ភ្នំពេញ ៖ ក្រោយ​មានការ​រអ៊ូរទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត អំពី​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​នោះ ក្រសួង​ចំនួន​៣ បាន​កំពុង​ពិភាក្សា​វិធានការ​បណ្ដោះអាសន្ន ដោយ​បញ្ចុះតម្លៃ​ពន្ធ​២​សេន​(​ដុល្លារ​) លើ​ប្រេងសាំង​គ្រប់​ភេទ និង​ប្រេងម៉ាស៊ូត នេះ​បើ​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍ PNN ។

ក្រោយ​កិច្ចប្រជុំ នា​ពេល​ថ្មី​ៗ​នេះ ក្រសួង​បី​រួម​មាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួងពាណិជ្ជកម្ម កំពុង​ប​ញ្ចូ​ន​ឯកសារ​សម្រេច​ទៅ​ដល់​ដៃ​ប្រមុខ​រដ្ឋាភិបាល ក្នុង​ពេល​ឆាប់​ៗ ។ វិធានការ​នេះ ជម្រុញ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​បញ្ចុះតម្លៃ​២​សេន លើ​ប្រេងសាំង​ស៊ុប​ពែរ សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ដូច​គ្នា ។

បច្ចុប្បន្ន​នេះ តម្លៃ​ប្រេងសាំង​ធម្មតា​ប្រមាណ​ជា ៤,៣០០​រៀល និង​សាំង​ស៊ុប​ពែ មាន​តម្លៃ​ប្រមាណ​ជា ៤,៦០០​រៀល នៅ​ពេល​សាំង​ឡើងថ្លៃ គឺ​លោត ឬ​ហក់​ដល់​៥០០​រៀល​តែ​ម្តង តែ​ដល់​ពេល​ចុះ​វិញ​ត្រឹមតែ​១០០​រៀល តឹង​ដូច​អូស​ឫស្សី​បញ្ចា​ស់​ចុង ។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​តែងតែ​ឡើងថ្លៃ​លឿន ហើយ​ម្យ៉ាងវិញទៀត នៅ​ពេល​ឡើងថ្លៃ គឺ​មិន​ងាយ​ចុះថ្លៃ​វិញ​ទេ ឡើង​គឺ​ឡើង​លឿន​ណាស់ បើ​ចុះ​វិញ​ដូច​សត្វ​អណ្ដើក​វារ​អ៊ីចឹង ។

តើ​គួរ​សាទរ ឬ​អស់​សរសើរ ដែល​រដ្ឋមន្ត្រី​៣​ក្រសួង រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​បាន​ប្រជុំ​គ្នា និង​សម្រេច​បញ្ចុះតម្លៃ​ប្រេងសាំង ឬ​បន្ថយពន្ធ​សាំង ជូន​ប្រជាពលរដ្ឋ ក្នុង​មួយ​លី​ត្រ «២​សេន​(​ដុល្លារ​)» ដែល​គិត​ជា​ប្រាក់​រៀល​(​លុយ​ខ្មែ​) គឺ​ក្នុង​ចន្លោះ​៥០​រៀល ទៅ​៨០​រៀល ដើម្បី​អបអរសាទរ​រដូវ​កាល​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​នា​ពេល​ខាង​មុខ​នេះ ?

Comments

comments