ភ្នំពេញ ៖ ស្រប​ពេល​ដែល​អតីត ឧកញ៉ា ហូ ចំរើន កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ ស្រាប់តែ​មាន​ថៅកែ​៣​នាក់ ដែល​ជា អ្នក​វិនិយោគ​ជនជាតិ​ចិន ចំនួន​ពីរ​នាក់ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ដាច់​ដោយឡែក​ៗ​ពី​គ្នា ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​ពី​បទ​ស៊ីដាច់​លុយ​ជាង​២០០​លាន​ដុល្លារ ដែល​ចូល​ហ៊ុន​រកស៊ី​រួម​គ្នា ។

ប្រភព​ច្បាស់ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អ្នក​វិនិយោគ​ខាងលើ​បាន​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​អតីត​ឧកញ៉ា ហូ ចំរើន ពី​បទ​ស៊ីដាច់​លុយ​នោះ តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប​នៅ​ទីក្រុង​តា​ខ្មៅ និង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត ។

លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកាកោះ​អញ្ជើញ​ដើមបណ្តឹង​ម្នាក់​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ខាង​មុខ​នេះ ។ ពាក្យបណ្តឹង​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ដែល​អតីត​ឧកញ៉ា​ហូ ចំរើន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ ពី​បទ​គំរាម​ថា​នឹង​សម្លាប់​និង​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។

ថៅកែ​ជា​ជនបរទេស​ទាំង​បី​នាក់ បាន​ដាក់​ពាក្យបណ្តឹង​រឿង​ស៊ីដាច់​នេះ បាន​កើតឡើង តាំងពី​ពេល​ដែល​អតីត​ឧកញ៉ា រូប​នេះ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ មក​ម្ល៉េះ ។

លោក ហូ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ ថ្នាក់​ឧត្តមសេនីយ៍ឯក ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ និង​មានមុខ​ងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល ។ ប៉ុន្តែ​ក្រោយ​ពេល​ជាប់​ឃុំ នៅ​ពន្ធនាគារ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​ទាំងអស់​រាប់​ទាំង​មុខងារ​ជា​ឧកញ៉ា​ផង ។

លោក ហូ ចំរើន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ករណី​បាញ់បោះ​គំរាមកំហែង​ឪពុក​ម្ដាយក្មេក​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​ភូមិ​គ្រឹៈ​ស្ថិត​នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​កើតហេតុ លោក យិ​ន គារ អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក​លោកស្រី ផ​ន​ទៀង ជា​ម្ដាយក្មេក និង​ឈ្មោះ គារ​សុខ​គាង អាយុ​១៩​ឆ្នាំ ជា​ភរិយា​លោក​ហូ ចំរើន បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង ឱ្យ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវច្បាប់ ។ បន្ទាប់​មក​សំណុំរឿង​នេះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ដើម្បី​បើក​ការ​ស៊ើបអង្កេត​បឋម រហូត​ឈាន​ដល់​ឃាត់ខ្លួន​តែ​ម្ដង ៕

Comments

comments