នៅ​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ឧសភា ម្សិលមិញ​នេះ នៅ​នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម ក្រុម​មន្ត្រី​ប៉ូ​លី​ស​ថៃ បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ បង្ហាញ​ពី​គេហទំព័រ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នាំ​ឱ្យ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​ថៃ និង​បង្ក​ភាព​ច្របូកច្របល់​ដល់​ប្រទេស​ថៃ ដូចនេះ​បាន​ស្នើ​សុំ​ដល់​តុលាការ​កំពូល​ចេញ​ដីកាចាប់ខ្លួន ដើម្បី​មក​ផ្តន្ទាទោស​តាម​ច្បាប់​របស់​ប្រទេស​ថៃ​ជា​បន្ទាន់ ។

ឧត្តមសេនីយ៍ឯក Surachet Khunpaw ស្នងការ​រង​នគរបាល​ប្រទេស​ថៃ បានអោយ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ស៊ើប​អ​ង្គេ​ត ក្រុម​ជំនាញ​បាន​រក​ឃើញ គេហទំព័រ​មួយ​ចំនួន ក្នុង​នោះ​មាន​គេហទំព័រ “Ratstas.com” ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា (Prayut Chan-o-cha) បាន​ជេរ​ស្តីបន្ទោស​ប្រជាជន​ថា «​កុំ​រឿង​ច្រើន​ពេក បើ​សាំង​ឡើងថ្លៃ យក​ទឹក​មក​ចាក់​ជំនួស​ទៅ​» ដែល​នេះ​ជា​ព័ត៌មាន​មិន​ពិត ។

មន្ត្រី​ប៉ូ​លី​ស បាន​និយាយ​ថា ក្រុម​មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់ បាន​រួម​គ្នា​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី នៃ​គេហទំព័រ​មិនល្អ និង​ផ្សព្វផ្សាយ​ការ​វាយប្រហារ​នេះ ដោយ​ថា លោក ប្រា​យុទ្ធ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ និយាយ​ពី​តម្លៃ​ប្រេង​ឡើង​ខ្ពស់ និង​បណ្ដេញ​មនុស្ស​ឱ្យ​ចាក់ទឹក​ជំនួស កុំ​ឲ្យ​បារម្ភ​ច្រើន​ពេក ។ ប្រការ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល ។

មន្ត្រី​ប៉ូ​លី​ស បញ្ជាក់​ថា ក្រោយ​ការ​ស៊ើបអង្កេត ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គេហទំព័រ Ratstas.com ដោយ​លោក រតនៈ ហេង ជា​ម្ចាស់​ក្រុមហ៊ុន​កម្ពុជា ហើយ​ឈ្មោះ រតនៈ នេះ​ក៏​មាន​គេហទំព័រ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។

ករណី​ខាងលើ​នេះ តុលាការ​ព្រហ្មទណ្ឌ​ថៃ ក៏​បាន​ស​ម្រ​ច​ចេញ​ដីកា លេខ 1154/2561 ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា​ឆ្នាំ​២០១៨ ចាប់ខ្លួន​លោក រតនៈ ហេង ដែល​ចោទប្រកាន់​ពី​បទ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ។ មាត្រា 14 (3) របស់​ថៃ ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​មិន​លើស​ពី​៥​ឆ្នាំ ឬ​ពិន័យ​ជា​ទឹកប្រាក់​មិន​លើស​ពី​១​សែន​បាត (​ប្រហែល​ជាង ៣,០០០​ដុល្លារ​) ឬ​អាច​នឹង​ត្រូវ​ទាំង​ជាប់​ពន្ធនាគារ រួម​ទាំង​ពិន័យ​ជា​ទឹកប្រាក់​ជាមួយ​គ្នា ។

ជាមួយ​គ្នា​នេះ​ដែរ តុលាការ​ប្រទេស​ថៃ ក៏​បាន​កាត់ទោស​ជនជាតិ​ថៃ ៦​នាក់ ផង​ដែរ គឺ​លោក Thanavat Unghon, លោក Rungroj Preecha, Miss Pa Paopasakul, កញ្ញា Tawee Boonthavee, កញ្ញា Prapasorn Wongchuchit និង​លោក Rawn Chaiyan ដែល​បាន​ចែករំលែក​ព័ត៌មាន ។

ក្រោយ​ពី​ប្រទេស​ថៃ បាន​ចេញ​ដីកាចាប់ខ្លួន​លោក ហេង រតនៈ ដោយ​ចោទ​ថា ជា​ម្ចាស់​វេ​ប​សាយ « Ratstas.com» ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នោះ ពេល​នេះ​រូប​លោក ក៏​បាន​ប្រញាប់​ចេញ​មក​បដិសេធ​ភ្លាម​ៗ​ផង​ដែរ ជុំវិញ​រឿង​ខាងលើ​នេះ ។

បើ​តាម​ការ​បកស្រាយ ដែល​បង្ហោះ​ចេញពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង រតនៈ (Heng Ratanak) ថា «​ខ្ញុំបាទ​ឈ្មោះ ហេង​រតនៈ ខ្ញុំ​សូម​ប្រកាស​ច្រានចោល​នូវ អត្ថបទ​មួយ​របស់​ប្រទេស​ថៃ​មួយ ដែល​បាន​ចោទ​ថា ខ្ញុំ​ជា​ម្ចាស់​វែ​ប​សាយ ផ្សេង​ៗ​ពាក្យ​ព័ន្ធ នឹង​ការ​ធ្វើ​ព័ត៌មាន កុហក​បោកប្រាស់ ទៅ​លើ​រឿង​តំលៃ​សាំង​ជាដើម ខ្ញុំ​សូម​ច្រានចោល​ថា ខ្ញុំ​មិន​បាន​ធ្វើ មិន​បាន​សរសេរ​មិន​បាន Share ទៅ​លើ​រឿង​ណាមួយ​ដូច​អ្វី​ដែល ប៉ូ​លី​ស​ថៃ បាន ចោទប្រកាន់​នោះ​ទេ មូលហេតុ​ដែល​ជាប់​ឈ្មោះ​ខ្ញុំ គឺ​ដោយសារ​តែ ខ្ញុំ​បាន​ជួយ​ទិញ Hosting Domain អោយ​កូនសិស្ស​គ្រប់​គ្នា ដែល​កាល​យូរ​ឆ្នាំ​មុន ខ្ញុំ​ជា​គ្រូបង្រៀន​វែ​ប​សាយ ខ្ញុំ​ជា​គ្រូបង្រៀន​បង្កើត នឹង​ប្រើប្រាស់​វែ​ប​សាយ (Word Press) ខ្ញុំ​សូម​ប្រកាស​ច្រានចោល​ថា ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ ជាមួយ​អ្នក​ដែល​ផុស​អត្ថបទ​នេះ​ទេ ខ្ញុំ​គ្រាន់តែ​ផ្តល់​សេវា​បង្ហោះ (Hosting) (Domain) ព្រោះ​ខ្ញុំ​ជា​គ្រូបង្រៀន​វែ​ប​សាយ ។ លីង អត្ថបទ​ដែល​ចោទប្រកាន់​ខ្ញុំ​ខ្ញុំ​សុំ​ច្រាន​ចោលការ​ចោទប្រកាន់​នេះ » ។

ទោះជា មានការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ពី​លោក ហេង រតនៈ យ៉ាងណា​ក្តី ប៉ុន្តែ​ដីកាចាប់ខ្លួន ដែល​សម្រេច​ចេញ​ដោយ​តុលាការ​ថៃ គឺ​នៅ​តែ​បន្ត រង់ចាំ​កិច្ចសហការ​ជាមួយ​ប៉ូលិស​កម្ពុជា តែ​ប៉ុណ្ណោះ ៕
(​សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​)

Comments

comments