«​ឥឡូវនេះ​តើ​គេ​(​សម រ​ង្ស៊ី​) ហ៊ាន​ចេញ​មុខ​ប្រឆាំង​ជាមួយ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ឬទេ​។ បើ​គេ​ចេញ​មុខ​ប្រឆាំង​សូមកុំ​ភ្លេច​ថា នេះ​ជា​ទោស​ពានវាំង​តែ​ម្ដង ប្រោះ​ទ​ង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា ថ្ងៃ​ណាមួយ​គេ​នឹង​បំផ្លាញ​របប​រាជា​និយម អាស្រ័យ​ធម្មនុញ្ញ និង​ផ្ដួលរំលំ​រា​ជប​ល្ល័​ង​តែ​ម្ដង​។ ព្រះមហាក្សត្រ​អំពាវនាវ​តាម​ព្រះរាជ​សារ ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធ​បោះ​ឆ្នោត​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា បើសិន​គេ​អំពាវនាវ​ឲ្យ​ប្រជាជន​កុំទៅ​បោះ​ឆ្នោត គឺ​ច្បាស់​ណាស់​ថា នេះ​ជា​ការ​ប្រឆាំង​ព្រះមហាក្សត្រ​តែ​ម្ដង មិន​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន ទេ​គឺ​ប្រឆាំង​ស្ដេច​ផែនដី​តែ​ម្ដង​។ អ្នកឯង​ត្រូវ​កំផ្លៀង​ធ្ងន់ធ្ងរ​»​។

ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​អំពាវនាវ​ដោយ​ហាម​ពលរដ្ឋ និង​អ្នកគាំទ្រ ទៅ​បោះ​ឆ្នោត ក្រោម​ពាក្យស្លោក​មួយ​ថា «​ដេក​ផ្ទះ ឈ្នះ​ឯង​» ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​។

យ៉ាងណា​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ បាន​ឆ្លើយ​តប​ពាក្យស្លោក​របស់​មេ​បក្ស​ប្រឆាំង​ខាងលើ​ថា​«​មិន​ដែល​ម៉ែ​អាណា​ដេក​ផ្ទះ ឈ្នះ​ឯង ដេក​ផ្ទះ​ស្មើនឹង​អត់បាយ​ក្នុង​ឆ្នាំង »​។

ជាមួយ​គ្នា​នេះ​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង ដែល​រិះគន់​បក្ស​ដទៃ​ជា​បក្ស​អាប បក្ស​ទប់​ជើង​គ្រែ បក្ស​អំពិល​អំ​ព័ក បក្ស​រណប​រដ្ឋាភិបាល​នោះ ជា​ការ​ប្រមាថ​ដល់​សិទ្ធ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋ​។

សម្រាប់​អ្នកវិភាគ​វិញ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ អាច​នឹង​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មិន​ដល់​៥០​ភាគរយ​ឡើយ ដែល​វា​អាច​ជា​រូបភាព​អាក្រក់​មួយ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​នីតិកាល​ទី​៦​នេះ​។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ​ថា បើ​ទោះជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ក្រោម​៥០​ភាគរយ ក៏​សន្លឹក​ឆ្នោត​ទាំងអស់ ចាត់ទុកជា​បានការ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ដែរ ព្រោះ​កម្ពុជា​គ្មាន​ច្បាប់​កំណត់​ចំនួន​អ្នកបោះឆ្នោត​នោះ​ទេ​៕

Comments

comments