ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ឧកញ៉ា និង​អ្នកមាន​អំណាច​ប្រមាណ ១០​នាក់ បោះ​ដេប៉ូ​អារឈើ​ច្រើន​ទីតាំង​នៅ​ក្នុង​តំបន់​នោះ និង​ចាត់​ឲ្យ​កម្មករ​ជា​ច្រើន​ក្រុម​ចូល​ព្រៃ​អារ​រំលំ​ឈើមូល​ធំ​ៗ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ ។

ជនជាតិ​ដើម​ភាគតិច​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា​ទាំងនោះ បាន​ជួល​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ រួច​ដឹក​មក​ទុក​ក្នុង​ដេប៉ូ​ឈើ​របស់​ខ្លួន បន្ទាប់​មក​ដឹក​តាម​រថយន្ត​ធំ​ៗ ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល​ខេត្តក្រចេះ​។

អ្នក​ឃ្លាំមើល​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច អះអាង​ថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុ​ប ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ និង​ច្រករបៀង​តូច​ៗ​មួយ​ចំនួន​ទៀត​។

ឧកញ៉ា និង​អ្នកមាន​អំណាច ទាំងនោះ​ឈ្មោះ គង់ ក្រឹ​ង ឈ្មោះ សាន ច​យ និង ស៊ឹង សំ​អុល គឺជា​មេខ្លោង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ចុះ​បង្ក្រាប​ទេ​។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ខេត្តមណ្ឌលគិរី លោក ក្រើ​ង តុលា​ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា បច្ចុប្បន្ន​ឈើ​គ្រប់​ប្រភេទ​មានមុខ​កាត់​ចាប់ពី ៣​តឹក​ឡើង​ទៅ ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ត្រូវ​គេ​អារ​រំលំ​យក​ឈើ​ធ្វើ​អាជីវកម្ម​ជា​រៀល​រាល់ថ្ងៃ រឹង​តែ​ច្រើន​ឡើង គ្មាន​ការ​ទប់ស្កាត់​។

លោក​ថា ជនជាតិ​ដើម​ភាគតិច​ខ្លះ ជា​សកម្មជន​ការពារ​ព្រៃឈើ បាន​ប្ដូរ​ឥរិយាបថ​កាប់​ឈើ និង​ស៊ីឈ្នួល​អារឈើ​ខុសច្បាប់​លក់​ឲ្យ​ឈ្មួញ​ទៅ​វិញ និង​បោះបង់​មុខរបរ​ធ្វើស្រែ​ចម្ការ​។ លោក​បន្ថែម​ថា អភិបាលខេត្ត​មណ្ឌលគិរី​ធ្លាប់​បាន​ប្រាប់​សហគមន៍​ថា អាជ្ញាធរ​ខេត្ត​មាន​បំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែរ ក៏​ប៉ុន្តែ​ឥទ្ធិពល​ថ្នាក់​ជាតិ​បាន​គ្រប់​ដណ្ដប់​អំណាច​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​លំបាក​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។ «»

អ្នក​ឃ្លាំមើល​បរិស្ថាន រក​ឃើញ​ថា ច្រកព្រំដែន​ត្រពាំង​ស្រែ​ក្នុងស្រុក​ស្នូល ខេត្តក្រចេះ​ជាប់​ខេត្តមណ្ឌលគិរី ជាទី​តាំង​ជំនួញ​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មក​ហើយ ដែល​មាន​ជនជាតិ​វៀតណាម ប្រចាំការ​នៅ​តំបន់​នោះ​រាប់រយ​នាក់​ចាំ​ទទួល​ទិញ​ឈើ​។

លើស​ពី​នេះ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក្នុងស្រុក​កែវ​ស៊ី​មា មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៤​ក្រុមហ៊ុន បាន​ប្រមូល​ទិញ​ឈើមូល​ធំ​ៗ​។ ក្រៅពី​នេះ ដេប៉ូ​ទិញ​ឈើ និង​អារឈើ បាន​រីក​ដូច​ផ្សិត​នៅ​តំបន់​នោះ ដែល​គេ​ប្រមូល​ទិញ​ឈើមូល​គ្រប់​ប្រភេទ ហើយ​មាន​ឈើ​ខ្លះ​ត្រូវ​អារច្រៀក​រួច​ដឹក​ជញ្ជូន​តាម​រថយន្ត​យី​ឌុ​ប តាម​ផ្លូវ​សំពោច ឆ្ពោះទៅ​ទីរួមស្រុក​ស្នូល ខេត្តក្រចេះ​។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មិថុនា​ថា ផ្នែក​ខ្លះ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច មាន​ផ្សារ​លក់​ត្រី​សាច់ បន្លែ និង​ខារ៉ាអូខេ​ក្នុង​ព្រៃឈើ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្មករ​កាប់​ឈើ និង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដែល​លោក​ចាត់​ទុក​ថា ជាទី​ក្រុង​កាប់​ឈើ​។ លោក​ថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ​នៅ​តំបន់​នោះ មិន​បាន​រារាំង​ក្បូន​រថយន្ត​ដឹកឈើ ដូច​ដង្ហែ​កឋិន​ទេ បែរជា​មក​ឆែកឆេរ និង​រឹតត្បិត​រថយន្ត​ក្រុម​យុវជន​ចុះ​បេសកកម្ម​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ទៅ​វិញ​។ «»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១៧ មិថុនា​។

កាលពីដើម​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ព្រមាន​ធ្ងន់​ៗ​លើ​អភិបាលខែត្រ​ត្បូងឃ្មុំ និង​អភិបាលខែត្រ​មួយ​ចំនួន​ទៀត រឿង​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​វៀតណាម​។ ក្រោយ​ពី​ការ​ព្រមាន​រួច អភិបាលខែត្រ​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​ចេញចូល​ប្រទេស​វៀតណាម ខុសច្បាប់ និង​កុងត្រូលជជុះ​ជាដើម​។ ក៏​ប៉ុន្តែ​អ្នក​ឃ្លាំមើល​បរិស្ថាន រិះគន់​ថា សារ​ព្រមាន​អោយ​រួច​តែ​ពី​មាត់​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន បញ្ឈប់​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​នោះ​ទេ ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​មិន​អនុវត្ត​តាម​។

សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ បញ្ជាក់​ថា បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ត្រូវ​បាន​ឧកញ៉ា និង​អ្នកមាន​អំណាច​ពុះ​ចែក​តំបន់​គ្នា​កាប់​ឈើ​ធ្វើ​អាជីវកម្ម​។ រីឯ​មន្ត្រី​បរិស្ថាន ដែល​គេ​បញ្ជូន​ទៅ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​នោះ គេ​ប្រទះ​ឃើញ​អង្គុយ​ហូប​បាយ​ជាមួយ​កម្មករ​កាប់​ឈើ​ទៀត​ផង​។ «»

សកម្មជន​បរិស្ថាន​ដដែល​បង្ហាញ​ក្តី​អស់សង្ឃឹម ហើយ​បន្ថែម​ថា ពួក​គេ​ឃើញ​ថា ឧកញ៉ា​ខ្លះ​មាន​ច្រករបៀង​តូច​ៗ ផ្ទាល់ខ្លួន សម្រាប់​នាំ​ឈើ​ឆ្លង​ដែន​លក់​ឲ្យ​វៀតណាម​។ ចំណែក​អាជ្ញាធរ​ខ្មែរ​នៅ​ច្រកព្រំដែន គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​នាំ​ឈើ​ចេញ​។

ពេល​នៅ​មានជីវិត លោក ឈុត វុ​ទ្ធី ប្រធាន​អង្គការ​ការពារ​ធនធានធម្មជាតិ​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាលពី​ខែមេសា ឆ្នាំ​២០១២ ខណៈ​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តកោះកុង បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក្រោក​ឡើង ការពារ​ព្រៃឈើ​របស់​ខ្លួន ប្រសិនបើ​ចង់​រក្សា​ការពារ​ព្រៃឈើ​ដ៏​មាន​តម្លៃ​ដែល​នៅ​សេសសល់​។

លោក​បញ្ជាក់​ថា ពីព្រោះ​យើង​ជា​ប្រជារាស្ត្រ​មិន​អាច​ពឹងពាក់​លើ​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​របស់​យើង​តទៅ​ទៀត​៕

ប្រភព ៖ RFA

Comments

comments