ត្បូងឃ្មុំ​ ៖ បុរស​ម្នាក់​ដែលបាន​បង្ហោះ​វី​ដេ​អូ នៅលើ ហ្វេសប៊ុក ដោយ​បាន​អះអាង​ថា បាន​ទៅ​ទិញ​ភេសជ្ជៈតែប៉ៃតង «Oishi» មួយ​ដប​មក​ផឹក ស្រាប់តែ​ត្រូវ​រង្វាន់ រថយន្ដ​មួយ​គ្រឿង ប៉ុន្ដែ​រង្វាន់​នោះ​មិន​បាន​មក​ខ្លួន​ទេ ដោយ​ត្រូវ​ថៅកែ​ខារ៉ាអូខេ «​វិមាន​ទ្រព្យ​» ស៊ីដាច់​គម្រប​ដប​ដើម្បី​យក​ទៅ​បើក​រង្វាន់​ ទៅវិញ ។

​ករណី​នេះបង្កឲ្យមានការភ្ញាក់ផ្អើល​ឡើង ទើបនៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៨​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន បាន​អះអាង​ថា ​លោក​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ករណី​នេះ ដើម្បី​មក​ធ្វើការ​សួរ​រក​ខុស​ត្រូវ និង​បាន​ស្នើ​ទៅ​ក្រុមហ៊ុន Oishi ឲ្យ​ផ្អាក​ការ​ផ្ដល់​រង្វាន់​លើ​ករណី​នេះ ជា​បណ្ដោះអាសន្ន​សិន ដោយ​រង់ចាំ​ការ​ដោះស្រាយ​ចប់​សព្វគ្រប់​ ។

គម្របដប តែ​ប៉ៃតង អូអីឈិ​ ដែលត្រូវរង្វាន់​ហើយត្រូវថៅកែយកពីកម្មករនោះ​ ពេលនេះ​ លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូនប្អូនប្រុសម្ចាស់គម្របពិត​ ។​

បើ​តាម​លោក​បែន រ័​ត្ន ប្រាប់ថា រឿង​នេះ​គឺជា​រឿង​ពិត ពាក់ព័ន្ធ​មនុស្ស​៣​នាក់ មាន​កម្មករ​២​នាក់ (​ម្នាក់​ពិការ​) ផ្តើម​ចេញពី​លុយ​ធិ​ប​ចំនួន​៥​ពាន់​រៀល ហើយ​នាំ​គ្នា​ទៅ​ទិញ​ទឹកតែ Oishi ១​ដប​ហូប​២​នាក់ ស្រាប់តែ​ត្រូវ​រង្វាន់​ឡាន​មួយ​គ្រឿង​តែ​ម្ដង ​។

បុរស​ដែល​បាន​បង្ហោះ​សារ បាន​រៀបរាប់​ថា នៅ​ពេល​ត្រូវ​រង្វាន់​រូបគេ​ហ៊ាន​រក្សា​ទុក​ខ្លួនឯង​នោះ​ទេ ពោល​យក​ទៅ​ផ្ញើ​នៅ​ថៅកែ​កា​រ៉ា​អូ​ខេ «​វិមាន​ទ្រព្យ​» ដើម្បី​ឲ្យ​ជួយ​រក្សា​ទុក​សម្រាប់​បើក​រង្វាន់ ប៉ុន្ដែ​ត្រូវ​ថៅកែ​រូប​នោះ ស៊ីដាច់​យក​ទៅ​បើក​ដោយ​ខ្លួនឯង​វិញ​ ។

ដោយឡែក នៅ​ពេល​នេះ រង្វាន់​មិន​ទាន់​បើក​បាន​នៅឡើយ​ទេ ហើយ​អ្នក​ទាំង​៣ កំពុង​បំពេញ​កំណត់ហេតុ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​​ ។ ហើយសមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ទាក់ទង​ទៅ​ក្រុមហ៊ុន ដើម្បី​ផ្អាក​ផ្តល់​រង្វាន់​សិន រង់ចាំ​ការ​ដោះស្រាយ​បាន​ចប់​សព្វគ្រប់សិន ៕

Comments

comments