ពាក្យ​ថា​«​ខ្មែរ​ពូជ​អ្នក​ចម្បាំង​» បាន​ត្រូវ​ខ្មែរ​ភាគច្រើន​ធ្លាប់​ឮ និង​ប្រើ​តាំងពី​រាប់​ជំនាន់​រហូត​មក​ទល់​នឹង​ពេល​នេះ ។ ជាក់ស្តែង​អំឡុង​កាល​ប្រកួត​បាល់ទាត់​ជ​ម្រុ​ហ World Cup ឬក៍​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្សេង​ៗ អ្នក គាំទ្រ​(Fan)​ក្រុមបាល់ទាត់​ជម្រើសជាតិ ឬ​ក្លឹ​ប​អាជីព​របស់​ខ្មែរ បាន​ដាក់​រហ័ស​នាម​ថា​ជា​ក្រុម​ចម្បាំង​អង្គរ ឬ គោព្រៃ​កម្ពុជា​ជាដើម ។

ជា​ការ​ពិត បើ​តាម​សិលាចារឹក ឬ​សៀវភៅ​ឯកសារ គឺ​បាន​បង្ហាញ​ថា ពូជពង្ស​សាវតា​ខ្មែរ ពិតជា​ពូជ​អ្នក​ពង្រីក​ទឹកដី និង​កសាង​ស្ថាបនា​ជាតិ​ឲ្យ​ថ្កុ​ង​ថ្កើង​រុងរឿង​តាម​គោលនយោបាយ​ជាក់លាក់​និង​ច្បាស់លាស់​របស់​ខ្លួន​និង​មានការ​គាំទ្រ​ពី​ប្រជានុរាស្ត្រ​រហូត​ក្លាយជា​ចក្រភព​ខ្មែរ​នា​អំឡុង​សតវត្សរ៍​ទី​១១-១២ ប្រាកដ​មែន ។

យ៉ាងណា​ក៍ដោយ ឆ្លង​តាម​រយៈ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ការ​ដាក់​អាណានិគម​និង​ការ​ផ្សាយ​ចាប់​យក​មនោ​គម​វិទ្យា​បរទេស បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់តែ​ល្បីល្បាញ​ខាង​ពង្រីក​ទឹកដី និង​កសាង​ជាតិ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន​និង​អាស៊ី​នេះ ស្ទើរតែ​រលាយ​ហិនហោច​បាត់ឈ្មោះ​និង​គ្មាន​លើ​ផែនទី​របស់​ពិភពលោក​យើង​នេះ នោះ​គឺ​សង្គ្រាម រាប់​ទាំង​សង្គ្រាម​ខ្មែរ​នឹង​ខ្មែរ​នា​សតវត្សរ៍​ទី​២០​នេះ ។

ការ​បង្ហូរឈាម​ខ្មែរ​នឹង​ខ្មែរ ភាព​ហិនហោច​និង​វិនាសកម្ម​ស្ទើរតែ​រលាយ​ពី​ផែនដី​នោះ ដោយសារ​តែ​ការ​បែកបាក់​សាមគ្គី ការ​ដណ្តើម​និង​ក្តោប​កាន់កាប់​អំណាច​របស់​អង្គ​ព្រះមហាក្សត្រ​និង​បុគ្គល​មួយ​ចំនួន តាម​នយោបាយ ឬ មនោ​គម​វិទ្យា​របស់​បរទេស ក៍​ដូច​ជា​បម្រើ​ម​ហិច​តា​បរទេស​នានា ។

បទ​ពិសោធន៍​និង​មេរៀន​ប្រវត្តិសាស្ត្រ​ដ៍​ឈឺចាប់​ពី​អតីតកាល មេដឹកនាំ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ដឹងខ្លួន​និង​ភ្ញាក់រលឹក ផ្ទុយ​ទៅ​វិញ​ខ្មែរ​នៅ​តែ​បន្ត​បែកបាក់ លាប​ព៌​ណ​គ្នា​គ្មាន​ទី​បញ្ចប់ និង​គ្មាន​ដំណោះស្រាយ ។

ជាក់ស្តែង​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​បាន​និង​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្មែរ​គ្មាន​ថ្ងៃ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​កសាង​ជាតិ​ដ៍​អភ័ព្វ​មួយ​នេះ​ទេ ព្រោះ​មេដឹកនាំ​ខ្មែរ​ប្រើ​ពាក្យ​សុ​ទ្ឋ​តែ​មាន​«​អញ​អត់​អែង មាន​អែង​ត្រូវ​តែ​គ្មាន​អញ​»​និង​បន្ត​ចោទ​គ្នា​«​ក្បត់ជាតិ​»​រៀង​ៗ​ខ្លួន​ទាំង​នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក ។

លើស​ពី​នេះ​ទៅ​ទៀត នោះ​បាន​ប្រើ​វិធី​គ្រប់យ៉ាង​ដើម្បី​កម្ចាត់​គ្នា យក​ពលរដ្ឋ​ជា​ចំណាប់ខ្មាំង គួរ​ឲ្យ​អាណិតអាសូរ​អ្នកគាំទ្រ​ជា​ពន់ពេក​ណាស់ ។

រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​បរទេស​នោះ​ទៀត​សោត គឺ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ ខ្មែរ​បាន​បន្ត​អួត​និង​បង្ហាញ​អំពី​ការ​បែកបាក់​គ្នា​នៅ​ចំពោះ​មុខ​បរទេស ពិសេស​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដោយ​ខ្មែរ​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​គ្នា​លើក​បដា​និង​ស្រែក​គាំទ្រ​លោក ហ៊ុន សែន ឯ​ខ្មែរ​ម្ខាង​ទៀត​ដែល​គាំទ្រ​គណបក្សប្រឆាំង និយាយ​ដោយ​ខ្លី​គាំទ្រ​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ដុត​ទីង​មោង​រូប​លោក ហ៊ុន សែន ដើម្បី​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី តាម​គម្រោង​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧-១៨​មីនា ឆ្នាំ​២០១៨​នេះ ។

មិនដឹង​ថា តើ​ពេល​ណា​អ្នកនយោបាយ​ខ្មែរ​រួបរួម​គ្នា​ឡើង​វិញ​និងបញ្ចប់យកពលរដ្ឋខ្មែរជាចំណាប់ខ្មំាង ហើយរួម​គ្នា​កសាង​ប្រទេស​ឲ្យ​រុងរឿង​ថ្កើងថ្កាន​ដូច​អតីតកាល​..​បើ​មើល​ពី​ស្ថានភាព​បច្ចុប្បន្ន ទំនងជា​គ្មាន​ពន្លឺ​នៃ​ការ​ផ្សះ​ផ្សា​រវាង​មេដឹកនាំ​នយោបាយ​ទាំង​គូភាគី​នេះ​បាន​ទេ ។

បើ​ដូច្នោះ ..​ពលរដ្ឋ​ខ្មែរ​នៅ​តែ​គ្រាំគ្រា​ចិត្ត ..​ឈឺចាប់ .​ហូរ​ឈាម​គ្មាន​ទី​បញ្ចប់​ព្រោះ​មេដឹកនាំ​ខ្មែរ​នៅ​តែ​បន្ត​អនុវត្ត​និង​មោ​ទ​នៈ​ថា​ខ្លួន​ជា​ពូជ​អ្នក​ចម្បាំង ច្បាំង​ទាល់តែ​ហិនហោច ហើយក៍​អាច​នឹង​បាត់ឈ្មោះ​នា​ពេល​អនាគត ..ឱខ្មែរអើយខ្មែរ….៕

Comments

comments