ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំ​ប៉ូវ ក្នុង​ខេត្តបាត់ដំបង ទ្រាំ​លែង​បាន ក៏​បាន​សរសេរ​សារមួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​នេះ ដែល​ប្រាក់​​បៀ​វត្សអ្នកគ្រូ​មិន​ត្រូវ​បាន​បើក​អោយ​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ  ។

អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បង្ហោះ​សារ​អោយ​ដឹង​ថា «​និយាយ​លើក​ចុង​ក្រោយ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន
ខ្ញុំ​ពោះធំ ជិះ​ម៉ូតូ​ឡើង​ចុះ​ទៅ​បង្រៀន​រាល់ថ្ងៃ ចំងាយ​ដី ១៣​គីឡូ ទៅ​មក ២៦​គីឡូ ចូល​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់​បៀ​វត៍ ឡើង​ចុះ​មន្ទីរ​ដើម្បី​សុំ​ឲ្យ​គេ​ចុះហត្ថលេខា គឺ​មិន​តិច​ជាង ២០​ដង​ទេ គឺ​ទៅ​មិន​ដែល​ជួប​ប្រធាន​មន្ទីរ ខ្ញុំ​រត់​ពាក្យសុំ​តាំងពី​ដើមខែ​បី រហូត​ដល់​ខែ​៥ បាន​ខ្ញុំ​បាន​ជួប​ប្រធាន​មន្ទីរ​ចុះហត្ថលេខា ។

ចុះ​រួច​លោក​ប្រធាន​ប្រាប់​ថា មិនយូរ​ទេ អាទិត្យ​ក្រោយ​អ្នកគ្រូ​ទទួល​បាន​ប្រាក់ខែ​ហើយ ហើយ​ខាង​ខ្ញុំ​នឹង​បើក​កុង​ធានា​គារ​ជូន​អ្នកគ្រូ​វិញ ។ មួយ​អាទិត្យ​ហើយ​មួយ​អាទិត្យ​ទៀត រហូត​មក​ដល់​ថ្ងៃនេះ ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​នៅឡើយ​ទេ ហើយ​ប្រាក់ខែ​នោះ គឺ​នៅ​ប្រធាន​គណនី​ជា​អ្នក​កាន់ ។

ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​គួរតែ​លោកគ្រូ​អ្នកគ្រូ ដែល​ជា​អ្នក​កាន់​លុយ​នឹង​យល់​ផង​ថា គ្នា​(​ខ្ញុំ​) ចូល​បម្រើ​ការងារ​បី​ខែ​កន្លង​មក​ហើយ ដោយ​មិន​បាន​ទទួល​ប្រាក់ខែ​សម្រាប់​ចាយវាយ ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃនេះ តើ​គ្នា​លំបាក​ប៉ុ​ន្មា ? ឯណា​លុយ​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​សាំង​ម៉ូតូ​ទៅ​បង្រៀន ឯណា​លុយ​សម្រាប់​អាហារ​ហូប​ចុក ? គ្នា​សម្បត្តិ​ត្រឹម​គ្រូបង្រៀន​តើ​គ្នា​មាន​លុយ​មកពីណា​សម្រាប់​ដេកស៊ី​ទៅ ? រវល់​តែ​ជាប់​បង្រៀន​មាន​ពេល​ឯណា​ទៅ​ធ្វើ​ការងារ​ដទៃ​ដើម្បី​បាន​កម្រៃ​យក​មក ?

ខ្ញុំ​យល់​ហើយ​ថា​ប្រាក់ខែ​ពួក​អ្នក​គង់តែ​បើក​ឲ្យ តែ​ខ្ញុំ​ត្រូវ​ចំណាយពេល​ចាំ​ប៉ុន្មាន​ខែ​ទៀត ? អ្នកធ្វើការ​បម្រើ​រដ្ឋ​ដូច​គ្នា អ្នក​គួរតែ​យល់​ហើយ​ថា អ្នក​ការងារ​រដ្ឋ គឺរ​ស់បាន​ដោយ​ប្រាក់ខែ​តិចតួច​នេះ ចុះបើ​អ្នកជា​ខ្ញុំ​វិញ ដែល​ខំ​ទៅ​ធ្វើការ​ទាំង​ពោះធំ ហើយ​គ្មាន​ប្រាក់ខែ ជិះ​ចុះ ជិះ​ឡើង តើ​ពួក​អ្នក​គិត​ម៉េច​វិញ ? អ្នក​ក៏​យល់ ក៏​ដឹង​ថា​មនុស្ស​ស្រី​ពោះធំ គឺ​ឃ្លាន​យ៉ាងម៉េច ? ចុះបើ​ក្នុង​កាបូប​រកតែ​លុយ​ចាក់​សាំង​ដើម្បី​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​គ្មាន​ផង តើ​មាន​លុយ​ឯណា​សម្រាប់​ទិញ​របស់​ហូប​នោះ ? នេះ​បី​ខែ​ជាង​ហើយ មិនមែន​បី​ថ្ងៃ​ទេ​ណា​អស់លោក ធ្វើ​ជា​អ្នកដឹកនាំ​គេ ធ្វើ​ជា​ម៉ែឪ​គេ គួរតែ​ចេះ​គិត​ពី​សុខទុក្ខ​របស់​កូនចៅ​ផង ខ្ញុំ​អាចរ​ស់បាន​ដោយ​ប្រកប​របប​ផ្សេង តែ​ដោយសារ​ស្រឡាញ់​ការងារ​មួយ​នេះ បាន​ចេះ​តែ​ប្រឹងប្រែង​ប្តូរ​បន្ត​ទៅ​មុខ តែ​ពេល​នេះ​ប្រហែលជា​ខ្ញុំ​ត្រូវ​បញ្ចប់​ការងារ​នេះ​ហើយ ព្រោះ​ក្រពះ​វា​ឃ្លាន​» ។

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកគ្រូ សុជាតា ខាងលើ​នេះ អង្រុត​ព័ត៌មាន​នៅ​មិន​ទាន់​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។

ទោះជា​យ៉ាងណា សារ​ដែល​អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បាន​បង្ហោះលើហ្វេសប៊ុក​​ បាន​ប្រមាណ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ក៏​ត្រូវ​លុប​ចោល​វិញ ដោយ​អ្នកគ្រូ បញ្ជាក់​ថា «​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់ សូម​អធ្យាស្រ័យ​ផង ពេល​នេះ​ខ្ញុំ​បាន​លុប​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ផុស ពី​ទុក្ខ​លំបាក​របស់ខ្ញុំ ចោល​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​ថ្នាក់លើ​» ។ បើ​ខ្ញុំ​មិន​ផុស​ពី​ទុក្ខ​លំបាក​របស់ខ្ញុំ ប្រហែលជា​អ្នក​ធ្វើ​ដេក​លក់​បាត់​ទៅ​ហើយ…. ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ក៏ធ្លាប់​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ត្រូវ​បាន​គេ​លើក​ស​សើ​រថា អ្នកគ្រូ​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ចំពោះ​សិស្ស​ទូទៅ ជាក់ស្តែង​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​ម្នាក់​ បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ទៀត បន្ទាប់​ពី​ក្មេង​ស្រី​រូប​នោះ​បាន​អើត​តាម​បង្អួច​ លួច​មើល​សកម្មភាព​បង្រៀន​របស់​អ្នកគ្រូ អំឡុង​ឆ្នាំ​២០១៦ ៕

Comments

comments