ប្រទេស​ថៃ ៖ នៅ​ពេល​ដែល​ប្រតិបត្តិការ​រុករក និង​ជួយ​សង្គ្រោះ ក្នុង​រ៉ូង​ភ្នំ នៅ​ខេត្ត​ឈៀង​រ៉ៃ ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ បាន​ចូល​ដល់​ថ្ងៃ​ទី​៥ គិត​មក​ដល់​ថ្ងៃ​ពុធ​ទី​២៧ មិថុនា នេះ កងទ័ព​ថៃ បាន​ប្រើ​យន្ដហោះ​ដឹក​ជញ្ជូន​មួយ​គ្រឿង​ទៀត ដឹក​ឧបករណ៍​បន្ថែម ដើម្បី​ជួយ​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ ។

ម៉ាស៊ីនបូមទឹក​ដែល​មាន​ស្រាប់​នៅ​កន្លែង​កើតហេតុ ល្អាង​ភ្នំ​ហ្លួង មិន​អាច​ទប់ទល់​នឹង​ទឹកជំនន់​ដែល​បន្ត​ហូរ​ចូល​ទៅ​ក្នុង​រ៉ូង​ភ្នំ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​កងទ័ពជើងទឹក ពិបាក​ចូល​ទៅ​ដល់​កន្លែង​គោលដៅ​ដែល​ពួក​គេ​ជឿ​ថា ក្រុម​កីឡាករ​បាល់ទាត់​វ័យក្មេង​១៣​នាក់ ព្រមទាំង​គ្រូបង្វឹក​ផង​នោះ អាច​យក​កន្លែង​ណាមួយ​ក្នុង​ល្អាង​ភ្នំ​ជ្រកកោន ។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បាន​រាយការណ៍​អំពី​ស្ថានភាព​ថ្មី​បំផុត​នៅ​រ៉ូង​ភ្នំ ថា ប្រតិបត្តិការ​នេះ ជួប​ប្រទះ​នឹង​ភាព​លំបាក​ដោយសារ​ភ្លៀង ដែល​បណ្តាល​ឱ្យ​កម្ពស់​ទឹក​នៅ​ក្នុង​រ៉ូង​ភ្នំ​កើនឡើង ដែល​រំខាន​ដល់​អ្នក​ជួយ​សង្គ្រោះ ដើម្បី​ទៅ​ដល់​កន្លែង ដែល​ជា​កន្លែង​ដែល​ក្រុមកីឡា​បាល់ទាត់​វ័យក្មេង​ទាំងនោះ​បាត់​ខ្លួន ។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ឧទ្ធម្ភាគចក្រ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ ដើម្បី​ទម្លាក់​អ្នក​សង្គ្រោះ​ចូល​ទៅ​ក្នុង​រន្ធ​ភ្នំ ដើម្បី​ទៅ​ដល់​កន្លែង​ក្រុម​អ្នក​បាត់​ខ្លួន​នោះ ក៏​មិន​អាច​ទៅ​រួច​ដែរ ដោយសារ​តែ​ភ្លៀង និង​អ័ព្ទ​ខ្លាំង ។ ការ​ចូល​ទៅ មាន​តែ​ផ្លូវ​មួយ​គត់ គឺ​ពី​មាត់​ល្អាង​ភ្នំ ដោយ​ថ្មើរជើង ។

កាលពី​ម្សិលមិញ​នេះ ក្រុម​ពន្លត់​អគ្គី​ស​នី បាន​បញ្ចប់​កា​រត​ភ្ជាប់​ខ្សែកាប​អគ្គិសនី និង​បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ចំនួន​៨​គ្រឿង នៅ​មាត់​រ៉ូង​ភ្នំ តាំងពី​ម៉ោង​៣​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ ។

ប៉ុន្តែ​សមត្ថភាព​នៃ​ម៉ាស៊ីនទឹក​មិន​អាច​ទប់ទល់​នឹង​លំហូរ​ទឹកជំនន់​ភ្លៀង ហូរ​ចូល​ក្នុង​រ៉ូង​ភ្នំ​បាន​នៅឡើយ​ទេ ជំរុញ​ឱ្យ​មាន​ម៉ាស៊ីន​បូម​បន្ថែម​ទៀត​ជា​បន្ទាន់ សម្រាប់​ការ​បូមទឹក​ជំនន់​នៅ​ក្នុង​ល្អាង​ភ្នំ ។

នៅ​ព្រឹក​ថ្ងៃនេះ ក្រុម​ជួយ​សង្គ្រោះ គ្រោង​នឹង​ប្រើ​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក បំពាក់​ដោយ​កាមេរ៉ា វាស់​ស្ទង់​កំ​ដៅ ហោះហើរ​លើ​តំបន់​ភ្នំ ដើម្បី​វាស់​រក​មើល​កំ​ដៅ​ពី​មនុស្ស ឫ​សាកសព ដែល​ជាប់​នៅ​ក្នុង​រ៉ូង​ភ្នំ ។

ទោះ​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​មាន​ភ្លៀង​ម្ដងទៀត ក្រុមការងារ​ជួយ​សង្គ្រោះ​មួយ​ក្រុម​ទៀត នឹង​ចាប់ផ្តើម​ឡើង​លើ​កំពូលភ្នំ ដែល​ពួក​គេ​អាច​រក​ឃើញ​ថា និង​អាច​ចូល​ទៅ​កន្លែង​ដែល​ក្រុមកីឡា​ទាំង​១៣​នាក់​នោះ ។

កាលពី​ម្សិលមិញ ក្រុម​ជួយ​សង្គ្រោះ មានការ​លំបាក​ខ្លាំង​នៅ​ពេល​មាន​ភ្លៀង ធ្វើ​អោយ​ផ្លូវ​ចូល មាន​កម្ពស់​ទឹក​ខ្ពស់ មាន​ន័យ​ថា តំបន់​ស្វែងរក ដែល​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​បាន​កាន់តែ​តូច ហើយ​ពិបាក​ចូល​បាន​ទៀត គឺ​ត្រូវ​ប្រើ​អុក​ស៊ី​សែន​មុជទឹក​ចូល​ទៅ ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ ដែល​បាន​ថត​ដោយ​អ្នក​ជួយ​សង្គ្រោះ បាន​បង្ហាញ​ថា ក្រុម​នេះ​ត្រូវ​បាន បង្ខំចិត្ត​ឱ្យ​ដើរ​ចូល​ទៅ​តាម​រយៈ​ផ្ទាំង​ថ្ម ដែល​មាន​ចន្លោះ​តូច​ៗ ហើយ​ថែម​ទាំង​ងងឹតស្លុប​នៅ​ខាងក្នុង​រ៉ូង ចាំបាច់​ត្រូវ​តែ​ប្រើ អំ​ពូ​ល​ស្វែងរក និង​ពិល ដែល​មាន​អាំង​តង់​ស៊ី​តេ​ខ្ពស់​ទើប​បំភ្លឺ​បាន ។

ក្នុង​ល្អាង​ភ្នំ​ហ្លួង ផ្នែក​មួយ​ចំនួន​មាន​ដី​ភក់ ខណៈ​ដែល​ផ្នែក​មួយ​ចំនួន​ផ្សេង​ទៀត​មាន​ដីខ្សាច់ ហើយ​ក្រុម​ជួយ​សង្គ្រោះ ត្រូវ​តែ​ឆ្លាស់គ្នា​រាវរក​តាម​ស្នាម​ប្រេះ ។ ច្បាស់​ណាស់​ថា អ្នក​ជួយ​សង្គ្រោះ ត្រូវ​ប្រឈម​នឹង​កិច្ចការ​ដ៏​លំបាក​បំផុត ។

មេដឹកនាំ​ក្រុម​ជួយ​សង្គ្រោះ​ស្ម័គ្រចិត្ត បាន​រាយការណ៍​ថា មាន​ក្រុម​ជា​ច្រើន ត្រូវ​បាន​ចាត់តាំង ឱ្យធ្វើ​ការ​ស្ទង់​មើល​ផ្នែក​នៃ​រ៉ូង​ភ្នំ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​បូមទឹក​បង្ហូរ​ចេញពី​ក្នុង​រ៉ូង ។

ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា វា​មិន​ទាន់​សម្រេច​នៅឡើយ​ទេ ដោយសារ​តែ​ខ្សែ​អគ្គិសនី ដើម្បី​ផ្តល់​ថាមពល​ដល់​ម៉ាស៊ីនបូមទឹក កំពុង​អូស​មក​ទាំង​លំបាក ដោយសារ​ផ្លូវ​ឆ្ងាយ មាន​ភក់​និង​ដីខ្សាច់​តាម​ផ្លួ​វ ដែល​ក្រុម​ជួយ​សង្គ្រោះ​ដំណើរការ​អូស​ខ្សែ ២​គីឡូម៉ែត្រ​បន្ថែម​ទៀត លើ​ចម្ងាយ ១​គីឡូម៉ែត្រ ដែល​បាន​អូស​រួច​ពី​មុន ។

តម្រូវការ​បន្ទាន់ គឺ​ត្រូវ​បញ្ចុះ​កម្រិត​ទឹក​ឱ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​បាន ។ អ្នក​ស្ម័គ្រចិត្ត​ផ្សេង​ទៀត ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច ដឹក​ធុង​អុក​ស៊ី​សែន ចូល​ទៅ​ក្នុង​រ៉ូង​ភ្នំ សម្រាប់​អ្នក​ជួយ​សង្គ្រោះ ។

លោក Anant Surawan មេបញ្ជាការ​កងទ័ពជើងទឹក កាលពី​យប់​ម៉ិ​ញ បាន​រំឭក​ពី​ការ​លំបាក​របស់​ក្រុម SEAL​របស់​លោក ដែល​បាន​ប្រឈម​មុខ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ថា នៅ​តាម​ផ្នែក​ជា​ច្រើន​នៃ​ល្អាង ទឹកបាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ដែល​ជា​ឧបសគ្គ​ចម្បង​មួយទៀត សម្រាប់​ក្រុម SEAL ដែល​បាន​ចូល​ក្នុង​រ៉ូង​ភ្នំ ចាប់តាំងពី​ព្រឹក​ដោយ​ប្រើ​អស់​រយៈពេល​ជាង​១០​ម៉ោង ទើប​ពួក​គេ​បាន​ចូល​ទៅ​ដល់​ផ្នែក​កណ្តាល​ដោយ​ជោគជ័យ ហើយ​បាន​ស្វែងរក​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ ។

របាយការណ៍​ចុង​ក្រោយ​បំផុត បាន​បង្ហាញ​ថា កម្ពស់​ទឹកភ្លៀង​ជន់ កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស ធ្វើ​អោយ ទឹក​ឡើង​រាលដាល​ទៅ​ផ្នែក​ជា​ច្រើន​នៃ​រ៉ូង​ភ្នំ បង្កើត​ឱ្យ​មានការ​ពិបាក​កាន់តែ​ខ្លាំង​សម្រាប់​អ្នក​ជួយ​សង្គ្រោះ ។

នេះ​ជា​ហេតុផល​ដែល​មាន​មនុស្ស​ជាង​២,០០០​នាក់ កំពុង​ចូលរួម​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ នៅ​ពេល​ដែល​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម ដើម្បី​ទប់ទល់​នឹង​ទឹកភ្លៀង​ហូរ​ចូល​យ៉ាង​ឆាប់រហ័ស ។ ទាហាន​រាប់រយ​នាក់ ត្រូវ​បាន​គេ​ហៅ​ចូលរួម ដើម្បី​ជួយ​អូស​ខ្សែ​អគ្គិសនី ដើម្បី​បូមទឹក និង​បំភ្លឺ​ផ្ទៃក្នុង​ល្អាង​ភ្នំ ៕

Comments

comments