ភ្នំពេញ​ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ចោរឆក់​ខ្សែ​ក​ម្នាក់​ដែល នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ចាប់ខ្លួន បញ្ជូន​ទៅ សាលាដំបូង​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​នោះ ត្រូវ​បាន លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ស៊ើបសួរ សម្រេច ដោះ​លែង ឲ្យ​មាន​សេរីភាព វិញ​ហើយ ខណៈ​ដែល​បទល្មើស ឆក់​ប្លន់​កើនឡើង នៅ​រាជធានី​ភ្នំពេញ ក្នុង​រដូវ​កាល World Cup​ ។

សមត្ថកិច្ច ឲ្យ​ដឹង​ថា ការ​សម្រេច​ដោះ​លែង ជន​ត្រូវ​ចោទ ឈ្មោះ គុន គី​ម​ជី ភេទ​ប្រុស​នេះ ត្រូវ​បាន​លោក​ចៅក្រម អ៊ឹម វណ្ណៈ ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​ ។

ប្រភព​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ម្សិលមិញ សមត្ថកិច្ច ខណ្ឌចំការមន បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ គុន គី​ម​ជី ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង​ចាំ បន្ត​នីតិវិធី នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ទៀត ប៉ុន្តែ​លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច ដឹក​ជនសង្ស័យ មក​តុលាការ​វិញ​ទាំង​យប់ ដើម្បី​ដោះ​លែង​ ។

ពាក់ព័ន្ធ​ករណី​នេះ លោក​ព្រះរាជអាជ្ញា​រង គង់ សំសា​រ៉េ​ត ជា​តំណាង​អយ្យ​កាន់​សំណុំរឿង បាន​បញ្ជាក់​តាម ទូរស័ព្ទ​ថា លោក បាន​បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ គុន គី​ម​ជី ភេទ​ប្រុស ពី​បទ លួច (​ឆក់​ខ្សែ​ក​) ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៣៣ ផ្លូវ​៤៨៤ កែង​នឹង​ផ្លូវ​១០១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ យោង​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​ ។

លោក គង់ សំសា​រ៉េ​ត ថា​លោក​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម ឃុំខ្លួន​ជន​ត្រូវ​ចោទ ជា​បណ្តោះអាសន្ន ប៉ុន្តែ លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ ដោយ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ទៅ​វិញ លោក​ក៏​មិនដឹង​ដែរ ព្រោះ​នេះ​ជា ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ស៊ើបសួរ​ ។

ចំពោះ ករណី​ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​ចោរឆក់​ខ្សែ ខាងលើ​នេះ យើង​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​នៅឡើយ​ទេ នៅ​ថ្ងៃនេះ​ ។

ចំណែក​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ករណី​មួយ​នេះ មាន​អន្តរាគមន៍ ពី​មន្ត្រី​មាន​អំណាច ព្រោះតែ ជន​ត្រូវ​ចោទ ជា​ចោរឆក់​ខ្សែ​ក​នោះ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ស្ថាប័នរដ្ឋ​ ៕

Comments

comments