បាត់ដំបង ៖ ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវត្រង់​ចំណុច​ភូមិ​ចិន សង្កាត់​ព្រែក​ព្រះស្តេច បាន​សម្តែងការងើយឆ្ងល់ និងការ​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ដេប៉ូ​លក់​ឈើ​១​កន្លែង ក្នុង​ក្រុង​បាត់ដំបង អាចស្តុក​ឈើ​លក់​លើ​ចិញ្ចើម​ផ្លូវបាន ដោយគ្មាន​សណ្តាប់ធ្នាប់ ហើយ​ផ្លូវ​តូច​ចង្អៀត​ថែម​ទៀត​នោះ ?

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ក្រុង​បាត់ដំបង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ២០១៨​នេះ​ថា ដេប៉ូ​លក់​ឈើ​មួយ​កន្លែង ដែល​ឋិត​នៅ​ចំណុច​ផ្លូវ​ភូមិ​ចិន ត្រើយ​ខាងកើត​ស្ទឹង​សង្កែ ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​នោះ ដែល​ម្ចាស់​ដេប៉ូ​ឈើ​មានឈ្មោះ​(​ម៉ា​ប់​) បាន​ស្តុក​ឈើ​ជា​ច្រើន​ម៉ែត្រគូប នៅ​លើ​សងខាង​ចិញ្ចើម​ផ្លូវ ដ៏​តូច​ចង្អៀត​នេះ ពិសេស​ពេល​រថយន្ត​យ៉ី​ឌុ​ប ទំលាក់​ឈើ​ម្តង​ៗ មានកម្ម​ករ​លី​សែង​ឈើ​ឆ្លងកាត់​ផ្លូវ​ចុះឡើង​ៗ ជា​ការ​រំខាន​ដល់​ពួក​គាត់​ធ្វើ​ដំណើរ ខណៈ​ផ្លូវ​តូច​ចង្អៀត​ផង​នោះ បាន​បង្ក​អោយ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង ដោយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក ប្រការ​នេះ​កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ ។

ពី​ប្រភព​មូ​យ​ផ្សេង​ទៀត បានអោយ​ដឹង​ដែរ​ថា ចំណុច​ដេប៉ូ​លក់​ឈើ​ខាងលើ តែង​បង្ក​ការ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ នាំ​អោយ​ខូចខាត​យានយន្ត ឬ​ម៉ូតូ និង​បង្ក​របួស​ស្នាម​ដល់​ក្មេង​ចាស់​ជា​ច្រើន​នាក់​ទៀត​ផង​កន្លង​មក​។

ឆ្លើយ​តប​ជាមួយ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ លោក​តោ ហុ​ន ចៅសង្កាត់​ព្រែក​ព្រះស្តេច បាន​លើក​ឡើង ដោយ​ទទួលស្គាល់​ថា បញ្ហា​ដេប៉ូ​ឈើ​ខាងលើ​ពិតជា​បាន​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពិតប្រាកដ​មែន ពិសេស​ពេល​ឡាន​ដាក់​ឈើ​ម្តង​ៗ ។

លោក​បន្ត​ថា បញ្ហា​នេះ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ ហើយ​លោក​នឹង​ធ្វើការ​សម្រួល​ជាមួយ​ម្ចាស់​ដេប៉ូ​ឈើ ។

ចំណែក​លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង មិន​មានការ​ឆ្លើយ​តប​ថា យ៉ាងណា​នោះ​ទេ ពាក់ព័ន្ធ​នឹង​ដេប៉ូ​ឈើ​ខាងលើ​នេះ ខណៈ​ដែល​អ្នក​សារព័ត៌​មានបាន​ទូរស័ព្ទ​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ ដោយ​ទើបតែ​ផ្តើម​សំណួរ​ពាក់ព័ន្ធ​នឹង​ដេប៉ូ​ឈើ​ខាងលើ លោក​បាន​បិទ​ទូរស័ព្ទ​តែ​ម្តង បើ​ទោះបី​ព្យាយាម​ម្តងទៀត​ក៏​លោក​មិន​លើក​ទូរស័ព្ទ​ដែរ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដូច​ជា​មហាជន​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​ជួយ​ចុះ​ពិនិត្យ​ដេប៉ូ​ឈើ​ខាងលើ​នេះ​ផង ជៀសវាង​គ្រោះថ្នាក់​ណាមួយ​បន្ត​ដោយ​យថាហេតុ​នៅ​ពេល​ខាង​មុខ​ទៀត ៕

Comments

comments