ខេត្ត​ព្រះ​សីហ​នុ ៖ ថ្មី​ៗ​កន្លង​ទៅ​នេះ មានការ​ចែកចាយ​វី​ដេ​អូ​មួយ​ពេញ​បណ្ដាញ​សង្គមហ្វេសប៊ុក ដោយ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ស្លៀក​ឯកសណ្ឋាន​ឧត្តមសេនីយ៍ត្រីយោធា ហើយ​ជិះ​ក្នុង​ឡាន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​និយាយ​ភាសា​ចិន ធ្វើ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ករណី​នេះ ។

បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​គ្រង​ឯកសណ្ឋាន​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ជិះឡាន​ទំនើប រួច​ថត​វី​ដេ​អូ​បង្ហោះ​លេង​អួត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​ខារ៉ាអូខេ​សៀង​ហៃ កណ្តាល​ក្រុងព្រះសីហនុ ។

បុរស​ចិន ដែល​ពាក់​ឯកសណ្ឋាន​ឧត្តមសេនីយ៍​យោធា (​ផ្កាយ​១) ថតរូប​បង្ហោះ​ហ្វេ​ស​ប៊ុ​ក រហូត​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចាប់​ឃាត់ខ្លួន​នោះ មានឈ្មោះ​ចាង ជិ​ង​សឹ​ន អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ចិន ទើប​មក​ពី​ម៉ា​កាវ ។

លោក​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់​ថា លោក​កំពុង​ពិនិត្យ​មើល​ករណី​នេះ​ហើយ ។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​ចិន​ពាក់​ផ្កាយ​១ ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ព្រមទាំង​ដកហូត​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-350 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខ​.​ម ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​ថ្លែង​បញ្ជាក់​ថា បុរស​ចិន​ឈ្មោះ​ចាង ជិ​ង​សឹ​ន ទើប​មក​ពី​ម៉ា​កាវ​នោះ បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ មាន​មិត្តភក្តិ​បាន​បើកឡាន​មក​ទទួល​រូបគេ ហើយ​នៅ​ក្នុង​ឡាន​នោះ មាន​ឯកសណ្ឋាន​កង​យោធពលខេមរៈភូមិន្ទ មាន​ស័ក្តិ​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ព្យួរ​ក្នុង​ឡាន ទើប​រូបគេ​យក​មក​ពាក់​លេង​ពេល​ជិះ​រថយន្ត និង​បាន​ថត​លេង មិន​នឹក​ស្មានថា ត្រូវ​គេ​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​បែប​នេះ​ទេ ។

ពេល​នេះ​បុរស​ជនជាតិ​ចិន​មក​ពី​ម៉ា​កាវ​រូប​នេះ កំពុង​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត ។ ដោយឡែក​រថយន្ត និង​ម្ចាស់​រថយន្ត​ដែល​ជា​មន្ត្រី​យោធា​នោះ កំពុង​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​យោធា​មាន​វិធានការ​ណ៍ហើយ ។

ជុំវិញ​ករណី​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​រថយន្ត ដែល​ជួល​អោយ​ជនជាតិ​ចិន ថែម​ទាំង​មាន​ឯកសណ្ឋាន​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) នោះ នៅឡើយ​ទេ ។ បាន​ត្រឹមតែ​ថា ម្ចាស់​រថយន្ត​ដែល​ជា​មន្ត្រី​យោធា​នោះ កំពុង​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​កងទ័ព​មាន​វិធានការ​ណ៍ហើយ ។ យ៉ាងណា​ក៏​ដោយ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចោទ​ជា​សំណួរ​ថា មិត្ត​ភក្ត្រ​គាត់​ជា​អ្នក​ណា ? បានជា​បណ្តែតបណ្តោយ ឲ្យ​បរទេស យក​ឯកសណ្ឋាន​កងកម្លាំង​ជាតិ ទៅ​ពាក់​លេង ដែល​ជា​ទ​ង្វើ​ខុសច្បាប់ ព្រោះ​មិន​មាន​ក្រប​ខណ្ឌ តួនាទី ឋានន្តរស័ក្តិ សូ​ម្បី​តែ​ពលរដ្ឋ​ខ្មែរ​ធម្មតា ក៏​មិន​ហ៊ាន​ពាក់​ផង ចុះ​ទម្រាំ​ជនបរទេស​ទៀត​នោះ ៕

Comments

comments