សហគមន៍​ព្រៃ​ឡង់​ខេត្តក្រចេះ និង​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ចោទ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក (Ci-Biotech Co., Ltd) ថា ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ដែនជម្រកសត្វព្រៃ​ឡង់​ខុសច្បាប់ និង​មាន​ដេប៉ូ​អារច្រៀក​ឈើ​ដឹក​ទៅ​ប្រទេស​វៀតណាម​។ សហគមន៍​ថា មាន​ឧកញ៉ា​មួយ​ចំនួន ជ្រក​ក្រោម​រូបភាព​ក្រុមហ៊ុន​នេះ ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​។

ជនជាតិ​ដើម​ភាគតិច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា​ថា ក្រុមហ៊ុន​ស៊ី​បាយ​អូរ​ថេ​ក ឬ​ហៅ​ថា​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើង​វិញ នៅ​តែ​បន្តសកម្មភាព​ឈូស​ឆាយ​ព្រៃ និង​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​ដើម​ច្បោះ​ជ័រ​រាប់​លាន​ដើម ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​តំបន់​នោះ បាត់បង់​ជា​បន្តបន្ទាប់​។ ពួក​គេ​អង្កេត​ឃើញ​ថា ក្រុមហ៊ុន​នេះ បាន​ដឹកឈើ​ពី​ដែនជម្រកសត្វព្រៃ​ឡង់ បន្លំ​ជា​ឈើ​ស្របច្បាប់ ដឹក​ទៅ​លក់​នៅ​ក្រៅប្រទេស​។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​អា​ជេន ឃុំ​បឹង​ចារ ស្រុក​សំបូរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ព្រៃស្រោង​ក្នុង​តំបន់​អូរ​ជាំ ដែល​ជា​ប្រភព​ដើមឈើ​ផលិត​ជ័រទឹក រាប់​លាន​ដើម ត្រូវ​គេ​កាប់​អស់​ស្ទើរ​ទាំងស្រុង និង​មាន​ផ្នែក​ខ្លះ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​យក អារ​រំលំ​ឈើ​មួល​ធំ​ៗ ធ្វើ​អាជីវកម្ម​។ លោក​ថា ក្រុមហ៊ុន​នេះ បាន​ប្រើ​លេស​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើង​វិញ ដាំ​ដើម​អាកា​ស្យា តែ​ធាតុ​ពិត​គឺ​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ដេប៉ូ​អារច្រៀក​ឈើ ជាប់​ព្រៃ​ឡង់ និង​សន្តិសុខ​យាម​តឹងតែង​។ លោក​បន្ថែម​ថា ព្រៃស្រោង​នៅ​តំបន់​ព្រៃ​ឡង់​ជា​ច្រើន​កន្លែង ត្រូវ​ក្រុមហ៊ុន​កាប់​យក​ឈើ​ធំ​ៗ​លក់​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ព្រៃ​អភិរក្ស​មួយ​នេះ បាត់បង់​ស្ទើរ​ទាំងស្រុង​៖ «​ឧកញ៉ា​ជ្រក​ក្រោម​ម្លប់​ហ្នឹង វា​យក​លេស​ជា​ក្រុមហ៊ុន វា​កាប់​ឈើ​ចេញពី​ព្រៃ​ឡង់ អារ​ច្រោះ​ជ័រ​ប្រជាជន ដើរ​ទិញ ប្រជាជន​ខ្លះ​គំរាមកំហែង​គ្នា​។ ខ្លះ​លក់ ៤​រយ​ដើម ២​រយ​ដើម​។ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​កាប់ ១​រយ​ដើម សុទ្ធ​ច្បោះ​ជ័រ​ដើម​ធំ​ៗ​ទៀត​»​។

កន្លង​ទៅ​ពលរដ្ឋ​រស់នៅ​ឃុំ​បឹង​ចារ និង​ឃុំ​កំពង់ចាម ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នេះ ច្រើន​សា​ពី​បទ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​អស់​ច្រើន​ពាន់​ដើម តែ​រហូត​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​មិន​ដល់​១០​គ្រួសារ​ទេ ដែរ​ទទួល​បាន​សំណង​តិចតួច ជំនួស​ពី​ការ​បាត់បង់​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន ដែល​ធ្លាប់​ទទួលផល​ពី​ការ​ដុត​យក​ជ័រទឹក​លក់​ក្នុង​មួយ​ខែ​ៗ​ច្រើន​លាន​រៀល​។

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន​ស៊ី​បាយ​អូរ​ថេ​ក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ឧសភា​។

មេឃុំ​កំពង់ចាម លោក ឈិ​ត លៀង និយាយ​ថា អាជ្ញាធរ​ឃុំ​មិន​បាន​ទទួល​ដំណឹង​ពី​ការ​បាត់បង់ ដើមឈើ​ផលិត​ជ័រទឹក​នោះ​ទេ ហើយ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​តំបន់​វិនិយោគ​ដែល​រដ្ឋាភិបាល​អនុញ្ញាត​។ លោក​អះអាង​ថា ផ្ទៃដី​ក្នុង​ឃុំ​កំពង់ចាម មាន​ផ្នែក​ខ្លះ ក៏​ឋិត​ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​ដែរ​៖ «​ស្តារ​ឈើ​ឡើង​វិញ គេ​កាប់​ក្នុង​តំបន់​វិនិយោគ​ព្រៃ​។ រឿង​ច្បោះ​ខ្ញុំ​អត់​ដឹង​ទេ​»​។

ក្រុមហ៊ុន ស៊ី​បាយ​អូ​ថេ​ច វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកា​ស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើង​វិញ ដែល​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន​ហិ​កតារ (៣៤.០០៧) កាលពី​ខែមិថុនា ឆ្នាំ​២០១២ ឋិត​នៅ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ សា​ឡង់​ផ្ទុក​ឈើ​ជិត ២០​ម៉ែត្រគូប របស់​ក្រុមហ៊ុន ស៊ី​បាយ​អូ​ថេ​ក បាន​លិច​នៅ​កំពង់ដ នៃ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ សហគមន៍​ព្រៃ​ឡង់​ថា ឈើ​ទាំងនោះ គឺជា​ឈើ​ដែល​គេ​កាប់​ពី​ដែនជម្រកសត្វព្រៃ​ឡង់ មក​អារច្រៀក​ក្នុង​ដេប៉ូ​របស់​ក្រុមហ៊ុន​នេះ បំណង​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

កាលពី​ថ្ងៃ​ទី​២៧ ឧសភា មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ អាជ្ញាធរ​ខេត្តក្រចេះ និង​សមត្ថកិច្ច បាន​ចុះ​ទៅ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ក៏​ប៉ុន្តែ​ពួក​គេ​មិន​អាច​ទៅ​ដល់​គោលដៅ ដោយសារ​ក្រុមហ៊ុន​បាន​កាត់​ផ្ដាច់​ផ្លូវ រាំង​ខ្ទប់​ដំណើរ​។ ចំណែក​ក្រុមហ៊ុន​បាន​ប្រញាប់​ដឹក​គ្រឿងចក្រ និង​ឈើ​ជម្លៀស​ចេញ​យ៉ាង​លឿន​។

សកម្មជន​ការពារ​ព្រៃ​ឡង់ ខេត្តក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ចោទ​ថា តំបន់​ព្រៃស្រោង ដែល​ជា​ជម្រក​សត្វព្រៃ​រស់នៅ​ចំណុច​អូរ​ជាំ និង​ជា​ជម្រក​ជីវចម្រុះ ត្រូវ​ក្រុមហ៊ុន​កាប់​យក​ឈើ​ធំ​ៗ អស់​រាប់​ម៉ឺន​ដើម មិន​មាន​អាជ្ញាធរ​ណា​ចុះ​ទប់ស្កាត់​។ លោក​ថា ឧកញ៉ា​មួយ​ចំនួន និង អ្នកមាន​អំណាច​ខ្លះ បាន​ជ្រក​ក្រោម​ស្លាក​របស់​ក្រុមហ៊ុន​នេះ ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​៖ «​ទាក់ទង​ក្រុមហ៊ុន​នេះ បណ្ដាល​ឲ្យ​វិនាសកម្ម​ខ្លាំង​។ ក្រុមហ៊ុន​នេះ​ឥឡូវ​អត់​មាន​ដាំ​ដើមឈើ​ទេ គឺ​កាប់​តែ​ម្ដង ហើយ​នៅ​តំបន់​ដែល​ក្រុមហ៊ុន​កាប់​សុទ្ធ​ឈើ​ធំ ភាគច្រើន​ច្បោះ​ជ័រ​ពលរដ្ឋ​។ ដី​ក្រុមហ៊ុន​ហ្នឹង សុទ្ធ​ច្បោះ​ជ័រ​ពលរដ្ឋ បើ​ក្រុមហ៊ុន​ឈូស​ឆាយ កាប់ លើ​ច្បោះ​របស់​ពលរដ្ឋ​ទាំងស្រុង​»​។

កាលពី​ឆ្នាំ​២០១៦ សហគមន៍​ព្រៃ​ឡង់ និង​ពលរដ្ឋ​រស់នៅ​ឃុំ​បឹង​ចារ និង​ឃុំ​កំពង់ចាម ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នេះ​ថា ប្រើ​គ្រឿងចក្រ ឈូស​ឆាយ​យក​ឈើ​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ឡង់ និង​បោះទីតាំង​អារច្រៀក ឬ​ដេប៉ូ​អារឈើ​ជាប់​តំបន់​អភិរក្ស ដែល​មាន​រថយន្ត​យី​ឌុ​ប​ច្រើន​គ្រឿង​ត្រៀម​ដឹក​ចេញ​ក្រៅ​។ សហគមន៍​ព្រៃ​ឡង់​បារម្ភ​ថា បើ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្តក្រចេះ នៅ​តែ​បិទ​ភ្នែក​មិន​ចាត់វិធានការ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​ទេ ដើមឈើ​ផលិត​ជ័រទឹក​ដែល​នៅ​សេសសល់​ចុង​ក្រោយ​របស់​ពលរដ្ឋ​នឹង​រលាយ​នៅ​ពេល​ឆាប់​ៗ​នេះ​៕

ប្រភព ៖ RFA

 

Comments

comments