ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​សុរិយោដី​ជើង​ខ្លាំង​ម្នាក់ ក្រោយ​ពី​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ រួច​ព្យាយាម​បើក​រត់ លុះ​ជន​រង​គ្រោះ​ប្តឹង​ប៉ូលិស​ចុះ​ជួយ​អន្តរាគមន៍ ស្ទាក់​ឃាត់ ស្រាប់តែ​ដក​កាំភ្លើង ភ្ជង់​គំរាមបាញ់​មន្ត្រី​នគរបាល ទីបំផុត ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ នាំ​យក​ទៅ​សួរនាំ ​។

ករណី​មន្ត្រី​សុរិយា​ដី​ទំនើង បើករថយន្ត​បុក​គូទ​រថយន្ត​គេ​ហើយ នៅ​ថ្លើមធំ ដក​កាំភ្លើង​គំរាម​សមត្ថកិច្ច​ទៀត​នោះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣ ចំណុច​ក្បែរ​ផ្សារ​ទួល​ទំពូង ស្ថិត​ក្នុង សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​ ។

ជន​បង្កហេតុ​ខាងលើ មានឈ្មោះថា ម៉ៅ ច័ន្ទរស្មី ជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន បុរស​រូប​នេះ គឺជា​មន្ត្រី​សុរិយោដី បើករថយន្ត​ទំនើប​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9766​ ។ ចំណែក​ភាគី​ម្ចាស់​រថយន្ត​រង​គ្រោះ​មានឈ្មោះ ហ៊ុន សំ​សែន ឧត្តម អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​នៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ជា​ម្ចាស់​រថយន្ត​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-1914​ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ហា​យ​ឡែ​ន​ឌ័​រ​ខាងលើ បើកបរ​ដោយ​បុរស​ស្រវឹង​ម្នាក់ បាន​ជ្រុល​មក​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង ដែល​កំពុង​ចត​ចោល​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​លេខ​៤៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ។ ភ្លាម​នោះ បុរស​ជា​អ្នក​បើករថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​ម្ចាស់​រថយន្ត​ព្រូស​ប្រទះ​ឃើញ​ទាន់ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ស្ទាក់​ឃាត់​សួរនាំ ស្រាប់តែ​ជន​បង្កហេតុ ក៏​បាន​ទាញ​កាំភ្លើងខ្លី​ម៉ាក​ប៉េ​រ៉ឺ​តា​១​ដើម មក​គំរាម​សមត្ថកិច្ច បើ​ហ៊ាន​ចាប់ខ្លួន​នឹង​បាញ់​ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ឃើញ​ជនសង្ស័យ មាន​អាវុធ​នឹង​ដៃ​ទាំង​ខ្លួន​ស្រវឹង កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ដកថយ និង​រាយការណ៍​មក​កម្លាំង​ជំនាញ ដើម្បី​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​ ។ ស្រាប់តែ​ខណៈ​ដែល​សម​ត្ថិ​ច្ច​ជំនាញ​មិន​ទាន់​មក​ដល់​ជន​បង្ក​ដែល​អាង ថា​ខ្លួន​មាន​អាវុធ​ក្នុង​ដៃ​នោះ បាន​បើករថយន្ត​គេចខ្លួន រហូត​ដល់​ចំណុច​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​ទី​១ ក្បែរ​ផ្សារ​ទួល​ទំពូង ទើប​កម្លាំង​សមត្ថកិច្ច ខណ្ឌចំការមន បាន​ដេញ​តាម និង​យក​រថយន្ត​ស្ទាក់​ពីមុខ ព្រមទាំង​ធ្វើការ​ឡោម​ព័ទ្ធ ទើប​ជនសង្ស័យ​ព្រម​ចុះ​ពីលើ​រថយន្ត ហើយ​ក៏​ត្រូវ​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង និង​ធ្វើការ​ដកហូត​អាវុធ​ខ្លី​ម៉ាក​ប៉េ​រ៉ឺ​តា ដែល​បាន​បញ្ចូល​គ្រាប់​ក្នុង​កាណុង​ស្រាប់ ជា​របស់​ជន​បង្ក ដែល​ធ្វើការ​គំរាម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​វាស់វែង​ ៕

Comments

comments