ភ្នំពេញ ៖ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បាន​អះអាង​ថា គ្មាន​ការ​រុះរើ​តូប​លក់ដូរ​ក្នុង​ផ្សារ​ផល្លា​រាត្រី​អង្គរ ដូច​ការ​បំផុស​របស់​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​នោះ​ទេ អ្វី​ដែល​ខេត្ត​កំពុង​អនុវត្ត​នោះ គឺ​ឲ្យ​ម្ចាស់​ផ្សារ​គោរព និង​អនុ​ត្តន៍ ឲ្យ​បាន​នូវ​អ្វី​ដែល​ធ្លាប់​ព្រម​ពៀង​ជាមួយ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជាតា​មការ​កំណត់​របស់​គណៈកម្មការ​រដ្ឋបាល​ខេត្ត​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ជូន​ក្រុម​អាជីវករ​ជា​ថ្មី​ទៀត​ថា សូមកុំ​ឲ្យ​មានការ​ភិតភ័យ ព្រោះ​ការ​បើកផ្លូវ​នេះ​អាជ្ញាធរ មិន​មាន​គម្រោង​ឈូស​តូប​លក់ដូរ​ក្នុង​ផ្សា​រទាំង​អស់នោះ​ទេ ។

លោក បាន​បញ្ជាក់ ជូន​នូវ​ចំណុច​សំខាន់​ៗ​ទាំងនោះ​ដូច្នេះ​ថា ៖ ទី​១-​អាជ្ញាធរ​ខេត្ត អនុវត្ត​ការ​បើកផ្លូវ​តាម​គោលការណ៍​ច្បាប់ ។ ទី​២-​អាជីវករ​បន្ត​ការ​លក់ដូរ​ជា​ធម្មតា កុំ​បារ​ម្ម​ណ៍ កុំ​ភ័យ​ខ្លាច ការ​បិទ​ផ្សារ ឬ​ឈូស​តូប​ពី​ការ​បើកផ្លូវ​នេះ​ទេ ។ និង​៣-​ការ​បើកផ្លូវ​នេះ គឺជា​ការ​បង្កើត​បណ្តាញ​ផ្លូវ​ប្រទាក់ក្រឡា​នៃ​ការ​ភ្ជាប់​បណ្តាញ​ផ្លូវ​ឡើង​វិញ ដើម្បី​សម្រួល​ចរាចរណ៍ ការ​កកស្ទះ និង​ប្រើប្រាស់​ក្នុង​ករណី​ចាំបាច់​ដូច​ជា​ការងារ​សង្គ្រោះ​អគ្គី​ភ័យ​និង ការ​សង្គ្រោះ​បន្ទាន់​ជាដើម ។

លោក​អភិបាលខេត្ត ក៏​ស្នើ​ឲ្យ​អាជីវករ​លក់​ក្នុង​ផ្សារ​រាត្រី​អង្គរ និង​ម្ចាស់​ដី​ទាំង​៥៨​គ្រួសារ សុំ​ការ​បើកផ្លូវ​ផ្សារ​ផល្លា​រាត្រី​អង្គរ ហើយ​អាជីវករ​នៅ​លក់ដូរ​ជា​ធម្មតា ឯការ​បើកផ្លូវ​នៅ​តែ​បន្ត​បើក​ជា​ធម្មតា​ដែរ គឺ​សម្រេច​ជា​គោលការណ៍​បើកផ្លូវ​ទំហំ​៩​ម៉ែត្រ កាត់​ផ្សារ​ឯកជន​មួយ​នេះ ។

សូម​បញ្ជាក់​ថា អភិបាលខេត្ត​សៀមរាប ក៏​បាន​កំណត់ពេល ១៥ ថ្ងៃ ទុក​ឲ្យ​ម្ចាស់​ផ្សារ​រាត្រី​អង្គរ រុះរើ​តូប និង​របង​ឲ្យ​បាន​រួចរាល់ គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ (​ចាប់ពី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨)​។ ក្នុង​ករណី ពុំ​អនុវត្ត​តាម​ការ​ណែនាំ​នេះ រដ្ឋបាល​ខេត្ត នឹង​ចាត់វិធានការ​រុះរើ​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​របស់​លោក លោកស្រី​ឡើយ ៕

Comments

comments