ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​និង​បុរស​ម្នាក់ ស្គាល់គ្នា​តាម​រយៈ​មិត្តភក្តិ ទីបំផុត​ប្រុស​ព្រាន​លួងលោម​ប្រលោម​សុំ​ស្នេហ៍​រហូត​នាង​ទន់​ចិត្ត ក៏​បបួល​ទៅ​ផឹកស៊ី​បង្អកស្រា​រហូត​ដល់​ស្រវឹង ហើយ​ចាប់រំលោភ​រហូត​ដល់​បាន​សម្រេច ជា​បន្តបន្ទាប់​ចំនួន​២​ដង និង​ថែម​ទាំង​បាន​លួង​សុំ​ខ្ចី​លុយ ខាង​ស្រី​ចំនួន​ជាង​៣​ពាន់​ដុល្លារ​ទៀត រួច​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ដឹង​ថា​ ចាញ់បោក​ប្រុស​ព្រាន ស្ត្រី​មេម៉ាយ​លង់​ទាំង​ខ្លួន​អស់ទាំង​លុយ កើតទុក្ខ​មិន​សុខចិត្ត ក៏​រត់​ទៅ​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ថ្ងៃត្រង់ ទី​៣០ ឧសភា ២០១៨ នៅ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ករណី​ស្ត្រី​មេម៉ាយ​រង​គ្រោះ​មានឈ្មោះ​អ​.​ន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ។ ចំណែក​ភាគី​ខាង​ប្រុស​ស្នេហ៍​ហេងស៊យ​នោះ ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា មានឈ្មោះ​គឹ​ម ហុង អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្រោយ​រោងកុន​លុ​ច្យ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

បើ​តាម​សម្តី​ស្ត្រី​ខក​ទាំង​ស្នេហ៍ លង់​ទាំង​ខ្លួន អស់ទាំង​លុយ ដោយសារ​តែ​ជឿ​លង់សម្តី​ប្រុស​ព្រាន​នេះ បាន​រៀបរាប់​ប្រាប់​ថា នាង​ធ្លាប់​មាន​ប្តី​ម្តង​រួច​មក​ហើយ និង​ថែម​ទាំង​មានកូន​ស្រី​ម្នាក់​ទៀត​ផង សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន​ឯ​ស្រុក​កំណើត ។ ដោយសារ​តែ​រួមរស់​មិនសូវ​ចុះសម្រុង​នឹង​គ្នា ទើប​នាង និង​ប្តី​បាន​សម្រេចចិត្ត​លែងលះ​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន ហើយ​នាង​ក៏​ចាកចេញ​មក​ភ្នំពេញ ដើម្បី​រក​ការងារ​ធ្វើ​រក​ប្រាក់​ផ្ញើ​ទៅ​ចិញ្ចឹម​កូនស្រី ។

ពេល​មក​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ ស្ត្រី​មេម៉ាយ​លង់ខ្លួន​ជាមួយ​ប្រុស​ព្រាន បាន​ស្គាល់​បុរស​ឈ្មោះ​គឹ​ម ហុង តាម​រយៈ​មិត្តភក្តិ​ម្នាក់ លុះ​បន្ទាប់​ពី​រាប់អាន​គ្នា​បាន​មួយ​រយៈ ខាង​ប្រុស​ដែល​អួតខ្លួន​ថា​នៅ​កំលោះ ក៏​ចាប់ផ្តើម​លួងលោម​សុំ​ស្នេហ៍​រហូត​ដល់​នាង​ទន់​ចិត្ត ដោយ​មិន​នឹក​ស្មានថា ការ​ពិតជា​ល្បិច​បោកប្រាស់​របស់​ប្រុស​ព្រាន​សោះ ។

ស្ត្រី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃមួយ ប្រុស​ស្នេហ៍​ហេងស៊យ​រូប​នេះ បាន​បបួល​នាង រួម​នឹង​មិត្តភក្តិ​ក្បែរ​ខាង​ជុំ​គ្នា​ផឹកស៊ី រហូត​ដល់​នាង​ស្រវឹង ចំណែក​មិត្តភក្តិ បាន​ចាកចេញ​ទៅ​វិញ​អស់ ស្រាប់តែ បុរស​នោះ​បាន​ឆ្លៀតឱកាស បង្ខំ​ចាប់​នាង​រួម​ភេទ​រហូត​បាន​សម្រេច​តែ​ម្តង ។ បន្ទាប់​មក ដោយ​ឃើញ​នាង​នៅ​ស្រវឹង​ទន់​ខ្លួន​នៅឡើយ ទើប​ខាង​ប្រុស​បាន​លូក​យក​លុយ​ចំនួន​២០០​ដុល្លារ និង​ដោះ​យក​កងដៃ របស់​នាង​ចំនួន​២​កង ដោយ​ប្រាប់​ថា គេ​ទុក​ឱ្យ ហើយ​ក៏​ចាកចេញ​ទៅ​បាត់ ។

ស្ត្រី​រង​គ្រោះ បន្ត​ថា លុះដល់​ថ្ងៃ​ក្រោយមក​ទៀត បុរស​ខាងលើ​បាន​ទូរស័ព្ទ​ណាត់ជួប​ដោយ​ប្រាប់​នាង​ថា ឱ្យទៅ​យក​លុយ​វិញ ដោយ​ប្រើ​ល្បិច​ឱ្យ​នាង​ទៅ​យក​នៅផ្ទះ​សំណាក់ ម្តុំ​ផ្លូវ​វេ​ង​ស្រេង លុះ​នាង​ទៅ​ដល់ បុរស​នោះ​បាន​និយាយ​ថា បើ​ចង់បាន​លុយ ត្រូវ​ឡើង​ទៅ​ដេក​ផ្ទះសំណាក់​សិន ទើប​គេ​ប្រគល់​លុយ​ឱ្យ​វិញ ។ ពេល​នោះ​នាង​ខំ​ទុកចិត្ត​នឹក​ស្មាន​តែ​គេ​ឱ្យ​លុយ​មែន ក៏​យល់ព្រម​រួម​ភេទ​ជាមួយ​គេ​ជា​លើក​ទី​២ ស្រាប់តែ​រួម​ភេទ​ឆ្អែតឆ្អន់ បុរស​នោះ​ក៏​បាន​លួច​យក​លុយ​របស់​នាង​ចំនួន​១៥០០​ដុល្លារ​ទៀត ដែល​លុយ​នេះ​នាង​ទើប​ដេញ​តុងទីន​បាន ។

ស្ត្រី​រង​គ្រោះ បាន​បញ្ជាក់​ថា បន្ទាប់​មក​ទៀត ប្រុស​ស្នេហ៍​ហេងស៊យ​រូប​នេះ បាន​ខ​លម​ក​លួងលោម​នាង​ថា មុន​នឹង​ក្រោយ​ពួក​យើង​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​គ្នា​ទៅ​ហើយ ហេតុនេះ​ហើយ គេ​សុំ​ខ្ចី​លុយ​ថែម​១៥០០​ដុល្លារ​ទៀត​មក យក​ទៅ​ប្រើ​ការ​សិន ចាំ​សង​វិញ​ឱ្យ​អស់​មុន​ចូល​រោងការ ។ គ្រាន់តែ​ស្តាប់​សម្តី​នេះ​ចប់ ធ្វើ​ឱ្យ​នាង​ទន់​ចិត្ត ក៏​ប្រមូល​លុយ​ចំនួន​១៥០០​ដុល្លារ​ទៀត ទៅ​ឱ្យ​ប្រុស​ស្នេហ៍​ខ្ចី​ថែម​ទៀត ដែល​សរុប​ទាំង​មុន​ទាំង​ក្រោយ មាន​ចំនួន​ជាង​៣​ពាន់​ដុល្លារ​ឯណោះ ។ តាំងពី​បាន​លុយ​មក ប្រុស​ស្នេហ៍​ចេះ​តែ​សន្យា​ជាមួយ​នាង​ម្តង​ថា ថ្ងៃនេះ ម្តង​ថា ថ្ងៃ​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ឧសភា ២០១៨ ទើប​នាង​ទទួល​បាន​ដំណឹង​ថា តាម​ពិត​ប្រុស​ស្នេហ៍​ហេងស៊យ​រូប​នោះ មាន​ប្រពន្ធ​រួច​ទៅ​ហើយ ទើប​ធ្វើ​ឱ្យ​នាង​ភ្ញាក់ខ្លួន​ដូច​ខ្មោច​៧​ថ្ងៃ ដោយសារ​តែ​ចាញ់ល្បិច​ប្រុស​ព្រាន អស់ទាំង​ខ្លួន អស់ទាំង​លុយ ។

ដោយសារ​តែ​កើតទុក្ខ​មិន​សុខចិត្ត ជាមួយនឹង​ទ​ង្វើ​បោកប្រាស់​របស់​ប្រុស​ព្រាន​ខាងលើ ទើប​ស្ត្រី​មេម៉ាយ​សម្រេច​រត់​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​២ ឱ្យ​ជួយ​អន្តរាគមន៍ តាម​វែកមុខ​ប្រុស​ព្រាន​ខាងលើ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

 

Comments

comments