ភ្នំពេញ​ ៖ បុរស​ជា​ប្តី​ដោយសារ​តែ​ចង់​រួម​ភេទ ហើយខឹងប្រពន្ធ​បដិសេធ​ បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ បណ្តាល​ឲ្យ​ជាំ​ភ្នែក ត្រូវបានសមត្ថកិច្ច​ ​នាំ​ប្តី​ប្រពន្ធ​នោះ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ ដើម្បី​សម្របសម្រួល ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​១២​និង​១០​នារី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា ​២០១៨ ត្រង់​ចំណុច​ផ្លូវ​១៧២ ជាប់​របង​វត្ត​សារា​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ ប៉ាន់ ធន់ អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ​ស្វាយ រស់នៅ​ក្នុងភូមិ​ព្រែក​លាប សង្កាត់ ព្រែក​លាប ខណ្ឌ​ជ្រោយចង្វា​ ។ ប្រពន្ធ​មានឈ្មោះ មាស សុធា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើការ​នៅ​ហាង​បារាំង ជិត​វត្ត​សារា​វ័​ន្ត ក្នុង​សង្កាត់​ជ័យ​ជំនះ ស្នាក់​នៅ​កន្លែងធ្វើការ មានស្រុក​កំណើត នៅ​ភូមិ​ព្រៃ​សាច់ ឃុំ​កោះ​ស្តេច ស្រុក​ការី​សាគរ ខេត្តកោះកុង​ ។

តាម​សម្តី​ស្ដ្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពីមុន​ ​រូប​គាត់​ធ្លាប់មាន​ប្តី​ ​រស់នៅ​ខេត្តកំពត ដល់​ពេល​ផ្លាស់​មក​នៅ​ខេត្តកោះកុង ប្តី​របស់​គាត់​ក៏​មាន​ស្រី ហើយ​រូប​គាត់​ក៏​លែងលះ​គ្នាត្រឹមត្រូវ​ ។ នារី​រង​គ្រោះ​បន្តថា រូបនាងក៏​មក​រក​ការងារនៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​ជួប​បុរស​ម្នាក់​ បាន​ស្រឡាញ់​គ្នា យក​គ្នា​ធ្វើ​ប្តី​ប្រពន្ធ រួមរស់​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ តែ​មិន​មានកូន​ទេ​ ។ ទើប​ដឹង​ថា ប្តី​របស់​គាត់​មាន​ប្រពន្ធដើម ទោះបី​គេ​ធ្វើបាប់​យ៉ាងណា​ក៏​រូបនាងទ្រាំ​ ។ ហើយ​ប្តី​កំហូច​នោះ បាន​ចាប់រំលោភ​ប្អូនថ្លៃ​ទៀត ​។ ទើប​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ រូប​គាត់​ត្រូវ​បាន​ប្តី​បង្ខំ​ឲ្យ​ទៅ​ដេក​ជាមួយ​គាត់ តែ​រូប​គាត់​មិន​ព្រមទៅ ធ្វើ​ឲ្យ​ប្តី​ខឹង​ក៏​ទះកំផ្លៀង បណ្តាល​ឲ្យ​ជាំមុខ​ខៀវ​ភ្នែកម្ខាង​ ស្រែកយំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​សួរនាំ​ តែម្តង ។

នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ ភាគីខាង​ប្រពន្ធ​មិន​ប្តឹងទេ តែ​សូម​ចប់​គ្នា​ត្រឹម​នឹង ។ សមត្ថកិច្ច​ក៏​ឲ្យ​ប្តី​ប្រពន្ធ​ចែកផ្លូវ​គ្នា​ចាប់ពី​ពេល​នឹង​តទៅ ពីព្រោះ​អ្នក​ទាំង​ពីរ មិន​បាន​រៀប​ការ និង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឡើយ​ ៕

Comments

comments