លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ​ដោយ​លើក​ឡើង​ថា «​អ្នក​ឃោសនា​សន្យា​ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ​ពេល​ឈ្នះ​ឆ្នោត ទើបនឹង​បាន​សរសេរ​សំបុត្រ​មក​ខ្ចី​ថវិកា​លោក​ជាង​១​លាន​ដុល្លារ ហើយ​បោះ​ឆ្នោត​ហើយ​បាន​សង​វិញ​។​»​។

បើ​ទោះបីជា​លោក ហ៊ុន សែន ថ្លែង​មិន​ចំ​ឈ្មោះ​ក៍ដោយ ក៍​អ្នក​តាមដាន​នយោបាយ​យល់​ថា អ្នក​ដែល​សរសេរ​សំបុត្រ​មក​ខ្ចី​លុយ​ដូច​អ្វី​ដែល​លោក ហ៊ុន សែន​លើក​ឡើង​នោះ គឺ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៍​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​មុន អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ និង​ប្រធាន​សភា សម្តេចក្រុមព្រះ​ធ្លាប់​បាន​សន្យា​ថា ប្រសិនបើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈ្នះ​ឆ្នោត​នឹង​ដោះស្រាយ​បំណុល​ជូន​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​មក​ពី​ស្រុក​ស្អាង​និង​កោះធំ ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ក៍បាន​បញ្ជាក់​ទៀត​ថា​«​ការ​ឃោសនា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ថា នឹង​ដោះស្រាយ​បញ្ហា​បំណុល​ជូន​ប្រជាពលរដ្ឋ គឺជា​ការ​ឃោសនា​បោកប្រាស់​។ »

មន្ត្រី​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ ក៍​ដូច​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិន​អាច​ទាក់ទង​បាន​ទេ​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ ៕

Comments

comments