លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង​ផង​នោះ ត្រូវ​បាន​តែងតាំង​ឲ្យ​ឡើង​ទៅ​ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ ជំនួស​លោក ប៉ុ​ល សា​រឿ​ន ​នេះបើតាមគេហទំព័រថ្មីៗបានចុះ​ផ្សាយនៅថ្ងៃទី១៣ មិថុនា ២០១៨​នេះ​​។

ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី ជំនួស​លោក គន់ គី​ម និង​ធ្វើ​ជា​មេបញ្ជាការ​ស្តីទី​ នៃ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​ ។ ក្នុង​ពេល​តែ​មួយ​នេះ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ឲ្យ​ក្លាយទៅជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​តែ​ម្តង ព្រោះ​តំណែង​របស់​លោក គន់ គី​ម ដែល​លោក​ត្រូវ​ជំនួស គឺ​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ។

តំណែង​ទាំង​បី​ខាងលើ ដែល​ទើបនឹង​ទទួល​បាន គឺ​បន្ថែម​លើ​តំណែង​ទាំង​បួន ដែល​លោក ហ៊ុន ម៉ា​ណែ​ត កំពុង​តែ​មាន​។ បច្ចុប្បន្ន លោក ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​, ជា​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​, ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ​ ។

ការ​ដែល​លោក សៅ សុខា និង​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​តំណែង​ជំនួស​មេទ័ព​កំពូល​ទាំង​បី គឺ​ដោយសារ​តែ​ពួក​គាត់​ទាំង​បី ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​នីតិកាល​ទី​៦​នេះ​ ។ ការ​ផ្ទេរតំណែង​និង​ភារកិច្ច​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ «​ប្រកាស​» ដែល​ចេញ​ដោយ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រាប់​សារព័ត៌មាន​ថ្មី​ៗ តាម​ទូរ​សព្ទ​ថា លោក ក៏​បាន​ប្រកាស​នោះ​ដែរ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញសារព័ត៌មាន​នានា​។ ប៉ុន្តែ លោក បញ្ជាក់​ថា ប្រកាស​នោះ មិន​ទាន់​អាច​ចាត់​ទុក​ថា ជា​ប្រកាស​ផ្លូវការ​នោះ​ទេ ព្រោះ​មិន​ទាន់​ចុះ​កាលបរិច្ឆេទ ដោយ​មាន​តែ​ត្រា​និង​ហត្ថលេខា​របស់​សម្តេច ទៀ បាញ់ ប៉ុណ្ណោះ ​។

អ្នកនាំពាក្យ​រូប​នេះ អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​អត់​ទាន់​និយាយ​អី្វ​បាន​ទេ ព្រោះ​ប្រកាស​នោះ មិន​គ្រប់​បែបបទ​រដ្ឋបាល មិន​ទាន់​ផ្លូវការ​។ ពេល​ណា ខ្ញុំ បាន​ប្រកាស [​ផ្លូវការ​] ទើប​ខ្ញុំ​អាច ប្រាប់​បាន​»​ ។

គួរ​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មិន​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កង​យោធពលខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នោះ​ទេ​ ។ ពួក​គេ អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បាន លុះត្រាតែ​ព្យួរ​តំណែង ជា​មុន​សិន​ ។

លោកនាយ​ឧត្តមសេនីយ៍​ទាំង​ពីរ​រូប បាន​ស្នើ​សុំ​ព្យួរ​តួនាទី​ក្នុង​ជួរ​កងទ័ព ដោយសារ​តែ​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦​ ។

លោកនាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​បួន មាស សុភា ជា​អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ លោក មាស សុភា បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្តព្រះវិហារ នៅ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

រីឯ​លោកនាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​បួន គន់ គី​ម ជា​អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ​។ លោក គន់ គី​ម បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្តឧត្តរមានជ័យ នៅ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

Comments

comments