ភ្នំពេញ ៖ ធ្លាយ​ទុយោ​ធុង​ហ្គា​ស ផ្ទុះ​ឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ហាង​ស៊ុប​ចង្កាក់ នៅ​ខាងក្រោយ​សាលា​ពន្ធដា​សាខា​ទួល​គោក តាម​បណ្ដោយ​ផ្លូវ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់​ពេល កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ។

ម្ចាស់​ហាង​ខាងលើ​មានឈ្មោះ ប៉ោង ឡា​លី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ស៊ុប ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទទួល​គោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុគ្គលិក​ហាង​ស៊ុប បាន​ធ្វើ​ម្ហូប​នៅ​កន្លែង​ចុងភៅ រួច​ក៏​បាន​សាយភាយ​ហ្គា​ស​ចេញ​មក​ក្រៅ បង្ក​ការ​ឆាបឆេះ​តែ​ម្ដង ពេល​នោះ បុគ្គលិក​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ដែរ តែ​មិន​អាច​គ្រប់គ្រង​បាន ហើយ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ខ​ល​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ដល់ទី​តាំង​កើតហេតុ​ចំនួន​៦​គ្រឿង បាន​ប្រើប្រាស់​បាញ់​ពន្លត់​ចំនួន​៤​គ្រឿង​រលត់​ជា​ស្ថាន​ពរ ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ហេតុការណ៍​នេះ មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ គ្រាន់តែ​បង្ក​ឲ្យ​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុង​ហាង​មួយ​ចំនួន តែ​ប៉ុណ្ណោះ ៕

Comments

comments