ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​តែ​ម្នាក់ឯង ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង ស្រាប់តែ​ជួប​គ្រោះ​អកុសល ត្រូវ​រន្ទះ​បាញ់ប្រហារ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​អន្លង់​តា​អី ភូមិ​បន្ទាយ ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង​ ។

ស្ត្រី​រង​គ្រោះ ដែល​ជិះ​ម៉ូតូ​កាត់​ភ្លៀង ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់ មានឈ្មោះ​រ៉េ​ត សំអាត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ មាន​ភ្លៀង​មួយ​មេ​ធំ បាន​បង្អុរ​ធ្លាក់​ចុះ​មក លាយឡំ​ដោយ​ផ្លេកបន្ទោរ និង​ផ្គរ​រន្ទះ​ទៀត​ផង​។ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ បាន​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​កាត់​ភ្លៀង​តែ​ម្នាក់ឯង លុះ​មក​ដល់ទី​តាំង​កើតហេតុ ក៏​កើត​មាន​បាតុភូត​ធម្មជាតិ រន្ទះបាញ់​ចំ​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​ស្ត្រី​រង​គ្រោះ​ដែរ តែ​អកុសល​ស្ត្រី​រង​គ្រោះ បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​ ៕

Comments

comments