ភ្នំពេញ ៖ តូប​អាជីវករ​នៅ​ផ្សារ​ធំ​ថ្មី​ចំនួន​៣​តូប ដែល​បាន​ដាក់​តាំង​លក់ និង​ចែកចាយ​បារី 555 ក្លែងក្លាយ ជាង​១,០០០​សុង ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ម្ចាស់​តូប បញ្ជូន​ទៅ​សួរនាំ តាម​នីតិវិធី​ច្បាប់ ។

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

មន្ត្រី​នគរបាល បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន British American Tobacco ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​លើ​បារី 555 នៅ​ប្រទេស​កម្ពុជា​រួច​មក កម្លាំង​សមត្ថកិច្ច​ក៏​បាន​សហការ​ស្រាវជ្រាវ​លើ​ករណី​នេះ រហូត​ឈាន​ដល់​ការ​បង្ក្រាប​នៅ​ថ្ងៃ​ទី​៦ មិថុនា តែ​ម្ដង ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ក្នុង​តូប​ចំនួន​៣ ក្នុង​នោះ​តូប​លក់​បារី​លេខ​001, លេខ​002 និង​តូប​គ្មាន​លេខ​ជាប់​គ្នា​ក្នុង​ផ្សារ​ធំ​ថ្មី ដកហូត​បាន​បារី 555 ក្លែងក្លាយ​សរុប​ចំនួន ៣២​សុង និង​បាន​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​លេខ​28Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដែល​មាន​ម្ចាស់​ឈ្មោះ ឈួ​ន ឆេ​ង អាយុ​៤៦​ឆ្នាំ ជា​ម្ចាស់​តែ​មួយ​ជាមួយ​តូប​លេខ​001 និង​លេខ​002 សមត្ថកិច្ច​បាន​រក​ឃើញ​បារី 555 ក្លែងក្លាយ​សរុប​ចំនួន ១,០២៤​សុង និង​បាន​ដកហូត​វត្ថុ​តាង​ទាំងអស់​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ហើយ​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ៕

Comments

comments