ក្រុម​មន្ត្រី​នគរបាល​ខេត្តតាកែវ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​បាន​ឡើង​ស័​ក្កិ និង​តួនាទី​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​បង់លុយ​ចាប់ពី​ប្រាំ​រយ​ដុល្លារ ដល់​ប្រាំមួយ​ពាន់​ដុល្លារ ។

ក្រុម​មន្ត្រី​ដដែល​បាន​បន្ដ​ទៀត​ថា មន្ត្រី​ដែល​បាន​ឡើង​ស័​ក្កិ​ត្រូវ​ចំណាយ​អស់​ប្រាំ​រយ​ដុល្លារ និង​មន្ត្រី ដែល​បាន​ឡើង​តួនាទី គឺ​ត្រូវ​ចំណាយ​លុយ​ចាប់ពី​ប្រាំ​ពាន់​ដុល្លារ​ឡើង​ទៅ ដូច្នេះ​ក្រុម​មន្ត្រី ដែល​បាន​ធ្វើការ​រាប់​ឆ្នាំ​ហើយ​គ្មាន​លុយ គឺ​បាន​តែ​ទៅ​ជួយ​អបអរសាទរ នៅ​ពេល ដែល​ថ្នាក់លើ​ចុះ​មក​បំពាក់​ស័​ក្កិ និង​ធ្វើ​ពិធី​ប្រកាស​ឡើង​តួនាទី​តែ​ប៉ុណ្ណោះ ។

ក្រុម​មន្ត្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តួយ៉ាង​ដូច​ជា​កូនលោក ងា​ន់ សារី អធិការ​ស្រុក​បាទី​ឈ្មោះ​លោក ងា​ន់ ប៊ុ​ណ្ណា ពី​នាយ​ផ្នែក​អត្តសញ្ញាណ​កម្ម មក​ជា​អធិការរង ស្រុក​សំរោង ចំណាយ​អស់​ប្រាំមួយ​ពាន់​ដុល្លារ​, លោក ពៅ ប៊ុ​ន​ឡុ​ង ពី​នាយ​រង​ការិយាល័យ​បុ​គ្គ​លឹ​ក មក​ជា​នាយការិយាល័យ​បណ្ដុះបណ្ដាល ។

ជុំវិញ​ករណី​ខាងលើ​លោក ងា​ន់ សារី អធិការ​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា កូនចៅ​របស់​លោក​ឈ្មោះ ងា​ន់ ប៊ុ​ណ្ណា ពិតជា​បាន​ឡើង​តួនាទី​ពី​នាយ​ផ្នែក​អត្តសញ្ញាណ​កម្ម ទៅ​ជា​អធិការរង​នៅ​ស្រុក​សំរោង​មែន ចំពោះ​រឿង​ចំណាយ​លុយ បើ​លោក​មិន​និយាយ​ផង ហេតុ​អី​បានជា​មាន​អ្នកដឹង​។

ចំណែក​លោក ពៅ លន់ ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា កូន​របស់​លោក​ឈ្មោះ ពៅ​ប៊ុ​ន​ឡុ​ង ដែល​ឡើង​តួនាទី​គឺ​លោក​ស្នើ​សុំ​ថ្នាក់លើ​ដោយ​ផ្ទាល់​។

លោក​បន្ដ​ទៀត​ថា ចំណែក​រឿង​ក្រុម​មន្ត្រី​និយាយ​ថា ពួក​គាត់​គ្មាន​លុយ និង​ខ្សែ ឬ​បក្ខពួក មិន​បាន​សក្តិ និង​តួនាទី មិនមែន​មាន​តែ​ខេត្តតាកែវ​មួយ​នោះ​ទេ ខេត្ត​ណា​ក៏​មាន​ដែរ​។

ចំណែក​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា សូមអ្នក​ការ​សែត​មក​ជួប​លោក​ទៅ លោក​មិន​បានដឹង​រឿង​អី​អស់​ទេ បើ​មក​ជួប​លោក​លោក​នឹង​បង្ហាញ​ឯកសារ​ជូន ៕

ប្រភព Nokorwat

Comments

comments