បុរស​២​នាក់​ជា​អ្នកមាន​ភាគហ៊ុន​ពុះ​ដី​ឡូត៍ ត្រូវ​បាន​អតិថិជន​របស់​ខ្លួន​ប្តឹង​ចោទប្រកាន់​ថា វេច​លុយ​រត់ មិន​ទទួលខុសត្រូវ​ក្រោយ​កក់​លុយ​ទិញ​ដី​រួច ហើយ​នាំ​គ្នា​ប្តឹង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ខណៈ​ដែល​ម្ចាស់​ភាគហ៊ុន​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ ដោយសារ​រឿង​ទិញ​លក់​ដី​ឡូត៍​ក្នុងភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម្ចាស់​ភាគហ៊ុន ឃាត់ខ្លួន​បាន​ម្នាក់ មានឈ្មោះ លឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ទិញ​/​លក់​ពុះ​ដី​ឡូត៍ មាន​ទីលំនៅ សង្កាត់​កើតហេតុ​។ ចំណែក ម្ចាស់​ភាគហ៊ុន​ម្នាក់​ទៀត រត់គេច​ខ្លួន​បាត់ មានឈ្មោះ ស វិចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ពុះ​ដី​ឡូ​តិ៍លក់​។

តាម​ប្រជាពលរដ្ឋ​ជា​អតិថិជន​មាន​វត្តមាន​ចំនួន​៤​នាក់ ប្តឹង​ចោទប្រកាន់​ទៅ​លើ ថៅកែ​ពុះ​ដី​ឡូត៍​ខាងលើ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទិញ​ដី​ឡូត៍ ថៅកែ​២​នាក់​ខាងលើ ក្នុង​តម្លៃ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ដី តម្លៃ​ចាប់ពី​២៧០០​ដុល្លា រហូត​ដល់​ជាង​១​ម៉ឺន​ដុល្លារ ក៏​ប៉ុន្តែ​ដី​ឡូត៍​ខាងលើ​ទើបតែ​ពុះ​លក់ ពួក​គាត់​ទៅ​ទិញ​ទើបតែ​កក់​លុយ​ជា​មុន ក្នុង​កិច្ចសន្យា​រយៈពេល​១​ខែ​ទើប​កាត់ឈ្មោះ ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​អតិថិជន ហើយ​កក់​ទៅ​តាម​ដំណាក់កាល ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៨​នេះ ដី​ឡូត៍​ដែល​ពួក​គាត់​ទិញ​កក់​លុយ​ហើយ​នោះ ត្រូវ​បាន​អ្នក​ផ្សេង អះអាង​ថា​ជា​ដី​របស់​គាត់​ទាំងអស់ ក៏​ដោយសារ​វ​លោក​ថៅកែ​ពុះ​ដី​ឡូត៍​ទាំង​២​នាក់​ខាងលើ ក្រោយ​ពី​ទិញ​ដី​គាត់​ហើយ គ្រាន់​បាន​ត្រឹមតែ​កក់​លុយ​តែ​ប៉ុណ្ណោះ ហើយ​លុយ​កក់​នោះ​ទៀត​សោត ដាច់ ហួសកំណត់​កិច្ចសន្យា​ទៅ​ហើយ ចាត់ទុកជា​មោឃៈ គាត់​ត្រូវ​យក​ដី​របស់​គាត់​វិញ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ទិញ​លក់​ដី​ខាងលើ ក្នុង​ករណី​ភាគី​សងខាង​ចរចា​គ្នា​ត្រូវ ក្នុង​តម្លៃ​សង​ណាមួយ​នោះ ភាគី​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ តែបើ​សិន​មិន​ត្រូវ​គ្នា​ទេ​នោះ សមត្ថកិច្ច​បន្ត​ទៅ​តាម​នីតិវិធី​៕

ប្រភព Reaksmey

Comments

comments