រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អង្គការ​ការពារ​អនីតិជន រួម​ជាមួយ​ប៉ូ​លី​ស​ក្នុង​មូលដ្ឋាន បាន​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​មាន​វី​ដេ​អូ​វី​ឃ្លី​ប​មួយ​ថត​បាន​ពី​សកម្មភាព​វាយដំ​កូន ហើយបាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​​ ។

នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ហ្វេ​ស​ប៊ុ​ក បង្ហាញ​អោយ​ពី​បុរស​ម្នាក់​ប្រើ​ហិង្សា​វាយដំ​យ៉ាង​សាហាវ វាយ​ធ្វើបាប​កូន​ក្មេង​ម្នាក់​យ៉ាង​ព្រៃផ្សៃ ទទួល​បានការ​ចាប់អារម្មណ៍ និង​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​នូវ​ទ​ង្វើ​ដ៏​ឃោរឃៅ​នេះ ។

សេចក្តីរាយការណ៍ បានអោយ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ហិន សុ​ផា​ន់​ណា អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ផ្លូវ​មុន្នី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ បន្ត​ថា ចំណែកឯ​កូន​ឈ្មោះ ហេង ឡិ​ថុ​ន ភេទ​ប្រុស អាយុ​៦​ឆ្នាំ កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ហើយនឹង​ត្រូវ​បាន​ពិនិត្យ​សុខភាព និង​ថែទាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សួរនាំ​ និង​ស៊ើបអង្កេត នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ ហើយ​ក្មេង​ដែល​ត្រូវ​បុរស​នោះ​វាយ​ធ្វើបាប គឺជា​កូនបង្កើត​របស់​បុរស​នោះ​តែ​ម្តង ៕

Comments

comments