លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​ថា « អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត ហើយ​យក​ទឹក​លាបថ្នាំ​សក់​មក​លាប​ដៃ គឺជា​ការ​បង្កើត​ទោស​ព្រហ្មទណ្ឌ​ដោយ​ខ្លួនឯង​។​» ។

លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ស៊ីម៉ង់ត៍ (Battambang Conch Cement Company Limited)​នៅ​តំបន់​ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ។

បើ​តាម​លោក ហ៊ុន សែន អ្នក​ដែល​បោះបង់​ការ​បោះ​ឆ្នោត គឺជា​ការ​បោះបង់​សិទ្ធិ​របស់​ខ្លួនឯង ។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ក៍បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​« ការ​មិន​ទៅ​បោះ​ឆ្នោត​មិន​ខុស​ទាស់​ទេ ប៉ុន្តែ​អ្នក​ដែល​យក​ទឹក​ថ្នាំលាប សក់​មក​ជ្រលក់​ដៃ​ដើម្បី​បំភ័ន្ត​សាធារណៈ​មតិ​នឹង​ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​។​»​។

កាលពី​ថ្ងៃ​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម លោក គឹ​ម សន្តិភាព បាន​បញ្ជាក់​ថា​«​ការ​បន្លំ​ខ្លួន​បាន​ទៅ​បោះ​ឆ្នោត ដោយ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​ចេតនា​ទុច្ចរិត ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រ​លំ​ទៅ​លើ​ចំនួន​ពិតប្រាកដ​អ្នក​ដែល​បាន​បោះ​ឆ្នោត ដែល​នាំ​ឲ្យ​ចំនួន​អ្នកបោះឆ្នោត​ច្រើន​ជាង​ចំនួន​សន្លឹក​ឆ្នោត ដែល​បាន​បោះ​ពិតប្រាកដ ជា​អំពើ​ល្មើសច្បាប់ ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់ព្រហ្មទណ្ឌ​។​»​។

បើ​តាម​លោក គឹ​ម សន្តិភាព​«​ម្រាមដៃ​ខ្មៅ ក្រោយ​ការ​បោះ​ឆ្នោត គឺជា​ការ​កំណត់សំគាល់​អត្តសញ្ញាណ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត ដែល​មាន​តែ គ​.​ជ​.​ប ប៉ុណ្ណោះ​មាន​សមត្ថកិច្ច​ក្នុង​ការ​ចាត់ចែង​ជ្រលក់​ម្រាមដៃ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​។ អ្នក​ដែល​ប្រឡាក់​ម្រាមដៃ​ខ្មៅ​នេះ មាន​ន័យ​ថា បាន​បោះ​ឆ្នោត​រួច​ហើយ ហើយ​ចំនួន​អ្នក​ប្រឡាក់​ម្រាមដៃ​ខ្មៅ ត្រូវ​ស្មើនឹង​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត ហើយ​ក៏​ស្មើនឹង​ចំនួន​សន្លឹក​ឆ្នោត ដែល​បាន​បោះ​ផង​ដែរ​»​។

ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មជ្ឈដ្ឋាន​ខ្លះ​ថា​នឹង​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង ដោយ​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​និយាយ​ថា​ពួក​គេ​នឹង​ជ្រលក់​ម្រាមដៃ​ទៅ​នឹង​ទឹក​ថ្នាំ​ផ្សេង​ដើម្បី​បង្ហាញ​ថា​ខ្លួន​បាន​ទៅ​បោះ​ឆ្នោត ។ ជាមួយ​គ្នា​នេះ​ដែរ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៍បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ យ៉ាងណា​មន្ត្រី​រាជរដ្ឋាភិបាល​ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី​នេះ ជា​អំពើ​ល្មើសច្បាប់​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​តាម​ច្បាប់ និង​ប្រកាស​ដល់​កងកម្លាំង​ឲ្យ​ត្រៀម​ចាត់វិធានការ​ដល់​ជន​ណា​ដែល​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត ៕

 

Comments

comments