មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម នៅ​ក្រៅប្រទេស​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួម​គ្នា​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ថ្ងៃ​បោះ​ឆ្នោត​ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ថា ការ​ធ្វើការ​ទាមទារ​ទ្រង់ទ្រាយ​ធំ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ចំ​ថ្ងៃ​បោះ​ឆ្នោត គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ដើម្បី​លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ក្នុងស្រុក​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ធ្វើ​យុទ្ធនាការ “​ដេក ផ្ទះ​ឈ្នះ​ឯង ឬ​ម្រាមដៃ​ស្អាត​”​។

អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះបី​ប្រទេស​ខ្លះ​មាន​ពេលវេលា​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា ក៏​ពលរដ្ឋ​ខ្មែរ​ធ្វើការ​ទាមទារ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ឃើញ​ឆន្ទៈ​មោះមុត​របស់​ពួក​គេ​។

ការ​ប្រកាស​នេះ​របស់​លោក អេ​ង ឆៃ​អ៊ា​ង ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​យប់​ទី​២៥ មិថុនា​។

លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ក៏​បាន​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​ទូរស័ព្ទ ប្រាប់​ទៅ​សាច់ញាតិ​របស់​ពួក​គេ​នៅ​ក្នុងស្រុក​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​។ «»

របប​លោក ហ៊ុន សែន កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ​។ នៅ​ពេល​នេះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នាំ​គ្នា​តវ៉ា តាម​ប្រទេស​របស់​ពួក​គេ​រស់នៅ​រៀង​ៗ​ខ្លួន​ប្រឆាំង​ការ​បោះ​ឆ្នោត​នេះ ដែល​ពួក​គេ​ចាត់​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​និង​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នោះ​។

ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ទាមទារ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន អះអាង​ថា របប​ក្រុងភ្នំពេញ​និង​រដ្ឋាភិបាល​មិន​ធ្វើ​តាម​អ្នក​ទាមទារ​នោះ​ទេ​។ លោក សុខ ឥ​សាន ថែម​ទាំង​ប្រដូច​អ្នក​ទាមទារ​ទាំងនោះ​ជា​សត្វ​រុយ​ដែល​តែងតែ​រំខាន​និង​ដើរ​ឆ្កឹះឆ្កៀល​បង្ក​បញ្ហា​។ អ្នកនាំពាក្យ​ដដែល​នេះ​លោក​យល់​ថា ការ​ទាមទារ​នោះ​គឺ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​។ «»

សមាជិក​អ្នកវិភាគ​វ័យក្មេង លោក បុ​ង ដែ​ត យល់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គឺជា​រឿង​ត្រឹមត្រូវ​។ លោក​យល់​ថា បើ​ពលរដ្ឋ​នៅ​តែ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​គឺ​មាន​ន័យ​ថា ពួក​គេ​នាំ​គ្នា​ជួយ​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​ឆន្ទៈ​ខ្មែរ​អស់​ជាង​៣​លាន​នាក់​កន្លង​មក តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ «»

ខណៈ​សន្ទុះ​គណបក្សប្រឆាំង និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​កំពុង​ប្រកាស មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត និង​ស្នើ​ទៅ​ជប៉ុន​ឲ្យ​ដកខ្លួន​ពី​ការ​គាំទ្រ​ការ​បោះ​ឆ្នោត​នេះ ថ្នាក់ដឹកនាំ​គ្រាក់​ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​សម្រុក​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។ ការ​បោះ​ឆ្នោត​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នេះ​ត្រូវ​សហគមន៍​អន្តរជាតិ​ពី​ប្រទេស​លោក​សេរី​ព្រមាន​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​៕

Comments

comments