សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង ដែល​រង​ការ​លប​បាញ់ប្រហារ​កាលពី​ពេល​កន្លង​ទៅ កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​មិន​មានមុខ​របរ រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​ស្ថិត​ក្នុង​ស្ថានភាព​រស់នៅ​លាក់ខ្លួន​ពួន​សំងំ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ សកម្មជន​រូប​នោះ​មិនដឹង​ថា ត្រូវ​រស់នៅ​លាក់ខ្លួន​បែប​នេះ​យូរ​ប៉ុនណា​ឡើយ ព្រោះ​សំណុំរឿង​របស់​លោក​នៅ​បន្ត​ស្ងប់ស្ងាត់ មិន​មាន​ចំណាត់ការ​អ្វី​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅឡើយ​។ មន្ត្រី​សិទ្ធិ​មនុស្ស​ទទូច​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ស៊ើបអង្កេត និង​មាន​ចំណាត់ការ​ជាក់លាក់​លើ​ករណី​នេះ​។

សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង លោក វ៉ែន អែ​ត អះអាង​ថា លោក និង​ក្រុម​គ្រួសារ មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ច្រក​ឫស្សី​នោះ​ទេ ដរាបណា​សំណុំរឿង​របស់​លោក​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​រក​ដំណោះស្រាយ​ឱ្យ​បាន​ជាក់លាក់​ទេ​នោះ ព្រោះ​លោក​ជឿជាក់​ថា ក្រុម​ជន​បង្ក​នឹង​មិន​អត់ឱន​ឱ្យ​រូប​លោក​ឡើយ បើ​លោក​វិល​ត្រឡប់​ទៅ​វិញ​។ លោក​ទទូច​ឱ្យ​សមត្ថកិច្ច​ឃុំ​ជំនាប់​ជួយ​ព​ន្លឿ​ន​សំណុំរឿង​របស់​លោក ដើម្បី​វែកមុខ​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ និង​ដើម្បី​ឱ្យ​លោក​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​។ «»

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ លោក​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​លោក និង​ភរិយា​មិន​ទាន់​មានមុខ​របរ​អ្វី​ឡើយ មាន​តែ​ការ​ចំណាយ​ជាប់​ជា​ប្រចាំ ដោយ​ក្នុង​មួយ​ៗ​ថ្ងៃ​លោក​ចំណាយ អស់​ជា​មធ្យម ៥ ម៉ឺន​រៀល និង​ត្រូវ​ចំណាយ​លើ​ការ​ជួល​កន្លែង​ស្នាក់​នៅ​ក្នុង​មួយ​ខែ ៦០ ដុល្លារ​ទៀត​ផង​។ លោក​បញ្ជាក់​ថា នឹង​មិន​អាច​ទ្រាំទ្រ​ស្ថានភាព​នេះ​បាន​យូរ​តទៅ​ទៀត​ឡើយ ហើយ​លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទ្រព្យសម្បត្តិ​របស់​លោក​នៅ​ក្នុងភូមិ មាន​ដូច​ជា ដីធ្លី និង​ផ្ទះសម្បែង​ជាដើម​នោះ ដែល​មិន​មាន​អ្នក​ណា​នៅ​ថែទាំ​ឡើយ​។ ម្យ៉ាងវិញទៀត កូន​របស់​លោក​ក៏​ខក​ខានមិនបាន​ទៅ​រៀនសូត្រ​ដែរ ព្រោះ​ត្រូវ​រត់គេច​ខ្លួន​ជាមួយ​លោក​។ «»

សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង លោក វ៉ែន អែ​ត អះអាង​ថា លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់ប្រហារ​ប៉ុនប៉ង​ផ្ដាច់ជីវិត កាលពី​ម៉ោងជាង ១០ យប់​ថ្ងៃ​ទី​១២ ឧសភា ពេល​លោក​កំពុង​ដើរ​តម្រង់​ទៅ​បន្ទប់ទឹក ចម្ងាយ​ប្រហែល ១០​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្រោយ​ពេល​រូប​លោក​បាន​វិល​ត្រឡប់​ទៅ​ភូមិ​វិញ ដើម្បី​ទៅ​បំភ្លឺ​ករណី​រង​ការ​គំរាម​សម្លាប់​ពី​ជំទប់​ទី​មួយ​ឃុំ​ជំនាប់ ឈ្មោះ ទិល ចាន់​។ លោក​សន្និដ្ឋាន​ថា មូលហេតុ​សំខាន់​នៃ​ការ​លប​បាញ់ប្រហារ​នេះ ដោយសារ​ការ​រើសអើង​ផ្នែក​នយោបាយ និង​ការ​គុំកួន​ពី​សំណាក់​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ​។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សមត្ថកិច្ច​ឃុំ​ជំនាប់​ជា​ច្រើន​ដង​តាំងពី​ពេល​មាន​ករណី​គំរាម​សម្លាប់ និង​រហូត​ដល់​ការ​លប​បាញ់ប្រហារ​លោក វ៉ែន អែ​ត ដើម្បី​សុំ​ការ​បកស្រាយ​អំពី​ចំណាត់ការ​លើ​រឿង​ទាំងនេះ ប៉ុន្តែ​មិន​ដែល​ទទួល​បានការ​ឆ្លើយ​តប​ឡើយ ចំណែក​សមត្ថកិច្ច​ស្រុក​ថ្ម​បាំង​ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា​។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឆ្លើយ​នៅ​ព្រលប់​ថ្ងៃ​ចន្ទ ទី​២៨ ឧសភា ថា លោក​កំពុង​រវល់​មិន​អាច​ឆ្លើយ​សំនួរ​បាន​។ «»

លោក វ៉ែន អែ​ត គឺជា​សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង​ដ៏​លេចធ្លោ​មួយ​រូប ដែល​ធ្លាប់​ចេញ​មុខ​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ខ្នះខ្នែង​ក្នុង​ការ​ស្នើ​សុំ​ឱ្យ​មានការ​ទទួលស្គាល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង​ជា​ផ្លូវការ​ពី​សំណាក់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​។ សំខាន់​ជាង​នេះ លោក​គឺជា​អតីត​បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក (ADHOC) លោក សឹង សែន​ករុណា ថ្លែង​ថា ការ​គំរាមកំហែង​ដល់​អាយុជីវិត និង​លប​បាញ់ប្រហារ​លោក វ៉ែន អែ​ត គឺជា​ករណី​ធ្ងន់ធ្ងរ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​មាន​ចំណាត់ការ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ជន​រង​គ្រោះ និង​អ្នក​ភូមិ​ដទៃ​ទៀត​។ លោក​បន្ត​ថា ការ​បណ្ដែតបណ្ដោយ ឬ​មិន​អើពើ​ចំពោះ​ករណី​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ជំនាប់ គឺជា​ការ​អនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ និង​តួនាទី​របស់​ខ្លួន​ដែល​ជា​អ្នក​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ «»

កាលពី​ស​ប្ដា​ហ៍​មុន អង្គការ​ជនជាតិ​ដើម​ភាគតិច​ជាតិ និង​អន្តរជាតិ​ចំនួន ២ គឺ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា (CIPA) និង​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​អាស៊ី (AIPP) បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ស៊ើបអង្កេត​ជា​បន្ទាន់​ចំពោះ​ករណី​លប​បាញ់ប្រហារ​ទៅ​លើ​លោក វ៉ែន អែ​ត ដែល​ជា​សកម្មជន​បរិស្ថាន និង​ជា​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង ព្រមទាំង​ធានា​សុវត្ថិភាព និង​សន្តិសុខ​ដល់​សកម្មជន​រូប​នេះ​។ អង្គការ​ទាំង​ពីរ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​មាន ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ឱ្យ​សហការ​គ្នា​ក្នុង​ការ​តាម​ចាប់ខ្លួន​ជនល្មើស និង​បក្ខពួក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។ លើស​ពី​នេះ អង្គការ​ទាំង​ពីរ​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ក្រ​ឡៃ​ទៅ​ជា​រឿង​ខុសច្បាប់​ចំពោះ​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​របស់​សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង​តទៅ​ទៀត និង​បញ្ឈប់​ការ​រំលាយ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​។ ក្រៅពី​នេះ អង្គការ​ទាំង​ពីរ​ក៏​បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​គាំទ្រ​ចំពោះ​ការ​ការពារ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង​ផង​ដែរ តាម​រយៈ​ការ​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សមូហភាព​ឱ្យ​ពួក​គេ​។

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​អាស៊ី (AIPP) និង​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា (CIPA) ក៏​បាន​អំពាវនាវ​ដល់​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (UNOCHR) ឱ្យ​ទាមទារ​របប​ក្រុងភ្នំពេញ​ចាត់ការ​ករណី​លោក វ៉ែន អែ​ត ជា​បន្ទាន់ និង​ជួយ​ជ្រោមជ្រែង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង​ក្នុង​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សមូហភាព​។ អង្គការ​ទាំង​ពីរ​ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ឱ្យ​ឈរ​ខាង​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុង​ការ​ទាញ​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្តារ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ​ផង​ដែរ​៕

ប្រភព ៖ RFA

Comments

comments