប់ និង​ឈឺ​ជា​ច្រើន​រយ​នាក់​ថែម​ទៀត​។

លោក (Alejandro Gonzalez Davidson) បន្ត​ថា នៅ​គ្រា​ដែល​មាន​អំពើ​ពុក​រលួយ​កើត​មាន​ជា​ប្រព័ន្ធ ក្នុង​វិស័យ​រ៉ែ​មាស របប​ក្រុងភ្នំពេញ អាច​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ហើយ​ពលរដ្ឋ​នៅ​តែ​ទទួល​រង​គ្រោះ​ដដែល​។ ហេតុនេះ​ការ​ស៊ើបអង្កេត​បាតុភាព​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ឯករាជ្យ និង​ភាគី​ពាក់ព័ន្ធ​ទើប​មាន​សង្ឃឹម​ខ្លះ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​៖ «»​។

កាលពីដើម​ខែឧសភា ឆ្នាំ ២០១៨ ពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ស្លាប់ ១៨​នាក់ និង​ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ពី​ប្រើ​ទឹក​ព្រែក​ទេរ ដែល​មាន​ប្រភព​ពី​ខេត្តមណ្ឌលគិរី មាន​សារធាតុពុល​។ រីឯ​ពលរដ្ឋ​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​អាកា​រៈ​ខុស​ប្រក្រតី​ជាង ៨០​នាក់​ដែរ ក្រោយ​ពី​ប្រើប្រាស់​ទឹក​ព្រែក ឬ​អូរ ដែល​មាន​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​ក្បែរ​នោះ​។ សហគមន៍​រស់នៅ​តំបន់​រ៉ែ​មាស បាន​ទម្លាក់​កំហុស​លើ​ក្រុមហ៊ុន​នេះ​ប្រើ​សារធាតុ ស្យា​នី​ដ (Cyanide) ចម្រាញ់​មាស​បង្ហូរ​កាក​សំណល់​ចូល​ទឹក បង្ក​ឲ្យ​កម្រិត​ទឹក​មាន​ជាតិពុល​ខ្ពស់​បំផុត អាច​សម្លាប់​ជីវិត​មនុស្ស​ភ្លាម​ៗ៕

ប្រភព RFA

Comments

comments