រាជធានីភ្នំពេញ ​៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការអម​សាលាដំបូង​ខេត្តរតនគិរី បាន​ថ្លែង​បញ្ជាក់តាមរយៈ​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០១៨​នេះ​ថា លោក​កំពុង​រៀបចំឯកសារ​ប្តឹង​ឧទ្ធរណ៍ ចំពោះ​សេចក្តីសម្រេចរបស់​លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើប នៃ​សាលាដំបូង​ខេត្តរតនគិរី ដែល​បាន​សម្រេច​ដោះ​លែងថៅកែ​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ចូល​មក​រកស៊ី​ឈើដោយ​ខុសច្បាប់ និង​បាន​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ​ ។

លោក ជា ពេជ្រ បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ ឈ្មោះ ផា​ម ថេ​គឿ​ង ភេទ​ប្រុស អាយុ៤១​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ០០៣១១៦២​ មានស្រុក​កំណើត ខេត្ត​ហា​យ​ផុង ប្រទេស​វៀតណាម ត្រូវ​បាន​សមត្ថកិច្ចអន្តោប្រវេសន៍ ឃាត់ខ្លួន ​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​សង្ស័យ​ថា ជន​ត្រូវ​ចោទបាន​ចូល​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ ​។

ក្រោយ​ពេល​ឃាត់ខ្លួនយក​ទៅ​សាកសួរ ជន​ត្រូវ​ចោទ​ឈ្មោះ ផា​ម ថេ​គឿ​ង បាន​សារភាព​ថា រូបគេ​ចូល​មក​ទឹកដី​កម្ពុជា មិនមែន​មក​រស់នៅ​ខុសច្បាប់​ទេ គឺ​មក​ដើរ​ទិញ​ឈើប្រណិត នៅ​ស្រុក​អូរ​ជុំ ស្រុក​វើ​ន​សៃ និង​ស្រុក​តា​វែង ខេត្តរតនគិរី យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ។

ក្រោយមក​សមត្ថកិច្ច​អន្តោប្រវេសន៍ បាន​ប្រគល់​ជន​ត្រូវ​ចោទ ឲ្យ​ទៅ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​ឲ្យ​ជន​ត្រូវ​ចោទ នាំ​ទៅស្រុក​វើ​ន​សៃ ជា​កន្លែង​ដែល​រូបគេស្តុក​ឈើ​ដែល​គេ​ទិញ​បាន​ ។

លោក ជា ពេជ្រ អះអាង​ថា ឈើ​ដែល​ជន​ត្រូវ​ចោទ​ទិញ​ដោយ​ខុសច្បាប់​ បម្រុង​ដឹក​យក​ទៅ​វៀតណាម​នោះ មាន​ច្រើន​ម៉ែត្រគូប ដោយ​មេឃ​ភ្លៀង​ សមត្ថកិច្ចនៅ​ពុំ​ទាន់​ដឹក​ជញ្ជូន​ឈើ ពី​កន្លែង​លាក់​ទុក​ទៅ​រក្សា​ទុក ធ្វើ​ជា​ភស្តុ​តាង​អស់​នៅឡើយ​ទេ​ ។

ព្រះរាជអាជ្ញាខេត្តរតនគិរី​ដដែល​បាន ឲ្យ​ដឹង​ទៀត​ថា ក្រោយ​រក​ឃើញ​បទល្មើសពាក់ព័ន្ធ​នឹង​ព្រៃឈើ ទើប​លោក​បញ្ជា​ឲ្យនគរបាល​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ឈ្មោះ ផា​ម ថេ​គឿ​ង ទៅ​តុលាការ​ ។

លោក​ព្រះរាជអាជ្ញា​រង ហាក់ ហ៊ាន់ ជា​តំណាង​អយ្យការ​កាន់​សំណុំរឿង ថៅកែ​វៀតណាម​ឈ្មោះ ផា​ម ថេ​គឿ​ង នេះ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ផង​ដែរ​ថា ក្រោយ​ទទួល​បាន​សំណុំរឿង​នេះ លោក​បាន​បើក​កា​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ផា​ម ថេ​គឿ​ង ពី​បទ ប្រមូលអនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត យោង​តាម​មាត្រា៩៦ និង​មាត្រា៩៨ ចំណុចទី​២ និង​ចំណុច៥ នៃ​ច្បាប់​ស្តី​ពីព្រៃឈើ ​។

លោក ហាក់ ហ៊ាន់ ថ្លែងថា​ លោក​បាន​បញ្ជូនសំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ ដោយ​បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ ផា​ម ថេ​គឿ​ង ជា​បណ្តោះអាសន្ន ប្រយោជន៍​ដើម្បីស្រាវជ្រាវ លើ​ករណី​នេះ​បន្ថែម​ទៀត ប៉ុន្តែ​បែរជា​លោក សាន ប៊ុ​ន​ធឿ​ន ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​១៧ មិថុនា ​នេះ បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​ត្រលប់​ទៅ​វិញ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាប់​លាស់ នៅ​ក្នុង​សេចក្តីសម្រេច​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ​នោះ​ឡើយ​ ។

ទាំង​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​ខេត្តរតនគិរី និង​លោក ហាក់ ហ៊ាន់ ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី សុទ្ធតែ​បាន​អះអាង​ដូច​គ្នា​ថា ពួក​លោក​មិន​សុខចិត្ត​ចំពោះ សេចក្តីសម្រេចរបស់លោក​ចៅក្រម សាន ប៊ុ​ន​ធឿ​ន នោះ​ទេ ​។

ពួក​លោក​ថា ចៅក្រម​ស៊ើបសួរ មាន​ឆន្ទានុសិទ្ធិ​សម្រេច​ឃុំ ឬ​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ​ពិតមែន ក៏​ប៉ុន្តែ​ច្បាប់ ក៏​បាន​បើកផ្លូវ​ឲ្យ​ពួក​លោក​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តីសម្រេច​នោះ​ផង​ដែរ ដូច្នេះ​ពួក​លោក​ត្រូវ​តែ​ប្តឹង និង​រៀបចំ​ឯកសារ​ភស្តុ​តាង បញ្ជូន​ទៅ​ថ្នាក់លើ ឲ្យ​ថ្នាក់លើ​បាន​ជ្រាបអំពី​រឿង​នេះ ​។

ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​ថៅកែ ជនជាតិ​វៀតណាម​ឈ្មោះ ផា​ម ថេ​គឿ​ង នេះ​ យើង​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មូលហេតុ ពី​សំណាក់​លោក​ចៅក្រម សាន ប៊ុ​ន​ធឿ​ន បាន​នៅឡើយ​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​លោក​ហៅ​មិន​ចូល ​។

ចំណែក​លោក កែវ ពិសុទ្ធ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី បាន​ត្រឹមតែ​ឆ្លើយ​ថា ចាំ​លោក​សួរ​លោក​ចៅក្រម សាន ប៊ុ​ន​ធឿ​ន សិន ចំពោះ​មូល​ដ​ហេតុ​ដែល​នាំ​ឲ្យ មានការ​ដោះ​លែង ថៅកែ​ជនជាតិ​វៀតណាម​ខាងលើ​ ។

លោក​ថា ប្រសិនបើ​បាន​ព័ត៌មាន​អ្វី ចាំ​លោក​ប្រាប់​វិញ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិនឃើញ​លោក​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដោះ​លែង​នេះ​បាន​នៅឡើយ​ទេ​​ ៕

Comments

comments