ខេត្តកំពង់ចាម ៖ ក្រោយ​ការ​បង្ហោះ​រូបថត​បី​បួន​សន្លឹក ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ គេ​ឃើញ រូបថត​បង្ហាញ​ពី​រូប​កូន​គោ​ពណ៌​ខ្មៅ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នក​ចែករំលែក​ត​ៗ​គ្នា​ជា​ច្រើន ព្រមទាំង​មាន​អ្នក​សួរនាំ​ពី​រឿងរ៉ាវ​ខាងលើ​នេះ​យ៉ាងច្រើន​ផុលផុស និង​ចង់​ដឹង​ថា តើ​ជា​រឿង​ពិត​ឬ​យ៉ាងណា ?

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ជួប ភក្តី បាន​ផុស​រូបថត បង្ហាញ​ពី​ទិដ្ឋភាព​រោង​បង្កក់កូន​គោ ដែល​ត្រូវ​បាន​រៀបចំ​លម្អ​ពីមុខ​រោង​ដោយ​ផ្កា​ភ្ញី ព្រមទាំង​មាន​ក្រាល​កម្រាលព្រំ និង​រៀបចំ​តុ យ៉ាង​ល្អ​ស្អាត​សម្រាប់​ទទួលភ្ញៀវ​ចូលរួម​ពិសា​ភោជនាហា​ផង​ដែរ  ។

ចំណែកឯ លិខិត​អញ្ជើញ ដែល​មាន​ខ្លឹមសារ​ថា “​សិរី​សួស្តី​ពិធី​ខួបអាពាហ៍ពិពាហ៍ និង​បង្កក់កូន​គោ សូម​គោរព​អញ្ជើញ ថ្ងៃ​ច័ន្ទ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​រសៀល នៅ​គេហដ្ឋាន​យើងខ្ញុំ ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​…” ។

ប្រភព​ដដែល ដែល​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ជួប ភក្តី បាន​អះអាង​ថា ពិធីបង្កក់កូន​គោ​នេះ គឺជា​រឿង​ពិត ដោយសារ​តែ​ប្តី​ប្រពន្ធ​ជា​ម្ចាស់​គោ​នេះ ពួក​គាត់​មិន​មានកូន ទើប​ស្រប​ពេល​ដែល​ពួក​គាត់​ប្រារឰ​ខួបអាពាហ៍ពិពាហ៍ ក៏​សម្រេច​ធ្វើ​ពិធីបង្កក់កូន​គោ​ពូជ​នេះ​តែ​ម្តង ។ ដោយ​បញ្ជាក់​ថា «​គាត់​អត់​មានកូន​ទេ ដល់​ចឹ​ង​ហើយ គាត់​ធ្វើ​ខួបអាពាហ៍ពិពាហ៍ ហើយ​បង្កក់​គោ​ពូជ នឹង​ហ្មង​ទៅ​…» ។

ជាមួយនឹង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ពិធីបង្កក់កូន​គោ​ខាងលើ​នេះ ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ចូលរួម​បញ្ចោ​ញ​មតិ​ក្នុង​ន័យ​ហួសចិត្ត និង​លេងសើច​ថា «​ពិធីបង្កក់កូន​គោ ចឹ​ង​គួរតែ​ហៅភ្ញៀវ​គោ​គ្នា​ឯង​ឱ្យ​ចូលរួម​ទៅ កុំ​ហៅ​មនុស្ស​…» ។ ចឹ​ង​មិនបាច់​ដាក់​ម្ហូប​ទេ ដាក់​តែ​ស្មៅ​ឱ្យ​ភ្ញៀវ​ហូប ទៅ​បាន​ហើយ​… «​គេ​ចង​ស្មៅ​ខ្ចី ពេល​ទៅ​ញ៉ាំ យក​ម្នាក់​មួយ​កា​រ៉ុ​ង ទៅ​ឱ្យ​ហើយ​…» ។

យ៉ាងណា​ក្តី ក៏​មាន​អ្នកខ្លះ​បាន​លើក​សរសើរ​ថា គោ​១​ក្បាល​នេះ ពិតជា​មានសំណាង​ខ្លាំង​ណាស់ ដែល​ត្រូវ ម្ចាស់​ស្រលាញ់​ប្រៀប​បាន​នឹង​កូន និង​ថែម​ទាំង​រៀបចំ​ពិធី​បង្កក់​សិរី​ឱ្យ​ទៀត​ផង កូន​គោ​១​ក្បាល​នេះ ពិតជា​មានសំណាង​ធំ​ណាស់ ដែល​ត្រូវ​ម្ចាស់​រៀបចំ​ពិធី​បង្កក់​សិរី​ឱ្យ​ប្រៀប​បាន​នឹង​ពិធីបង្កក់កូន (​មនុស្ស​) ដែរ ដោយ​មាន​តាំងពី​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម និង​រៀបចំ​សង់រោង​យ៉ាង​ល្អឆើត​ឆាយ ព្រមទាំង​មាន​ជួល​តុ​ចិន​សម្រាប់​ទទួលភ្ញៀវ​ពិសា ភោជនាហា​យ៉ាង​អធិកអធម​ទៀត​ផង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ពិសេស​មានការ​បង្ហោះ​ចែករំលែក​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕

Comments

comments