រាជធានី​ភ្នំពេញ ៖ នគ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០១៨​នេះ បាន​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ ប្រុស​ស្រី​៥​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​រក​ណី​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​យក​កូន​ទៅ​លក់​ឲ្យ​ជនបរទេស ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ មិថុនា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាក់​មេជី​វិត​ចិន ឱ្យ​ស្ត្រី​ខ្មែរ​ពពោះ ដោយ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន រួម​និង​ស្ត្រី​ខ្មែរ​កំពុង​មាន​ផ្ទៃពោះ​សរុប​ចំនួន​៤០​នាក់ នៅ​ចំណុច​ផ្ទះ​វីឡា​មួយ​កន្លែង លេខ​២​អា និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស​នេះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ជន​រង​គ្រោះ​ចំនួន​៣៣​នាក់​។ ដោយឡែក​មេខ្យល់ ប្រុស​ស្រី​ចំនួន​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ក្រុម​ស្ត្រី​រង​គ្រោះ បាន​បញ្ជាក់​ប្រាប់ កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៨ ថា រាល់ថ្ងៃ​ពួក​នាង​ធ្វើការ​នៅ​រោងចក្រ បន្ទាប់​មក​ក៏​មាន​មិត្តភក្តិ​បបួល​ដោយ​និយាយ​ថា ធ្វើ​ការងារ (​ពពោះ​ជំនួស​) ទទួល​បាន​លុយ​ច្រើន រហូត​ដល់​១​ម៉ឺន​ដុល្លារ​ឯណោះ លុះ​គិត​យូរ​ៗ​ទៅ ក៏​យល់ព្រម និង​ត្រូវ​មិត្តភក្តិ នាំ​ឡើង​ជិះ​ម៉ូតូឌុប យក​ទៅ​បុរី​វិមាន​ភ្នំពេញ​តែ​ម្តង​។

ក្រុម​ស្ត្រី​រង​គ្រោះ​បន្ត​ថា ពេល​ពួក​នាង​បាន​សម្រេចចិត្ត​ធ្វើ​ការងារ​ស៊ីឈ្នួល​ពពោះ​នេះ ពេល​នោះ​គេ​ក៏​បាន​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​បាញ់ មេជី​វិត​ចូល​ដោយ​បាន​ឈ្នួល​ក្នុង​តម្លៃ​ពពោះ​កូន​ម្នាក់​បាន​ចំនួន​១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​ខែ​ដំបូង ឱ្យ​ចំនួន​៥០០​ដុល្លារ ។ ខែ​បន្ទាប់​៣០០​ដុល្លារ រហូត​ដល់​កើត ទើប​ទទួល​បាន​ប្រាក់​ចំនួន​៦​ពាន់​ដុល្លារ​បន្ថែម​ទៀត ។ ស្រាប់តែ​មិន​ទាន់​បាន​អី​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​ម្តង ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​សម្រេច​លទ្ធផល ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៤០​នាក់ ក្នុង​នោះ រួម​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ LlU QlANG អាយុ​៤៩​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​៣៧​នាក់ រួម​និង​មេកា​ចំនួន​២​នាក់​ផង​ដែរ ព្រមទាំង​ដក ហូត​រថយន្ត បាន​ចំនួន​២​គ្រឿង​ទៀត​ផង រួម​មាន រថយន្ត​ម៉ាក Lexus-470 មួយ​គ្រឿង និង​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង រួម​និង​ម៉ូតូ​១​គ្រឿង​ផង​ដែរ​។

ក្រោយ​ប្រតិបត្តិការ ស្ត្រី​ពពោះ​ជំនួស​ចំនួន​៣៣​នាក់ ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ រីឯ​អ្នក​មិន​ពាក់ព័ន្ធ បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃនេះ​៕

Comments

comments