ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជា​អោយ​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​កោះហៅ​ប្រធាន​គណនី​នៅ​កាស៊ីណូ​ម្នាក់​ដែល​ជេរ​កូនចៅ​ឲ្យ​មក​សុំ​ទោស​ម្តាយ​បុគ្គលិក​ដែល​ត្រូវ​លោក​ប្រធាន​គណនី​នោះ​ជេរ​ពាក្យ​អសុរោះ ។

ការ​បញ្ជា​របស់​លោក ជួន ណា​រិ​ន្ទ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ដោយ​បង្ហាញ​ពី​ប្រធាន​គណនី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ខេន ដា​រិ​ន បម្រើ​ការងារ​នៅ​សណ្ឋាគារ និង កាស៊ីណូ Queenco បាន​ហៅ​កូនចៅ​ក្រោម​បង្គាប់​ខ្លួន​ដោយ​ប្រើ​ពាក្យ​អសុរោះ​ជេរ​កប់​ៗ​មាត់ ។

ក្រោយ​ហេតុការណ៍​នេះ ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​រួច​មក គេ​ឃើញ​មានការ​បង្ហោះ​រូបភាព​និង​វី​ដេ​អូ ដែល​គេ​ដឹង​ថា​ជា​ការ​ដោះស្រាយ​គ្នា​រវាង​លោក​ប្រធាន​គណនី​ដ៍ម​ហិមា​និង​កូនចៅ ព្រមទាំង​មាន​វត្តមាន​ម្តាយ​របស់​កូនចៅ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ផង​ដែរ ក្រោម​ការ​សម្របសម្រួល​ពី​អាជ្ញាធរ ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ គេ​ឃើញ​លោក ខេន ដា​រិ​ន ប្រធាន​គណនី កាស៊ីណូ Queenco នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ជេរ​ប្រមាថ​បុគ្គលិក​ក្រោម​បង្គាប់​របស់​ខ្លួន​ហើយ​រាលដាល​ដល់ ម្ដាយ​របស់​បុគ្គលិក​រូប​នោះ​ទៀត​ផង ។ អ្វី​ដែល​កាន់តែ​ហួសចិត្ត​ថែម​ទៀត​នោះ គឺ លោក ខេន ដា​រិ​ន ដែល​ជេរ​ម្ដាយ​គេ​ហើយ អោយ​គេ​សុំ​ទោស​ខ្លួន​ថែម​ទៀត ចំពោះ​ទ​ង្វើ​របស់​លោក ខេន ដា​រិ​ន ជេរ​ម្ដាយ​បុគ្គលិក លោក ខេន ដា​រិ​ន មិន​បាន​សុំ​ទោស​នោះ​ទេ ។

បើ​តាម​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បានអោយ​ដឹង​ទៀត​ថា ករណី​នេះ​ត្រូវ​តែ​អោយ​លោក ខេន ដា​រិ​ន ប្រធាន​គណនី​កាស៊ីណូ Queenco ធ្វើការ​សុំ​ទោស​ម្ដាយ​របស់​យុវជន​ម្នាក់​ដែល​ជា​បុគ្គលិក​នៅ​កាស៊ីណូ ។ ចំណែក​យុវជន​ជា​បុគ្គលិក​ដែល​ធ្វើការ​ខុសឆ្គង​នៅ​ក្នុង​ក្រុមហ៊ុន ឬ មាន​កំហុសឆ្គង​ចំពោះ​លោក ខេន ដា​រិ​ន ត្រូវ​សុំ​ទោស​លោក ខេន ដា​រិ​ន វិញ​ដែរ ។
មហាជន​សូម​គាំទ្រ​នូវ​ចំណាត់ការ​របស់​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​រក​យុត្តិធម៌​អោយ​ម្ដាយ​បុគ្គលិក​ដែល​រង​ការ​ជេរ​ប្រមាថ​ពី​ឈ្មោះ ខេន ដា​រិ​ន ប្រធាន​គណនី​កាស៊ីណូ Queenco នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

Comments

comments