របាយការណ៍​របស់​អង្គការ​បរិស្ថាន​មួយ បង្ហាញ​ថា​ការ​កាប់​ឈើ​ខុសច្បាប់​ដឹក​ជញ្ជូន​ពី​ឧទ្យាន​ជាតិ​នានា​នៅ​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​បន្ត​កើត​មាន ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​ពី​អាជ្ញាធរ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ថ្ងៃ​ទី​៣១ ឧសភា​នេះ ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ហៅ​កាត់​ថា EIA ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុ​ង​ដ៏​ប្រទេស​អង់គ្លេស ដោយ​ដាក់​ចំណងជើង​ធំ​ៗ​ថា វៀតណាម​នៅ​តែ​ជា​អ្នក​លួច​ឈើ​នៅ​តំបន់​ការពារ​របស់​ប្រទេស​កម្ពុជា​។

ក្នុង​របាយការណ៍​ដែល EIA ភ្ជាប់​មក​ចំនួន​១៥​ទំព័រ​ដែល​និយាយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ចំនួន​៣ ដែល​មាន​ខ្លះ​ត្រូវ​បានការ​ពារ​ដោយ​អនុក្រឹត្យ​ផង​នោះ គឺ «​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​» ក្នុង​ខេត្ត​រតនៈគីរី «​ទំនប់​សេ​សាន​ក្រោម​២» ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង និង «​ជំរក​សត្វព្រៃ​ភ្នំ​ព្រិច​» ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គី​រី កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុមហ៊ុន និង​ឈ្មួញ​វៀតណាម និង​ទទួល​បានការ​ការពារ​ដោយ​កម្លាំង​អាជ្ញាធរ​កម្ពុជា​។

EIA បាន​គណនា​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ទៅ​វៀតណាម​នៅ​ចន្លោះ​ពី​ខែតុលា​ឆ្នាំ​២០១៧ ដល់​ខែមីនា​២០១៨ ថា​មាន​ទំហំ​ប្រមាណ ១ ១៥៥ ០០០ ម៉ែត្រគូប (​មួយ​លាន​មួយ​សែន​ប្រាំ​ម៉ឺន​ប្រាំ​ពាន់​ម៉ែត្រគូប​) ។

វៀតណាម​មាន​ប្រវត្តិសាស្ត្រ​ជា​យូរ​មក​ហើយ​ក្នុង​ការ​លួច​កាប់​ឈើ​ប្រទេស​ជិតខាង​ខ្លួន​។ នៅ​កម្ពុជា ក្រុមហ៊ុន​វៀតណាម​អាច​កាប់​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ ដោយ​បង់លុយ​ដល់​មន្ត្រី​ប៉ូ​លី​ស​ព្រំដែន និង​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​ការ​ការពារ​ពី​ការ​ឃ្លាំមើល

លោក ចា​ហ្គូ វេ​ត​លី សកម្មជន​ព្រៃឈើ​ជាន់ខ្ពស់​នៃ EIA បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន

នៅ​រសៀល​នេះ វី​អូ​ឌី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរ​សព្ទ​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក សៅ សុភាព ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​ពុំ​មានការ​ឆ្លើយ​តប​ពី​លោក​នោះ​ទេ​។

កាលពីដើម​ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា តាម​ការ​បង្គាប់​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ចំរុះ​មួយ ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ជាតិ លោក សៅ សុខា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​រត់ពន្ធ​ឈើ​ខុសច្បាប់​ទាំងអស់​ទៅ​វៀតណាម​។ កាលពី​ពេល​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ទៅ​លោក សៅ សុខា បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​ពីលើ​ឧទ្ធម្ភាគចក្រ នៅ​កាន់​អ្នក​លួច​កាប់​ឈើ​ផង​ដែរ​។

ភ្លាម​ៗ​នោះ នៅ​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០១៦ រ​ដ្ឋា​ភិ​បា​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​បាន​លុប​បំបាត់​ការ​កាប់​ឈើ​ខុសច្បាប់​ទូ​ទាំង​ប្រទេស ហើយ​ក៏​គ្មាន​ការ​នាំ​ឈើ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម​ទេ​។

ទោះជា​យ៉ាងណា​ក្នុង​របាយការណ៍​របស់ EIA កាលពី​ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា​នៅ​ចន្លោះ​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដល់​ខែ​មិ​នា ឆ្នាំ​២០១៧ ទំហំ​ឈើ​ប្រមាណ​៣០​ម៉ឺន​មែ​ត្រ​គូប ត្រូវ​បាន​លួចលាក់​នាំ​ចេញ និង​ធ្វើ​ឲ្យ​ស្របច្បាប់​ពី​ប្រទេស​កម្ពុជា​ទៅ​វៀតណាម​បើ​ទោះជា​កម្ពុជា​មាន​វិធានការ​ហាមឃាត់​ក៏​ដោយ​៕

ប្រភព ៖ VOD

 

 

Comments

comments