សកម្មជន​បរិស្ថាន​ខេត្តកោះកុង បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដកហូត​បណ្ដា​កោះ​ទាំងអស់​នៅ​ក្នុង​ដែនសមុទ្រ​ស្ថិត​ក្នុង​ខេត្ត​នេះ​ពី​ក្រុមហ៊ុន​ឯកជន ដោយ​ថា ក្រុមហ៊ុន​ឯកជន ពុំ​បាន​អភិវឌ្ឍ​អ្វី​នោះ​ឡើយ ចាប់តាំងពី​ពួក​គេ​ទទួល​បាន​សម្បទាន​។

នៅ​ក្នុង​វី​ដេ​អូ​រយៈពេល ២​នាទី និង ៩​វិនាទី ដែល​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ​មាតា​ធម្មជាតិ សកម្មជន​បរិស្ថាន កញ្ញា លឹ​ម គឹ​ម​ស័​រ បាន​អះអាង​ថា គ្មាន​ការ​អភិវឌ្ឍ​នៅ​លើ​បណ្ដា​កោះ​ទាំង ១៤​នៅ​ស្ថិត​ក្នុង​ដែនសមុទ្រ​នៅ​ក្នុងស្រុក​គិរី​សាគរ​នោះ​ឡើយ បន្ទាប់​ពី​កោះ​ទាំងនោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​«​ដោយ​សម្ងាត់​»​នៅ​ចន្លោះ​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១២​នោះ​។

សកម្មជន​បរិស្ថាន​រូប​នេះ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដកហូត​បណ្ដា​កោះ​ទាំងនោះ​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ ហើយ​បើក​ឲ្យ​សាធារណជន​បាន​ចូល​ទៅ​លេង​កម្សាន្ត​នៅ​លើ​បណ្ដា​កោះ​ទាំងនោះ​។

កញ្ញា លឹ​ម គឹ​ម​ស័​រ បាន​អំពាវនាវ​ថា​៖ «​ដូច្នេះ​បាន​ន័យ​ថា រដ្ឋ​ត្រូវ​និរាករណ៍ សិទ្ធិ​អភិវឌ្ឍន៍ និង​ដកហូត​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ​។ ប៉ុន្តែ ជាក់ស្ដែង យើង​មិនឃើញ​មាន​ចំណាត់ការ​ណាមួយ​ចេញពី​ក្រសួង​ដែល​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​ទេ បើ​ទោះបីជា​សម្ដេច​បាន​ប្រកាស​អំពី​បញ្ហា​នេះ​រួច​ហើយ​ក៏​ដោយ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​ខែមេសា​កន្លង​មកនេះ បាន​បញ្ជា​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​កោះ​នានា​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងនោះ​ពុំ​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​កិច្ចសន្យា​នោះ​ឡើយ​។

លោក​ថ្លែង​ថា​៖ «​កោះ​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ដែល​បាន​ចុះហត្ថលេខា​រាប់​ឆ្នាំ​ហើយ​នោះ ហើយ​មិន​បាន​អនុវត្ត ហើយ​គិតតែ​ពី​ដើរ​លក់​គម្រោង ខ្ញុំ​មិន​ឲ្យ​ទេ លក់​យក​លុយ​គេ គឺ​ជាប់គុក​ខ្លួនឯង​ទេ ចាប់​ដៃគូ​បាន ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​លក់​ទេ ដែល​យើង​ត្រូវ​សើរើ​ពិនិត្យ​មើល ព្រោះ​ចុះហត្ថលេខា​ហើយ មិន​ព្រម​ធ្វើ ដូច​កោះទន្សាយ នៅ​តែ​ទន្សាយ ដក​មុនគេ ដក​កោះទន្សាយ​តែ​ម្តង​»​។

នៅ​ពេល​ទំនាក់ទំនង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃនេះ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្ដា​សោភា បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​វី​អូ​ឌី​។

លោក សុខ ចិន្ដា​សោភា បាន​ប្រាប់​ថា​៖ «​អរគុណ អរគុណ ខ្ញុំ​អត់​មាន​ត្រូវ​សម្ភាស​អី​តាម​ទូរស័ព្ទ​ទេ​»​។

វី​អូ​ឌី​បាន​ព្យាយាម​ស្វែងរក​ការ​ពន្យល់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡោ រ៉ា​វុ​ធ និង​លោក សេង ឡូត ប៉ុន្តែ ពុំ​មាន​នរណា​ទទួល​ទូរស័ព្ទ​នោះ​ឡើយ​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ទិន ពន្លក បាន​ចុច​ផ្ដាច់​ទូរ​សព្ទ​ទៅ​វិញ នៅ​ពេល​វី​អូ​ឌី​បាន​ស្វែងរក​ការ​ពន្យល់​ពី​លោក​។

នាយក​ប្រតិបត្តិ NGO Forum លោក តឹក វ​ណ្ណា​រ៉ា ដែល​ឃ្លាំមើល​ដំណើរ​អភិវឌ្ឍន៍​នៅ​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ ប៉ុន្តែ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ផ្អាក​និយាយ​សារព័ត៌មាន​មួយ​រយៈ ដោយ​ថា ព្រួយបារម្ភ​ជុំវិញ​ស្ថានភាព​នយោបាយ​។

របាយការណ៍​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​វី​អូ​ឌី​ទទួល​បាន បាន​បង្ហាញ​ថា កោះ​ចំនួន​១៦ ដែល​មាន​ផ្ទៃដី​ទំហំ ១៣៤៣,២​ហិ​កតា ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ៩ សម្រាប់​ធ្វើការ​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍ ដោយ​ក្នុង​នៅ​មាន​ទាំង​ក្រុមហ៊ុន LYP Group របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ផង​ដែរ​៕

ប្រភព ៖ VOD

Comments

comments