រដ្ឋសភា​នៃ​របប​ក្រុងភ្នំពេញ​បាន​អនុម័ត​ជា​ផ្លូវការ​ហើយ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​១០ របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ ដោយ​ចំនួន ១១២​សំឡេង​។ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​នេះ មិនមែន​ជា​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​សញ្ជាតិ​ចាស់​កាលពី​ឆ្នាំ​១៩៩៦ ឡើយ ក៏​ប៉ុន្តែ ជា​ការ​បង្កើត​ច្បាប់​ថ្មី ដោយ​រក្សា​ទុក​នូវ​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​សញ្ជាតិ ឆ្នាំ​១៩៩៦ ដែល​នៅ​មាន​លក្ខណៈ​សម​ស្រប​សម្រាប់​យក​មក​អនុវត្ត​នៅ​ក្នុង​បរិបទ​នា​ពេល​បច្ចុប្បន្ន​នៅឡើយ​។

លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ឡើង​ថ្លែង​ការពារ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ថ្លែង​ថា សញ្ជាតិ​ខ្មែរ គឺជា​ចំណង​គតិយុត្តិ និង​នយោបាយ​ដែល​ភ្ជាប់​បុគ្គល​ទៅ​នឹង​ប្រទេស​កម្ពុជា ហើយ​តាម​រយៈ​ចំណង​នេះ រូបវន្តបុគ្គល ត្រូវ​ចាត់ទុកជា​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ថា ការ​បង្កើត​ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​នេះ​ឡើង គឺ​ដោយសារ​ច្បាប់​ចាស់ មិន​សម​ស្រប​សម្រាប់​អនុវត្ត​ក្នុង​ស្ថានភាព​សង្គម​បច្ចុប្បន្ន​។

អគ្គលេខាធិការ​រដ្ឋសភា​ជាតិ លោក ឡេ​ង ប៉េង​ឡុ​ង ថ្លែងប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ​ថា ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​នេះ ធ្វើ​ឡើង​ដើម្បី​ចែង​ឲ្យ​បាន​លម្អិត​ជាង​មុន ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ដី​ពី​សញ្ជាតិ ដោយ​ផ្អែក​គោលការណ៍​សំខាន់​ៗ​ចំនួន ៤ ដែល​ត្រូវ​បាន​អនុវត្ត​ជា​សាកល​។ គោលការណ៍​ទាំង ៤ នោះ​រួម​មាន ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ការ​ផ្តល់​សញ្ជាតិ​តាម​ចំណងអាពាហ៍ពិពាហ៍ ការ​ផ្តល់​សញ្ជាតិ​តាម​ការ​ស្មុំ​កូន និង​ការ​ផ្តល់​សញ្ជាតិ​តាម​ការ​ផ្តល់​វិភាគទាន ឬ​វិនិយោគ ជាដើម​។ លោក​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ការ​វិនិយោគ ឬ​ការ​ផ្តល់​វិភាគទាន ពី​សំណាក់​ជនបរទេស ដើម្បី​ទទួល​បាន​សញ្ជាតិ​ឡើយ ដោយ​ទុក​វិសាលភាព​នេះ ឲ្យ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​កំណត់ តាម​រយៈ​ការ​ចេញ​អនុក្រឹត្យ​នា​ពេល​ខាង​មុខ​។ លោក ឡេ​ង ប៉េង​ឡុ​ង បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ ក៏​មាន​ចែង​អំពី​ខ្លឹមសារ​នៃ​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​៖ «​បាទ​! យើង​មាន​កំណត់​ថា ជនបរទេស​ដែល​ស្នាក់​នៅ​កម្ពុជា​យូរ ហើយនឹង​មាន​លក្ខណៈ​មួយ​ចំនួន​ដូច​ជា ចេះ​ភាសា​ខ្មែរ ចេះ​សរសេរ​អក្សរ​ខ្មែរ​… មាន​លក្ខណៈ​មួយ​ចំនួន គឺ​មាន​សិទ្ធិ​សុំ​ចូលសញ្ជាតិ​។ ការ​សុំ​ចូលសញ្ជាតិ​ហ្នឹង គឺ​ស៊ីសង​នឹង​រដ្ឋាភិបាល​ពិនិត្យ​មើល ថា​តើ​គួរ​អាច​ឲ្យ​ចូល​បាន ឬ​អត់​។ ប្រហែលជា ១០​ឆ្នាំ​។ កូន​កើត​នៅ​ស្រុក​ខ្មែរ ប្រហែលជា​អាច ៣​ឆ្នាំ​។ ខ្ញុំ​មិន​មានច្បាប់​នៅ​ហ្នឹង​មុខ​ទេ ប៉ុន្តែ ប្រហែល​ប៉ុណ្ណឹង បាទ​!»​។

យ៉ាងណា​ក៏​ដោយ លោក ឡេ​ង ប៉េង​ឡុ​ង បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ មិន​មាន​ចែង​ពី​កា​រដក​សញ្ជាតិ របស់​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ដូច​ជា​អំពើ​ក្បត់ជាតិ ឬ​ធ្វើអំពើ​ទាំងឡាយ​ណា​ដែល​មិន​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេស​កម្ពុជា​ឡើយ ដោយ​លោក​អះអាង​ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ សញ្ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិន​អាច​ត្រូវ​បាន​ដកហូត​ដោយ​រដ្ឋ​ឡើយ លុះត្រាតែ​មានការ​ស្នើ​សុំ​ពី​សាមីខ្លួន​ដែល​ចង់​លាលែង​សញ្ជាតិ​។ ហេតុ​ដូច្នេះ លោក​ថា អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​ៗ ត្រូវ​ជាប់​ទោស​ទៅ​តាម​ច្បាប់​កំណត់​ដដែល ហើយ​នៅ​តែ​ជាប់​កាតព្វកិច្ច​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​។

ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​នេះ ពុំ​មាន​ចែង​កំណត់​ថា នាយក​រដ្ឋមន្ត្រី ឬ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល ឬ​ស្ថាប័ន​ជាន់ខ្ពស់​របស់​ជាតិ ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នោះ​ឡើយ​។ ច្បាប់​ថ្មី​នេះ ចែង​ថា​ជនបរទេស​ណា​ដែល​កាន់កាប់ ប្រើប្រាស់ ឬ​ក្លែងបន្លំ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​កម្ពុជា នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ទៅ​១០​ឆ្នាំ​៕

ប្រភព ៖ RFA

 

Comments

comments