មន្ត្រីជាន់ខ្ពស់​ចំនួន​៣០​រូប ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​និង​នាយករង​ខុទ្ទកាល័យ​លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា ។

បើ​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៤១៨/៤៦៣ ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​ខ្មែរ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នំា២០១៨ គឺ​ទីប្រឹក្សា​និង​ជា​នាយករង​ខុទ្ទកាល័យ​លោក នៃ ប៉េ​ណា មាន​ឋានៈ​ស្មើ​ចាប់ពី​អគ្គនាយក​រហូត​ដល់​រដ្ឋមន្ត្រី ។

សូម​បញ្ជាក់​ថា ក្រៅពី​មាន​តួនាទី​ជា​អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា លោក នៃ ប៉េ​ណា ក៍​ជា​មន្ត្រី​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច (​គណបក្ស​ប្រជាជន​កម្ពុជា​) និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៥ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កន្លង​មក​មានការ​រិះគន់​អំពី​ចំនួន​ទីប្រឹក្សា ជំនួយការ​របស់​ថ្នាក់ដឹកនាំ​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល​និង​សមាជិក​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ថា មាន​ទីប្រឹក្សា និង​ជំនួយការ​សរុប​រាប់រយ​នាក់ ដែល​ធ្វើ​ឲ្យ​មានការ​ខ្ជះខ្ជាយ​ដល់​ការ​ចំណាយ​ថវិកាជាតិ ខណៈ​ដែល​ការងារ​នោះ​វិញ​មិនសូវ​ជា​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់ ៕

Comments

comments