ក្រុមហ៊ុន​កាស៊ីណូ Macau Legend Development ដែល​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ហុងកុង​បាន​បង្ហាញ​ពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត​ដែល​រួម​មាន​កាស៊ីណូ និង​សេវា​មិនមែន​ល្បែង​នៅ​ក្នុង​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ដំណើរការ​នីតិវិធី​ទិញ​ដី​សម្រាប់​គម្រោង​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​ក្រុមហ៊ុន​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ស​ប្តា​ហ៍​មុន​។

ទោះ​យ៉ាងនេះ​ក្តី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​ដែល​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ក្រសួង​មិន​ដែល​ទទួល​បានការ​ស្នើ​សុំ ឬ ចរចា​ណាមួយ​លើ​គម្រោង​បង្កើត​កាស៊ីណូ​នៅ​សៀមរាប​នោះ​ទេ ហើយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម​ល្បែង ឬ កាស៊ីណូ​នៅ​ខេត្តសៀមរាប​នោះ​ឡើយ​។

គេហទំព័រ​ព័ត៌មាន​របស់ GGR Asia ដែល​ជា​គេហទំព័រ​ព័ត៌មាន​អំពី​ឧស្សាហកម្ម​កាស៊ីណូ​បាន​រាយការណ៍​ថា​លោក Chow Kam Fai ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Macau Legend Development បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ដី​សម្រាប់​ទីតាំង​កាស៊ីណូ និង​សេវា​មិនមែន​ល្បែង​នៅ​សៀមរាប​។ លោក​បន្ត​ថា​លោក​នឹង​បង្ហាញ​ពី​គម្រោង​នេះ​ក្នុង​ពេល​ឆាប់​ៗ​។

លោក Chow Kam Fai ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ GGR Asia ថា​៖ «​ការ​ទិញ​ដី​នេះ​ជិត​បញ្ចប់​ហើយ​។ ទាក់ទង​បញ្ហា​សំខាន់​ៗ​ដូច​ជា​ទំហំ​គម្រោង និង​បញ្ហា​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​អាច​បង្ហាញ​បញ្ហា​ទាំងនោះ​ក្នុង​រយៈពេល​ពី ២ ទៅ ៣ ខែ​ទៀត​»​។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ពី​គម្រោង​នេះនោះ​ទេ​។

សៀមរាប​គឺជា​ទិស​ដៅ​ទេសចរណ៍វប្បធម៌​ដ៏​ពេញ​និយម​ដោយ​មាន​ប្រាសាទ អង្គរវត្ត​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​។ គេហទំព័រ​ទេសចរណ៍ TripAdvisor កាលពី​ស​ប្តា​ហ៍​មុន​បាន​ចាត់​ថ្នាក់​ប្រាសាទអង្គរវត្ត​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាងគេ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​ការ​ចាត់​ថ្នាក់​ល្អ​ក្នុង​រយៈពេល ២ ឆ្នាំ​ជាប់​គ្នា​។ កាលពី​ឆ្នាំ​មុន​ប្រាសាទ​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដល់ ២,៥ លាន​នាក់​។

លោក រស់ ភិ​រុណ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រសួង​មិន​ដែល​បាន​ទទួល​សំណើ​វិនិយោគ​ពី​ក្រុមហ៊ុន Macau Legend Development នៅឡើយ​ទេ ហើយ​ថា​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​លើ​កាស៊ីណូ​នៅ​សៀមរាប​នោះ​ទេ​។

ទោះបី​យ៉ាងនេះ​ក្តី​លោក​ថា​កម្ពុជា​ស្វាគមន៍​ការ​វិនិយោគ​ថ្មី​លើ​គម្រោង​ក្រៅពី​កាស៊ីណូ​នៅ​ខេត្តសៀមរាប​។

តាម​លោក រស់ ភិ​រុណ គិត​មក​ទល់​ពេល​នេះ​មាន​អាជីវកម្ម​កាស៊ីណូ​ជាង ១០០ កន្លែង​នៅ​កម្ពុជា​។ លោក​បន្ថែម​ថា​កាលពី​ឆ្នាំ ២០១៧ ចំណូល​ពន្ធ​បាន​ពី​វិស័យ​កាស៊ីណូ​មាន​ប្រហែល ៣៧ លាន​ដុល្លារ​៕

ប្រភព​៖ P Post

Comments

comments