លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​លោក អ៊ូច ភា ថា​មិន​ចេះ​ធ្វើការ មិន​ចេះ​ឆ្លើយ​ចំពោះ​មុខ​លោក ។

ការ​រិះគន់​លោក​ចៅហ្វាយ​ខេត្តតាកែវ ដែល​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​កំពុង​ជាប់​ឃុំ​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋសភា​ជាតិ លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​នោះ គឺ​នៅ​ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មក​កម្មការិនី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​នៅ​ក្នុងភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ។

នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី លោក ហ៊ុន សែន បាន​រិះគន់​លោក អ៊ូច ភា ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​««​មិន​ចេះ​ធ្វើការ មិន​ចេះ​ឆ្លើយ​នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពួក​នេះ ឆ្លើយ​របៀប​តែ ស៊ូ ភា​រិ​ន្ទ ឬ ស្រី បេន ព្រោះ​ពួក​នេះ​មាន​គ្រូ​តែ​មួយ​» ​។

សូម​បញ្ជាក់​ថា លោក ស៊ូ ភិ​រិ​ន្ទ បច្ចុប្បន្ន​មាន​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក ស្រី បេន គឺជា​អតីត​អភិបាល​ខេត្តតាកែវ ហើយ​លោក ស៊ូ ភិ​រិ​ន្ទ ដែល​គេ​ស្គាល់​ថា​ត្រូវជា​ឪពុកក្មេក​លោក ឡាយ វណ្ណៈ​នោះ ក៍​ធ្លាប់​កាន់​មុខ​តំណែង​ជា​ចៅហ្វាយ​ខេត្តសៀមរាប​ផង​ដែរ ។

ការ​ស្តីបន្ទោស​លោក​ចៅហ្វាយ​ខេត្តតាកែវ​ពី​សំណាក់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បានឃើញ​នាយក​សាលា​មួយ​រូប​បាន​ខម​មិន​( Comment) ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក (Page Facebook)​របស់​លោក ដោយ​ស្នើ​សុំ​សាងសង់​ជួសជុល​ជញ្ជាំង​សាលា ។

លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​បាន​លើក​ឡើង​ក្នុង​ន័យ​ណែនាំ​និង​បញ្ជា​ដោយ​បញ្ជាក់​ថា​«​កុំ​មើល​ហើយ​បាន​តែ​មើល មើល​ហើយ​ត្រូវ​ពិនិត្យ​មើល ដោះស្រាយ​របៀប​យ៉ាង​មិច​..​? គ្រាន់តែ​ជញ្ជាំង​សាលា​សោះ ទុក​ឲ្យ​នាយក​សាលា ខម​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក សុំ​នាយក​រដ្ឋមន្ដ្រី​។​»​។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី «​ជញ្ជាំង​សាលា​តម្លៃ​ត្រឹមតែ​ប៉ុន្មាន​ពាន់​ដុល្លារ​សោះ តំណាងរាស្ត្រ និង​មន្ត្រី ច្រើន​រក​ថវិកា​មក​ធ្វើ​ជញ្ជាំង​ប៉ុណ្ណឹង​មិន​បាន ដូច​ជា​យ៉ាប់​ពេក​ហើយ ចៅហ្វាយខេត្ត អាង​អី​ឡើង​ថា ធ្វើបុណ្យ​ផ្កា​ជួយ​បាន​ម្ដង​ហើយ ព្រោះតែ​វា​មិន​គ្រប់​ហ្នឹងហើយ បាន​គេ​សុំ​ទៀត ណែ៎​! ចៅហ្វាយខេត្ត​កុំ​ដោះស្រាយ អា​របៀប ហ្នឹង​ថ្ងៃក្រោយ​ប្រយ័ត្ន​ត្រូវមាត់ ។ អាហ្នឹង​ឆ្លើយ​តាម​របៀប ស៊ូ ភិ​រិ​ន្ទ ព្រោះ​ក្បួន​គ្រូ​វា​តែ​មួយ ហើយ​ឆ្លើយ​ដូច ស្រី បេន ព្រោះ​គ្រូ​តែ​មួយ​»​។

លោក ហ៊ុន សែន បន្ថែម​ថា «​បើ​បានជា​ជួយ​ម្ដង​ហើយ ជួយ​ឲ្យ​ចប់​ចុង​ចប់​ដើម​ទៅ គេ​ឈប់​សុំ​ទៀត​ហើយ ។ លោក​ថា ថ្ងៃក្រោយ​ត្រូវ​ឆ្លើយ​ថា ចាំ​ខ្ញុំ​ទៅ​ពិនិត្យ​មើល ឆ្លើយ​ចឹ​ង​បាន​វា​មិន​ត្រូវមាត់​»​។

ទាំង​លោក អ៊ូច ភា និង​លោក ស៊ូ ភិ​រិ​ន្ទ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ ៕

Comments

comments