លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្ដើម​រិះគន់​គោលនយោបាយ​របស់​គណបក្ស​តូច​ៗ​មួយ​ចំនួន ជា​ថ្មី​ឡើង​វិញ ក្រោយ​ពេល​ដែល​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សន្យា​លុប​ចោល​បំណុល​ធនាគារ ដែល​ពលរដ្ឋ​ជំពាក់ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​ផ្ដល់​ថវិកាជាតិ​ជូន​ចាស់ជរា​។ អ្នកវិភាគ​យល់​ថា នេះ​គ្រាន់តែ​ជា​ល្បិច​សម្ដែង​ឱ្យ​ពលរដ្ឋ​មើល តែ​ប៉ុណ្ណោះ ខណៈ​ដែល​នរណា ក៏​អាច​ដឹង​ពី​លទ្ធផល​ឆ្នោត​រួច​ហើយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពី​បាន​រិះគន់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​របប​របស់​លោក​បាន​រំលាយ​ទៅ​ហើយ​នោះ ឥឡូវនេះ លោក​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ដាក់​ចេញ​គោលនយោបាយ​របស់​គណបក្ស​មួយ​ចំនួន​ដែល​ត្រៀម​នឹង​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ជាមួយ​គណបក្ស​របស់​លោក​នោះ​។

លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ទៅ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គឺ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ជា​មនុស្ស​ចូល​ដៃ​ចូល​ជើង​ជាមួយ​លោក ក្នុង​ការ​រំលាយ​គណបក្សប្រឆាំង ដែល​បាន​សន្យា​សងបំណុល​ធនាគារ​ឱ្យ​ពលរដ្ឋ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​របស់​ព្រះ​អង្គ​ឡើង​វិញ​នោះ​។ លោក ហ៊ុន សែន លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ព្រះ​អង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ បាន​លួច​សរសេរ​សំបុត្រ​ទៅ​ខ្ចី​លុយ​លោក ១​លាន​ដុល្លារ​។ លោក ហ៊ុន សែន គំរាម​នឹង​យក​សំបុត្រ​នោះ​ទៅ​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) ជា​សាធារណៈ​ទៀត​ផង​។ «»

លើស​ពី​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​ទ្រង់​នរោត្តម រណឫទ្ធិ កុំឱ្យ​យក​ស្ថាប័ន​ព្រះមហាក្សត្រ​ទៅ​ឃោសនា​ផ្សា​ភ្ជាប់​នឹង​បក្ស ព្រោះ​ខ្លាច​គ្មាន​អ្នកគាំទ្រ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នាំ​ឱ្យ​ធ្លាក់​ចុះ​តម្លៃ​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ​។

ក្រៅពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​បញ្ចេញ​ប្រតិកម្ម​នឹង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​សន្យា​ដែរ​ថា នឹង​ផ្ដល់​ថវិកា​ប្រចាំខែ​ឱ្យ​ចាស់ជរា ១៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ​។ លោក ហ៊ុន សែន ប្រាប់​កម្មករ​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ថា អ្នក​ដាក់​ចេញ​គោលនយោបាយ​ទាំងនោះ ថា​ជា​ជន​បោកប្រាស់ និង​ជា​មនុស្ស​មិនដឹង​ពី​ថវិកាជាតិ​។ «»

ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់​ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ទទួល​បាន​ជ័យ​ជំនះ​លើ​ការ​បោះ​ឆ្នោត​កាលពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ក៏​ប៉ុន្តែ​គណបក្ស​របស់​ព្រះ​អង្គ​បាន​ធ្លាក់​ប្រជាប្រិយភាព​ជា​បន្តបន្ទាប់​រហូត​មិន​ទទួល​បាន​អាសនៈ​កាលពី​អាណត្តិ​ទី​៥ កន្លង​ទៅ ដែល​គេ​មើលឃើញ​ថា ព្រះ​អង្គ​ធ្លាក់​ប្រជាប្រិយភាព​ស្ទើរតែ​មិន​អាច​វិល​ចូល​ឆាកនយោបាយ​វិញ​បាន ដោយសារ​តែ​នយោបាយ​របស់​ព្រះ​អង្គ ជា​នយោបាយ​កណ្ដាល​និយម​មិន​ប្រឆាំង ហើយ​តែងតែ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​លោក ហ៊ុន សែន​។ ក្រោយ​ពី​ព្រះ​អង្គ​បាន​បាត់​មុខ​ពី​ឆាកនយោបាយ​មួយ​រយៈ ដោយសារ​តែ​គ្មាន​សំឡេង​នៅ​ក្នុង​សភា​នោះ ទ្រង់ រណឫទ្ធិ ត្រូវ​បាន​អណ្ដែត​ឡើង​វិញ​នៅ​លើ​ឆាកនយោបាយ នៅ​ក្រោយ​ពី​បាន​ចេញ​មុខជា​ដើមបណ្ដឹង ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​នោះ​។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ មើលឃើញ​ថា ការ​ស្រែក​កំហក​ខ្លាំង​ៗ​របស់​លោក ហ៊ុន សែន រិះគន់​គោលនយោបាយ​របស់​ទ្រង់ រណឫទ្ធិ ឬ​គណបក្ស​មួយ​ចំនួន​ទៀត គ្រាន់តែ​ជា​ការ​សម្ដែង នឹង​គ្មាន​ប្រសិទ្ធភាព​ទេ​។ «»

អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច លោក ញ៉េ​ប ប៊ុ​ន​ជិន បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ឧសភា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ដោយសារ​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្ដី​របស់​លោក ញ៉េ​ប ប៊ុ​ន​ជិន ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ពិតជា​មាន​គោល នយោបាយ​លុប​ចោល​បំណុល​ធនាគារ​ដល់​ពលរដ្ឋ​មែន ប្រសិនបើ​បក្ស​លោក​ឈ្នះ​ឆ្នោត​។ លោក​ថា ការ​ដែល​គណបក្ស​នេះ សន្យា​ដោះស្រាយ​បំណុល​ជូន​ពលរដ្ឋ​ក្រីក្រ គឺ​ដោយសារ​តែ​សង្កេត​ឃើញ​ថា ការ​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​សព្វថ្ងៃ មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ពេក ហើយ​ការ​ដោះស្រាយ​បំណុល​នេះ គឺ​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់​។

ទាក់ទង​នឹង​បំណុល​នេះ គឺជា​ចំណុចរសើប​របស់​លោក​របប​លោក ហ៊ុន សែន​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ ចំពោះ​បុគ្គល​នយោបាយ​ណា ដែល​ដើរ​ឃោសនា​តាម​មូលដ្ឋាន ដោយ​សន្យា​ថា ពួក​គេ​នឹង​លុប​បំណុល​ជូន​ពលរដ្ឋ ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ នៅ​ពេល​ដែល​គណបក្ស​ពួក​គេ​ជាប់​ឆ្នោត​នោះ​។ លោក ហ៊ុន សែន ចាត់​ទុក​ការ​ឃោសនា​របស់​បុគ្គល​ទាំងនោះ គឺជា​ការ​សន្យា​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​នយោបាយ ដែល​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ​។ លោក​ហៅ​ការ​ឃោសនា​បែប​នេះ ជា​ការ​ភូត​កុហក​ខ្លាំង ដែល​មិន​អាច​លើកលែង​ឱ្យ​បាន​។

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េ​ង វី​រៈ អះអាង​ថា គណបក្ស​របស់​លោក មាន​តួលេខ​មនុស្ស​ចាស់ និង​តួលេខ​ថវិកាជាតិ​ត្រឹមត្រូវ ហើយ​ជឿ​ថា គោលនយោបាយ​ដែល​ដាក់​ចេញ អាច​អនុវត្ត​បាន​។ លោក​ថា ការ​សន្យា​ផ្ដល់​ប្រាក់បៀវត្សរ៍​ជូន​មនុស្ស​ចាស់ជរា ម្នាក់​១៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ និង​ត្រូវ​ចំណាយ​អស់​ថវិកាជាតិ​ប្រមាណ​១៥​ភាគរយ នៃ​ថវិកាជាតិ​សរុប ហើយនឹង​ត្រូវ​បើក​ជា​ជំហាន​ៗ ជូន​ចាស់ជរា​។

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់​ថា ការ​ដាក់​ចេញ​ការ​ប្រកួត ឬ​ការ​វាយប្រហារ​គោល នយោបាយ​គ្នា ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ប៉ុន្តែ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកវិភាគ​ផ្ដល់​អនុសាសន៍​ថា គួរតែ​មើល​គោលនយោបាយ ខ្លួនឯង​ឡើង​វិញ​ផង ព្រោះ​គោលនយោបាយ ដែល​បាន​ដាក់​ចេញ​មួយ​ចំនួន ក៏​ជា​គោលនយោបាយ​បោកប្រាស់​ពលរដ្ឋ​ដែរ ដោយសារ​របប​លោក​មិន​ទាន់​អនុវត្ត​តាម​គោលនយោបាយ​ដែល​សន្យា​បាន​ត្រឹមត្រូវ​ទេ​។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង​២០​ឆ្នាំ​កន្លង​មកនេះ ធ្វើ​ឱ្យ​មាន​វិបត្តិ​ជា​ច្រើន​កើតឡើង​ដែល​របប​របស់​លោក មិន​អាច​ដោះស្រាយ​បាន​នៅឡើយ ក្នុង​នោះ មាន​វិបត្តិ​ដីធ្លី វិបត្តិ​ពលរដ្ឋ​អត់​ការងារ​ធ្វើ ហើយ​ចំណាកស្រុក វិបត្តិ​ពលរដ្ឋ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ច្រើន ដែល​មានការ​ប្រាក់​ខ្ពស់ និង​វិបត្តិ​ផ្សេង​ៗ​ទៀត​។

ធនាគារពិភពលោក​បាន​ចេញ​របាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ ព្រមាន​របប​លោក ហ៊ុន សែន ពី​បញ្ហា​ប្រឈម​ចំនួន​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ​។ របាយការណ៍​ចុង​ក្រោយ​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក របស់​ធនាគារពិភពលោក ដែល​មាន​ចំណងជើង​ថា «​បង្កើន​សក្ដានុពល​» (Enhancing Potential) បង្ហាញ​ថា បញ្ហា​ប្រឈម​ទាំង​៣ របស់​កម្ពុជា​រួម​មាន ភាព​មិន​ប្រាកដប្រជា​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតជាតិ​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ការ​ធ្លាក់​ចុះ​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្រៅប្រទេស និង​ការ​អូស​បន្លាយ​ការ​រីក​លូតលាស់​វិស័យ​សំណង់​ជាដើម​៕

ប្រភព ៖ RFA

Comments

comments