រាជធានីភ្នំពេញ​ ៖ លោក​វរសេនីយ៍ទោ សុខ រិ​ទ្ធ អត្តលេខ ២៧៥១៩ ដែល​មាន​តួនាទី ជា​នាយ​រង​ការិយាល័យ​អន្តរាគមន៍ និង​ត​ម្រូ​ត​បទបញ្ជា ដ៏​មាន​អំណាច និង​ឥទ្ធិពល​ប្រចាំ​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មេធាវី​ម្នាក់​ទៀត ជា​ដៃគូ ឈ្មោះ ឌុ​ល សុខា មាន​អត្តលេខ ១០២៩ ត្រូវ​បាន​ពលរដ្ឋ​ជាសាច់ញាតិ​របស់ក្រឡាបញ្ជី​ម្នាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់​ពាក្យ​ប្តឹង​ទៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ចាត់ការ​តាម​ច្បាប់ ​។

យោង​តាម​ពាក្យបណ្តឹង​ដែល​ត្រូវ​បាន ក្រុម​ដើមបណ្តឹង​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​កសម្តេចតេ​ជោ នាយក​រដ្ឋមន្ត្រី និង​បាន​ដាក់​ទៅ​កាន់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ប្តឹង​លោក វរសេនីយ៍ទោ សុខ រិ​ទ្ធ ដែល​មន្ត្រី​ភាគច្រើន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់​រហ័ស​នាម​ឲ្យ​ថា ជា “​ព្រះរាជអាជ្ញា​ធំ​ទី​២” និង​លោក មេធាវី ឌុ​ល សុខា ជា​មនុស្ស​ជំនិត​លោក សុខ រិ​ទ្ធ ពាក់ព័ន្ធករណីពុក​រលួយ ​ដោយ​រត់ការ​សូកប៉ាន់​តុលាការ និង​ជ្រៀតជ្រែក​កិច្ចការ​តុលាការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដោះ​លែង​ជនសង្ស័យ​ក្នុង​រឿង​ព្រហ្មទណ្ឌ ​។

ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​២០ ឧសភា ​២០១៨ មានឈ្មោះ តាំង បុប្ផា និង​ឈ្មោះ តាំង ហុត​ធី ជាដើម​បណ្តឹង បាន​រៀបរាប់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេសា ២០១៨ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទួន សុ​វ​ណ្ណា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរអគ្គនាយក​មីក្រូហិរញ្ញវត្ថុ​ឈ្មោះ ប្រសិទ្ធ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

នៅ​ពេល​សមត្ថកិច្ច​បញ្ជូន​ខ្លួន ជនសង្ស័យ​ឈ្មោះ ទួន សុ​វ​ណ្ណា ទៅ​ដល់​តុលាការ មានឈ្មោះ ឡេ​ង វណ្ណៈ បាន​ទៅ​ពឹងពាក់​មេធាវី​ម្នាក់​ឈ្មោះ សួន ប៊ុ​ន​ធឿ​ន ឲ្យ​ការពារ​សិទ្ធិ​ជនសង្ស័យ​ ។

នៅ​ពេល​នោះ​លោក​មេធាវី សួន ប៊ុ​ន​ធឿ​ន បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ ០១២ ៤៨៣ ៥៤៦ ខ​ល​ទៅ​លេខ​ទូរស័ព្ទ​លោក​មេធាវី ឌុ​ល សុខា លេខ ០៧៦ ៧៧៧ ៤២៨៤ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ដោះ​លែង​ជនសង្ស័យ​ឈ្មោះ ទួន សុ​វ​ណ្ណា​ ។

បន្ទាប់​មក​លោក​មេធាវី ឈ្មោះ ឌុ​ល សុខា បានយក​លេខ​ទូរស័ព្ទ ០៧៦ ៧៧៧ ៤២៨៤ ខ​ល​ទៅ​លេខ​ទូរស័ព្ទ​លោក​វរសេនីយ៍ទោ សុខ រិ​ទ្ធ មាន​លេខ ០១២ ៨៧៧ ០១២ ដើម្បី​ឲ្យ លោក សុខ រិ​ទ្ធ អន្តរាគមន៍​ទៅ ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿងបញ្ជា​ឲ្យ​ដោះ​លែង​ជនសង្ស័យ ឈ្មោះ ទួន សុ​វ​ណ្ណា ភ្លាម ដោយ​មេធាវី ឌុ​ល សុខា សន្យា​ជូន​លុយ​ទៅ​លោក សុខ រិ​ទ្ធ ចំនួន៨,០០០​ដុល្លារ ​។

ក្រោយ​ពេល​បាន​ទទួល​ដំណឹង​ពី​លោក​មេធាវី ឌុ​ល សុខា ជា​មនុស្ស​ជំនិត​រួច​ហើយ លោក​វរសេនីយ៍ទោ សុខ រិ​ទ្ធ បាន​យក​លេខ​ទូរស័ព្ទ ០១២ ៨៧៧ ០១២ ខ​ល​ទៅ​ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​លេខ ១៧១៧ ចុះ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ បញ្ជា​ឲ្យ​ដោះ​លែង​ជនសង្ស័យ​ឈ្មោះ ទួន សុ​វ​ណ្ណា ភ្លាម​ៗ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​ ។

បើ​តាម​ពាក្យបណ្តឹង ដដែល​ក៏​បាន​បន្ថែម​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ សុខ​រិ​ទ្ធ និង​លោក​មេធាវី ឌុ​ល សុខា បាន​យក​លុយ​ចំនួន ៥,០០០​ដុល្លារ ទៅ​សូកប៉ាន់​លោក​ព្រះរាជអាជ្ញា​រង ឡុ​ង ជាប ឲ្យ​តម្កល់​សំណុំរឿង​លេខ ៩០០ ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ទុក​ឥត​ចាត់ការ ថែម​ទៀត​ផង ​។

ដើ​បណ្តឹង បាន​សំណូមពរ ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ចាប់​ជន​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ​។

បើ​យោង​តាម​មាត្រា៣២ នៃ​ច្បាប់​ស្តី​ពី ការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចែង​ថា បទសូកប៉ាន់ ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា៦០៥ នៃ​ក្រមព្រហ្មទណ្ឌ ដោយបទ សូកប៉ាន់ ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ ។ ចំណែក​មាត្រា ៦០៩ នៃ​ក្រមព្រហ្មទណ្ឌ បទជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ ត្រូវ​ផ្តន្ទាទោស​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​ ៕

Comments

comments