ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​របស់​ខ្លួន​ ដឹក​ប្រពន្ធ​ទៅ​លេង​ស្រុក​កំណើត លុះ​ផុងខ្លួន​ផឹកស៊ី អត់​លុយ​ឱ្យ​គេ ក៏​បែកគំនិត​យក​ម៉ូតូ​មិត្តភក្តិ​ទៅ​បញ្ចាំ​ បាន​ប្រាក់​៥០០​ដុល្លារ រួច​ក៏​ព្យាយាម​គេចខ្លួន​រហូត លុះ​១​ស​ប្តា​ហ៍​ក្រោយមក​ត្រឡប់​មក​វិញ មិនឃើញ​ម៉ូតូ ក៏​ត្រូវ​ម្ចាស់​សម្រេច​ឃាត់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ​។

ករណី​ខាងលើនេះកើត​ឡើងកាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ មិថុនា ​២០១៨ នៅ​ក្នុង​អង្គភាព​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​ក្នុងភូមិ​ទី​០១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​ ។

ជនសង្ស័យ​ដែល​យក​ម៉ូតូ​មិត្តភក្តិ​ទៅ​បញ្ចាំ​ មានឈ្មោះ​ជូ ផា​រិ​ទ្ធ អាយុ​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ មក​ពី​ស្នងការដ្ឋាន​ខេត្តបាត់ដំបង និង​ជា​សិក្ខាកាម​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម​ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ មានឈ្មោះ​វើ​ន រាំង​សី អាយុ​២៧​ឆ្នាំ ជា​សិក្ខាកាម​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម ដូច​គ្នា​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច បាន​បញ្ជាក់​ប្រាប់​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៤ មិថុនា ​២០១៨ កន្លង​ទៅ ជន​រង​គ្រោះ​ឈ្មោះ​វើ​ន រាំង​សី បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង ប្តឹង​ឈ្មោះ​ជូ ផា​រិ​ទ្ធ ពាក់ព័ន្ធ​ករណី​ឆបោក​យក​ម៉ូតូ​របស់​ខ្លួន​ទៅ បាត់​ជិត​១០​ថ្ងៃ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​រៀន​នៅ​សាលា​នគរបាល​មិត្តភាព កម្ពុជា​-​វៀតណាម ជាមួយ​គ្នា បន្ទាប់​មក នៅ​ថ្ងៃ​ទី​២៧ ឧសភា ជនសង្ស័យ​ឈ្មោះ​ជូ ផា​រិ​ទ្ធ បាន​ខ្ចី​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​កណ្តាល 1T-3107 ពី​ជន​រង​គ្រោះ​ឈ្មោះ​រាំង​សី ដើម្បី​យក​ទៅ​ឌុ​ប​ប្រពន្ធ​ទៅ​លេង​ស្រុក​កំណើត​ ។ ដោយ​យល់​ថា ជា​មិត្តភក្តិ​រៀន​សាលា​ជាមួយ​គ្នា ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​ថែម​ទៀត​ផង​នោះ ទើប​ជន​រង​គ្រោះ​បាន​យល់ព្រម​ឱ្យ​ជនសង្ស័យ​ខ្ចី​ម៉ូតូ​នោះ​ទៅ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ខ្ចី​ម៉ូតូ​បាន​ហើយ ជនសង្ស័យ​បាន​ជិះ​យក​ទៅ​បាត់​រហូត ទូរស័ព្ទ​ចូល​ក៏​មិន​លើក រហូត​ម​ដល់​ថ្ងៃ​ទី​០៤ មិថុនា ទើប​ឃើញ​ជនសង្ស័យ ឈ្មោះ​ជូ ផា​រិ​ទ្ធ មក​ដល់​អង្គភាព​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម វិញ តែ​មិនឃើញ​ម៉ូតូ​របស់​ខ្លួន​សោះ ទើប​ជន​រង​គ្រោះ​ឃាត់ខ្លួន​នាំ​ជនសង្ស័យ​មក​ដល់​ប៉ុស្តិ៍​ន៍គរបាល​ត្រែង​ត្រ​យឹ​ង ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សួរនាំ​តែ​ម្តង​ ។

លោក​សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង បាន​បញ្ជាក់​ប្រាប់​ថា ពេល​ជនសង្ស័យ​ត្រឡប់​មក​ដល់​វិញ ជន​រង​គ្រោះ​ក៏​បាន​សួរ​រក​ម៉ូតូ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​និយាយ​ថា ផឹកស៊ី​អត់​លុយ​ឱ្យ​គេ ក៏​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​ហើយ បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ​ ។

ក្រោយ​មានការ​ការ​សម្របសម្រួល​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​រួច​មក ភាគី​ទាំង​សងខាង​បាន​ព្រមព្រៀង​គ្នា ដោយ​យក​លុយ​ទៅ​លស់​ម៉ូតូ ដែល​ដាក់បញ្ចាំ​នៅ​រាជធានី​ភ្នំពេញ នោះ​បាន​មក​វិញ​ហើយ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​ភាគី​ជនសង្ស័យ​ត្រូវ​សង​រំលស់​ដល់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ ក្នុង​១​ខែ ចំនួន​១០០​ដុល្លារ ហើយ​ក៏​បញ្ចប់រឿង​តែ​ម្តង ដោយ​នគរបាល​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ទេ​ ៕

 

Comments

comments