ជា​ថ្មី​ម្តងទៀត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា «​បើ​មិន​មានការ​សម្រេចចិត្ត​ផ្ទុះអាវុធ​នៅ​ថ្ងៃ​ទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧​ទេ ខ្មែរក្រហម​នឹង​គ្រប់គ្រង​រាជធានី​ភ្នំពេញ ព្រោះ​កាលនោះ​ខ្មែរក្រហម​យក​ទាហាន ពី​សំឡូត​ជា​ច្រើន​នាក់ ចូល​ទៅ​រាជធានី​ភ្នំពេញ​។​»​។

លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ស៊ីម៉ង់ត៍ (Battambang Conch Cement Company Limited)​នៅ​តំបន់​ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ។

កាលពី​១៩​ឆ្នាំ​មុន ពោល​គឺ​កាលពី​ថ្ងៃ​ទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​ផ្ទុះអាវុធ​បង្ហូរឈាម​មួយ​បាន​កើតឡើង​កណ្ដាល​រាជធានី​ភ្នំពេញ បង្ក​ការ​ភ័យ​ខ្លាច និង​ជ្រួលច្របល់ ធ្វើ​ឲ្យ​អ្នក​រស់នៅ​ភ្នំពេញ​កាល​ណោះ​នឹកភ្នក​ដល់​ព្រឹត្តិការណ៍​ខ្មែរក្រហម​ចូល​ក្រុងភ្នំពេញ​កាលពី​ឆ្នាំ​១៩៧៥ ។

ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ បាន​ទាញ​ឲ្យ​អ្នក​អ្នកនយោបាយ​បកស្រាយ​ផ្ទុយ​គ្នា ។ អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្សប្រឆាំង សុទ្ធតែ​យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​បក្សនយោបាយ​ធំ​ៗ​ពីរ​កាល​ណោះ គឺ​គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​ទោះជា​មានការ​ចោទប្រកាន់​បែប​នេះ​ពី​មជ្ឈដ្ឋាន​ទូទៅ ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ថ្លែង​ការពារ​ថា វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​ហេតុការណ៍​ដែល​កើតឡើង​ពេល​នោះ គឺ​គ្រាន់តែ​ជា​ហេតុការណ៍​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​ស្មោះត្រង់​របស់​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ប៉ុណ្ណោះ​។

គេហទំព័រ​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅច្បាប់​នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​គិត​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​១៩៩៧ ។

ភាគច្រើន​នៃ​ជន​រង​គ្រោះជា​ទាហាន មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​ជីវិត​ជន​ស៊ី​វិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះត្រង់​នឹង​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ នោះ​ទេ​។

របាយការណ៍​បន្ត​ថា ក្រៅពី​មន្ត្រី​ដែល​ពុំ​មាន​ឋានៈ​បុណ្យស័ក្ដិ​ត្រូវ​សម្លាប់​ហើយ ក្នុង​នោះ​ក៏​នៅ​មាន​មន្ត្រីជាន់ខ្ពស់​របស់​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មួយ​ចំនួន​ទៀត​ដូច​ជា លោក​ឧត្ដមសេនីយ៍ ចៅ សម្បត្តិ លោក​ឧត្ដមសេនីយ៍ ក្រូច យឿ​ម និង​លោក ហូ សុខ ជាដើម ។

កាល​ណោះ លោក ហូ សុខ ដែល​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​ជា​មេបញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​កម្លាំង​របស់​លោកនាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន​។ ការ​ចាប់ខ្លួន​នេះ នៅ​ពេល​លោក​កំពុង​ដើរ​ចេញពីផ្ទះ​របស់​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ក្នុង​ក្រុងភ្នំពេញ​។ ក្នុង​ថ្ងៃ​តែ​មួយ ពេល​ល្ងាច លោក ហូ សុខ ត្រូវ​បាន​ផ្ដាច់ជីវិត​នឹង​គ្រាប់កាំភ្លើង ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ​ក្នុង​ក្រសួងមហាផ្ទៃ​។

ព្រឹត្តិការណ៍​កាលពី​ជិត ២០​ឆ្នាំ​មុន​នេះ អ្នក​ស្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​រាប់​ទាំង​ជន​ស៊ី​វិល និង​យោធា​ផង ពុំ​មាន​អ្នក​ណា​ចេញ​មុខ​ទទួលខុសត្រូវ ឬ​រក​យុត្តិធម៌​ឲ្យ​នៅឡើយ​ទេ​។ សាច់ញាតិ​របស់​លោក ហូ សុខ ម្នាក់​ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ដទៃ​ទៀត​យល់​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ ថ្វីបើ​ស្ថានការណ៍​បាន​វិវឌ្ឍន៍​កន្លង​ផុត​ទៅ​យូរ​ឆ្នាំ​ហើយ​ក្ដី ហេតុការណ៍​កាល​ណោះ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដូច​ហាក់​នៅ​ថ្មី​ៗ​នៅឡើយ​។ ប៉ុន្តែ​គ្រួសារ​នៃ​អតីត​មេបញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេចក្រុមព្រះ​រូប​នេះ យល់​ឃើញ​ថា ពួក​គេ​មិន​ចង់​រំឭក​វា​ទៀត​ទេ ព្រោះ​យុត្តិធម៌​ដែល​បាន​កប់​ទៅ​ជា​យូរហើយ​នេះ មិន​រំពឹង​ថា​នឹង​បាន​ឡើយ ៕

 

 

Comments

comments