សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ជា​ខួប​ទី​៦៩​ឆ្នាំ តូច​ជាង​រាល់​ឆ្នាំ ដោយសារ​តែ​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​ខ្លាំង បណ្ដាល​ឱ្យ​សុំ​ទីតាំង​វត្ត​អារាម និង​ទីតាំង​សាធារណៈ​មិន​បាន ទើបត្រូវ​បង្ខំចិត្ត រៀបចំ​នៅ​ក្នុង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចន្លោះ​២០០ ទៅ​៥០០​នាក់​។ សង្គម​ស៊ី​វិល ចង់​ឃើញ​រដ្ឋាភិបាល​យកចិត្តទុកដាក់ និង​ជួយ​សម្របសម្រួល​ឱ្យ​មាន​ទីតាំង​សាធារណៈ​ណាមួយ ដល់​ក្រុម​ខ្មែរក្រោម បាន​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​នេះ​។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន ថា ខួប​បាត់បង់​ទឹកដី​ខ្មែរក្រោម​នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​ដោយ​ស្ថានភាព​លំបាក ដោយសារ​តែ​ស្ថានភាព​នយោបាយ នៅ​កម្ពុជា មាន​ភាព​តានតឹង​ខ្លាំង​។ «»

សហគមន៍​ខ្មែរក្រោម បាន​ចេញ​សេចក្តី​អំពាវនាវ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឱ្យ​ពលរដ្ឋ​ចូលរួម​រំលឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ខួប​ទី​៦៩​ឆ្នាំ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៨ ដែល​នឹង​ប្រារព្ធ​នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរក្រោម នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩​។ ប្រធាន​ប្រតិបត្តិ​សហគមន៍​ខ្មែរក្រោម លោក ថា​ច់ សេដ្ឋា លើក​ឡើង​ក្នុង​សេចក្តី​អំពាវនាវ​ថា ចាប់ពី​ពេល​នោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធ​សាសនា​ខ្មែរ​យ៉ាង​សាហាវឃោរឃៅ​ជាទី​បំផុត​។ ផ្ដើម​ចេញពី​អំពើ​អមនុស្សធម៌​បែប​នេះ លោក ថា​ច់ សេដ្ឋា ថា ការ​តស៊ូ​ពលី​ជីវិត​នៃ​ប្រជាជាតិ​ខ្មែរ ក៏​ចាប់ផ្ដើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធ​សាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជាដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ច ចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ដោយ​នាំ​គ្នា រាប់បាត្រ​ព្រះសង្ឃ ១៩៤៩​អង្គ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់ថ្ងៃ​ទី​៤ មិថុនា​។

ខួប​៦៩​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី​ខ្មែរក្រោម​នៅ​ឆ្នាំ​នេះ ក៏​នឹង​មានការ​ចូលរួម​ពី​ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ ព្រះ​ក​រុណ​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែរ​។ ប៉ុន្តែ នៅ​ឆ្នាំ​នេះ សហគមន៍​ខ្មែរក្រោម នឹង​មិន​ធ្វើការ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ទេ ដោយសារ​កាលពី​ឆ្នាំ​មុន​អាជ្ញាធរ​បាន​រារាំង​ខ្មែរក្រោម មិន​ឱ្យ​ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ហើយ​ញត្តិ​ដែល​បាន​ដាក់​នោះ មិន​ត្រូវ​បាន​រដ្ឋសភា​យកចិត្ត​ទុក្ខ​ដាក់ អំពី​ទុក្ខ​កង្វល់​របស់​ខ្មែរក្រោម​ទេ​។

កាលពី​ឆ្នាំ​មុន សហគមន៍​ខ្មែរក្រោម​បាន​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ ដើម្បី​រំលឹក​ពី​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម តែ​ត្រូវ​របប​ក្រុងភ្នំពេញ​បដិសេធ​។

ក្រៅពី​មិន​ហែ​ញត្តិ សហគមន៍​ខ្មែរក្រោម ក៏​មិន​បាន​ដាក់​លិខិត​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ ឱ្យ​ចូលរួម​កម្មវិធី​ដូច​រាល់​ឆ្នាំ​ដែរ ដោយ​គ្រាន់​អំពាវនាវ​ជា​ទូទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​។ សហគមន៍​ខ្មែរក្រោម ក៏​នឹង​រៀបចំ​វេទិកា​សំណួរចម្លើយ ស្ដី​ពី​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ពលរដ្ឋ ទាក់ទង​នឹង​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ ។

យោង​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ថា ទឹកដី​កម្ពុជា​ក្រោម​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ខ្មែរ​ប​ច្ចប្ប​ន្ន​បាន​ត្រូវ​បារាំង​ដែល​ជា​អាណាព្យាបាល​ខ្មែរ បាន​កាត់​ឲ្យ​ទៅ​យួន​គ្រប់គ្រង នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ។

កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ជា​ខួប​ឆ្នាំ​ទី​៦៨ នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា សមាគម​ប្រមាណ​១០ បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ញត្តិ​មួយ​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ទី​0៥ មិថុនា តាម​រយៈ​ក្រសួងការបរទេស​កម្ពុជា ។ ខ្លឹមសារ​ក្នុង​ញត្តិ​នោះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ពិនិត្យ​ឡើង​វិញ​នូវ​ការ​រឹតត្បិត​សេរីភាព​គ្រប់យ៉ាង​មក​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​សព្វ​ថ្ងៃនេះ ។

ពលរដ្ឋ​ខ្មែរ​ទូទៅ​មានការ​ឈឺចាប់​ចំពោះ​ការ​បាត់​បង់ជីវិត​បុព្វបុរស និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន ដើម្បី​សេរីភាព និង​បុព្វហេតុ​ការពារ​ទឹកដី​របស់​ខ្លួន ជា​ពិសេស​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ ២១​ខេត្ត ដែល​វៀតណាម​បាន និង​កំពុង​គ្រប់គ្រង​ចាប់តាំងពី ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ។

ចំពោះ​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ជាង​១៤​លាន​នាក់​នោះ គណបក្សប្រឆាំង ក្រុម​សង្គម​ស៊ី​វិល​និង​មជ្ឈដ្ឋាន ក៍​ធ្លាប់​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​យក​ថ្ងៃ​ទី​០៤ មិថុនា​ជា​រៀង​រាល់​ដើម្បី​កាន់ទុក្ខ​ការ​បាត់បង់​នេះ ៕

 

 

 

Comments

comments