ភ្នំពេញ ៖ មិត្ត​ភ័ក្តិ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ កំពុង​អង្គុយ​ផឹកស៊ី​សុខ​ៗ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​កង​អង្គរក្ស BHQ ដើរ​ចូល​ទៅ​ក្នុង​ហាង វាយ​បុរស​ម្នាក់​បួន​ប្រាំ​ដៃ​កណ្ដាល​មុខ​បណ្តាល​ឲ្យ​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​យាម​កោះ​ពេជ្រ ចុះ​អន្តរាគមន៍​ឃាត់ និង​នាំ​ខ្លួន​ជន​បង្ក​ទៅ​ប៉ុស្ដិ៍​ទន្លេបាសាក់​ភ្លាម​ៗ ។

អំពើ​ហិង្សា​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៥ មិថុនា ២០១៨​នេះ នៅ​ហាង​លក់​អាហារ​មួយ​កន្លែង ក្នុង​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បុរស ដែល​ត្រូវ​គេ​វាយ​មានឈ្មោះ​ថា អ៊ិ​ត ស៊ា​ង​យី អាយុ​៣០​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ នី​ម សុ​ផានិត អាយុ​៣០​ឆ្នាំ មុខរបរ​អង្គរក្ស BHQ ។

ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​នាំ​ប្រពន្ធ​ចូល​មក​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ​៤​នាក់​ទៀត ក្នុង​ហាង​អាហារ​មួយ ក្នុង​កោះ​ពេជ្រ ខណៈ​ពេល​កំពុង​តែ​និយាយ​ឆ្លើយឆ្លង​គ្នា និង​សើច​សប្បាយ​ផង​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ ដែល​គាត់​ស្គាល់​ថា​ជា អង្គរក្ស បាន​ចូល​មក ក្រៀក​គាត់​ពីក្រោយ រួច​ស្រែកសួរ​ថា «​ហ្អែ​ង​ហ្នឹង​មែន​ឈ្មោះ​អា​យី ? » គាត់​មិន​ទាន់​បាន​ឆ្លើយ​ផង បុរស​ជា​អង្គរក្ស​នោះ បាន​វាយ​ទះ​មក​លើ​ផ្ទៃមុខ​គាត់​បួន​ទៅ​ប្រាំ​ដៃ ហើយ​ត្រូវ​បាន​មិត្ត​ភ​ក្ត​ដែល​អង្គុយ​ជាមួយ​គ្នា​ជួយ​ឃាត់ ភ្លាម​នោះ ក៏​មាន​បុរស​២​នាក់​ទៀត​ដែល​បក្ខពួក​របស់​អង្គរក្ស​រូប​នោះ បាន​ដើរ​ចូល​មក​ចង្អុលមុខ​រួច​រុញ ប្រតាយប្រតប់​ជាមួយ​មិត្ត​ភ​ក្ត​របស់​គាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ហាង​រាយការណ៍ ទៅ​សន្តិសុខ​កោះ​ពេជ្រ ចុះ​មក​ជួយ​ឃាត់ រួច​នាំ​ជន​បង្ក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​ប្រគល់​អោយ​សមត្ថកិច្ច​ដោះស្រាយ​តាម​នីតិវិធី ។

ទោះជា​បែប​ណា សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​រឿងរ៉ាវ​នៃ​ជម្លោះ​ហិង្សា​ខាងលើ​នេះ បាន​នៅឡើយ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ផង​ដែរ បើ​ទោះជា​សមត្ថកិច្ច​ព្យាយាម​សម្របសម្រួល​អស់​រាប់​ម៉ោង​ក៏​ដោយ រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ មិថុនា នេះ ។

ប្រភព​មួយ​ផ្សេង​ទៀត បានអោយ​ដឹង​ថា ករណី​នេះ​ផ្តើម​ឡើង​ដោយសារ ជម្លោះ​ពាក្យ​សម្តី​គ្នា​កាលពីមុន ប៉ុន្តែ​គេ​ពុំ​ដឹង​រឿង​អ្វី​ឡើយ លុះដល់​ថ្ងៃ​កើតហេតុ ជន​បង្ក​ឃើញ​ជន​រង​គ្រោះ ក៏​ស្ទុះ​ទៅ​វាយ​តែ​ម្តង បច្ចុប្បន្ន ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នៅឡើយ ៕

Comments

comments