រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ចចម្រុះ មាន​នគរបាល​នាយ​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឆា​បាយក្ដាំង​ពិសេស ចំនួន​៣​កន្លែង គ្មាន​ច្បាប់​អនុញ្ញាតិ និង​គ្មាន​អនាម័យ ។

ទីតាំង​ផលិត​បាយក្តាំង​មួយ​កន្លែង នៅ​ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ សម្រេច​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន ក្រោយ​ត្រួតពិនិត្យ​ឃើញ​គ្មាន​អនាម័យ និង​មិន​ទាន់​មានច្បាប់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បាយក្ដាំង​ពិសេស​គ្មាន​ច្បាប់ គ្មាន​អនាម័យ បាយក្ដាំង​ដាក់​នៅ​លើ​ដី គ្មាន​គ្រប ហើយ​សត្វ​សុនខ​៥​ទៅ​៦​ក្បាល រត់​ចុះ​រត់ឡើង ពេល​យប់​ត្រូវ​សត្វ​កណ្ដុរ​ធ្វើ​សមយុទ្ធ​ទៀត ហាល​ខោអាវ​ពីលើ​ទៀត ហើយ​យក​ប្រេង​កាក​សំណល់​មក​បំពង ។ ទីតាំង​ធ្វើ ឬ​ឆា​បាយក្តាំង​ពិសេស​នោះ​មិន​ត្រូវ​បាន​គេ​ផលិត​បាយក្តាំង​នៅ​ទីនោះ​ទេ គឺ​គ្រាន់តែ​ជា​កន្លែង​ទទួល​ទិញ​បាយក្តាំង​មក​ពី​ខាងក្រៅ ហើយ​យក​ប្រេង​ដែល​ជា​កាក​សំណល់​មក​បំពង នៅ​ដី​ឡូត៍​ខាងលើ ។

សម​ត្ថិ​កិច្ច​ចម្រុះ​សម្រេច​ផ្អាក​អាជីវកម្ម​ជា បណ្ដោះអាសន្ន រង់ចាំ​ធ្វើ​ច្បាប់ និង​រៀបចំ​កន្លែង​ឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាព និង​មាន​អនាម័យ​ត្រូវ ទើប​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ ។

សូម​បញ្ជាក់​ថា មន្ដ្រី​ជំនាញ​បាន​ធ្វើការ​ដកហូត​យក​ទៅ​មន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ​រក​មើល​កម្រិត​មេរោគ និង​សារធាតុ​គីមី​ហាមឃាត់​ដាក់​លើ​ចំណីអាហារ​នោះ ។ នេះ​ចាត់ទុកជា​សារ​មួយ​សម្រាប់​អ្នក​និយម​ទទួលទាន​បាយក្តាំង ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​អនាម័យ​ចំពោះ​អ្នក​ធ្វើ​បាយក្តាំង​ពិសេស​នោះ ដើម្បី​រក្សា​ការពារ​សុខមាលភាព​លើ​អ្នក​ចូល​ចិត្ត​បាយក្តាំង ៕

Comments

comments