ភ្នំពេញ ៖ បុគ្គលិក​ផ្នែក​សន្តិសុខ​នៃ​ស្ថានទូត​អា​មេ​រិ​ក នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​ជាង​២០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែមិថុនា​នេះ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ចំណាត់ការ​របស់​ស្ថានទូត​នេះ ដែល​បាន​បញ្ឈប់​ពួក​គេ​សរុប​៣២ នាក់​កាលពី​ថ្មី​ៗ​នេះ ដោយ​ចោទប្រកាន់​ពី​បទ​លួច​មើល និង​ចែកចាយ​រូបភាព​អាសអាភាស ។

មន្ត្រី​សន្តិសុខ​ស្ថានទូត​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ បាន​ចេញ​មក​ទទួលយក​ញត្តិ​ពី​ក្រុម អ្នក​តវ៉ា​ទាំងនោះ ប៉ុន្តែ​បាន​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន ។ យ៉ាងណា​នៅ​ពេល​ទទួលយក​ញ្ញតិ​ពី​ក្រុម​អ្នក​តវ៉ា មន្ត្រី​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​រូប​នោះ បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា គាត់​នឹង​នាំ​ញត្តិ​នោះ​ទៅ​ដាក់​ជូន​ថ្នាក់លើ ដើម្បី​ពិនិត្យ​និង​សម្រេច ។

ដោយឡែក​អ្នកនាំពាក្យ​សា្ថ​ន​ទូត​អា​មេ​រិ​ក លោក David Josar នៅ​ព្រឹក​មិ​ញ​នេះ​ផង​ដែរ បាន​ប្រាប់​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ថា «​យើង​គោរព​សិទ្ធិ​អ្នក​ដែល​មក​តវ៉ា​ទាមទារ​អ្វីមួយ​ដោយ​សន្តិវិធី រួម​ទាំង​អតីត​បុគ្គលិក​សន្តិសុខ​ទាំងនេះ​។ រដ្ឋាភិបាល​អា​មេ​រិ​ក ចាត់វិធានការ​ពាក់ព័ន្ធ​នឹង​រូប​អាសអាភាស​របស់​កុមារ និង​ការ​កេងប្រវ័ញ្ច​យ៉ាងធ្ងន់ធ្ងរ​លើ​កុមារ ។ យើង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​បុគ្គលិក​ផ្ទៃក្នុង​ទេ​» ។

ថ្លែងប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន តំណាង​អ្នក​តវ៉ា​ដែល​ជា​អតីត​បុគ្គលិក ផ្នែក​សន្តិសុខ​ធ្វើការ​ស្មោះស្ម័គ្រ​ជាមួយ​អា​មេ​រិ​ក លោក ញឹ​ម សុ​ភ័​ណ អាយុ​៤៥​ឆ្នាំ បាន​អះអាង​ថា បាន​បម្រើ​ការងារ​ជា​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​ស្ថានទូត អា​មេ​រិ​ក​អស់​ពេល​១៨​ឆ្នាំ ពួក​គាត់​មិន​អាច​ទទួលយក​បាន​ទេ ចំពោះ​អ្វី​ដែល​ស្ថានទូត​អា​មេ​រិ​ក បាន​បញ្ឈប់​ការងារ​របស់​ពួក​គាត់​ដោយ​ចោទប្រកាន់​ពួក​គាត់​ថា «​លួច​មើល​និង​ចែកចាយ​រូបភាព​អាសអាភាស » ​។

លោក សុ​ភ័​ណ បាន​បញ្ជាក់​ថា «​ស្ថានទូត​បាន​ដកហូត​យក​ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន​របស់​យើងខ្ញុំ​ ទៅ​ឆែក​មើល ហើយ​បាន​ឆែក​មើល facebook និង Messenger ផ្ទាល់ខ្លួន​របស់​យើងខ្ញុំ​ថែម​ទៀត ​។ បន្ទាប់​មក​ស្រាប់តែ​ស្ថានទូត​បញ្ឈប់​ការងារ​របស់​យើងខ្ញុំ ដោយ​ចោទ​យើងខ្ញុំ​ថា បាន​លួច​មើល​និង​ចែកចាយ​រូបភាព​អាសអាភាស​ទាក់ទង​នឹង​កូន​ក្មេង អាយុក្រោម១០ឆ្នាំទៅ​វិញ ដែល​ប្រការ​នេះ​យើងខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ​» ​។

បុគ្គលិក​សន្តិសុខ​ម្នាក់​ទៀត គឺ លោក ជួន អ៊ី​ម បាន​ចាត់​ទុក​ការ​បញ្ឈប់​ការងារ​ពួក​គាត់​ថា កំពុង​រំលោភ​បំពាន​សិទ្ធិ​របស់​បុគ្គល ​។ លោក បាន​ថ្លែង​ទៀត​ថា ស្ថានទូត​មាន​សិទ្ធិ​កាត់​រំសាយ​ការងារ​បុគ្គលិក​មួយ​ចំនួន​ក្នុង​ផ្នែក​មិន​ចាំបាច់​ដោយ​ទូទាត់​សំណង​សមរម្យ​តាម​ច្បាប់​ការងារ​មិនមែន​បញ្ឈប់​ដោយ​បង្ខំ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ​។

លោក អ៊ី​ម បាន​ថ្លែង​ថា​ «​ពាក្យ​ចោទប្រកាន់​ទាំង​អយុត្តិធម៌ របស់​ស្ថានទូត​អា​មេ​រិ​កមក លើ​យើងខ្ញុំ​នា​ពេល​នេះ គឺ​កំពុង​តែ​សម្លាប់​ការងារ ជិ​វិត និងក្រុម​គ្រួសារ​របស់​យើងខ្ញុំ ព្រោះ​យើងខ្ញុំ​នឹង​មិន​អាច​ទៅ​រក​ការងារ​ល្អ​ៗ​ឯណា​ទៀត​បាន​ធ្វើ​សម្រាប់​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នោះ​ទេ​» ​។

សូម​ជម្រាប​ថា ការ​តវ៉ា​របស់​អតីត​បុគ្គលិក​របស់​ស្ថានទូត​អា​មេ​រិ​ក ត្រូវ​បាន​បញ្ចប់​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​ ។ ពួក​គាត់​បាន​ដាក់​ញត្តិ​ជូន​ស្ថានទូត​អា​មេ​រិ​ក​រួចរាល់​ហើយ ដោយ​ទាមទារ​៧​ចំណុច​ ៖

១ ៖ ទាមទារ​រក​យុត្តិធម៌ ពី​ការ​បញ្ឈប់​ពួក​គាត់​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុ​តាង​។
២ ៖ ទាមទារ​កែ​ពាក្យ​ពី​ការ​បណ្តេញចេញ មក​ជា​ការ​កាត់​បន្ថយ​បុគ្គលិក​វិញ​។
៣ ៖ ទាមទារ​សំណង​០៦​ខែ ទៅ​តាម​ច្បាប់​កាត់​បន្ថយ​បុគ្គលិក​។
៤ ៖ សូម​ប្តឹង​ពី​បទ​រំលោភសិទ្ធិ​បុគ្គលិក ដោយ​ដកហូត​យក​ទូរ​សព្ទ័ ទៅ​ឆែក​មើល​គ្រប់​រូបភាព និង​ឯកសារ​ផ្សេង​ៗ ព្រមទាំង​រឹបអូស​យក​ទូរ​សព្ទ័​ពួក​គាត់ មួយ​ចំនួន​ទៅ​រក្សា​ទុក​មួយ​រយៈពេល ។
៥ ៖ សូម​ឲ្យ​ទូទាត់​លុយ​មូលនិធិ​ឧ​ប​ត្ភ​ម (​ប្រាក់​១២​ភាព​រយ​) ក្នុង​ខែ​នេះ ព្រមទាំង​០៣​ខែ​កន្លង​មក ដែល​មិន​ទាន់​ទូទាត់​ឲ្យ​ពួក​គាត់​។
៦ ៖ សូម​ទារ​សំណង​ជំងឺ​ចិត្ត​ទៅ​លើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិ​តិ្ត​យស ដោយ​ចោត​ប្រកាន់​គ្មាន​ភស្តុ​តាង​។
និង៧ ៖ សូម​ឲ្យ​សហ​គម​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ ចូលរួម​ដោះស្រាយ​ពី​បញ្ហា ការ​បញ្ឈប់​បុគ្គលិក​ខ្មែរ ដែល​មាន​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ ៕

Comments

comments